ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ រួម​គ្នា​ពិនិត្យ​សមិទ្ធផល​ការងារ​គម្រោង ILO-Korea និង​ប្រមូល​ធាតុ​ចូល​កំណត់​ទិស​ដៅ​អនុវត្ត​គម្រោង​បន្ត​សម្រាប់ ឆ្នាំ ​២០២៧-២០៣០

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហួត ស៊ី​នាដ រដ្ឋលេខាធិការ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​សហ​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី «​ការ​ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង​រួម​គ្នា បទ​ពិសោធ​ទទួល​បាន និង​ការ​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ ២០២៧-២០៣០» ដែល​រៀបចំ​ឡើង​ដោយ​គម្រោង​ភាព​ជា​ដៃគូ ILO-Korea នា​ថ្ងៃ​ទី​២ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ កាំ​បូ​ឌី​យ៉ា​ណា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​បងប្អូន​កម្មករនិយោជិត​, និយោជក​, អង្គការ ILO និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ជា​ដៃគូ​អភិវឌ្ឍន៍​។
 

សិក្ខាសាលា​នេះ​មាន​គោលបំណង ពិនិត្យ​វឌ្ឍនភាព​រួម​គ្នា និង​សមិទ្ធផល​សំខាន់​ៗ​នៃ​គម្រោង​, កំណត់​បញ្ហា​ប្រឈម​ដែល​ជួប​ប្រទះ​ក្នុងអំឡុងពេល​អនុវត្ត​គម្រោង​ចាប់ពី​ឆ្នាំ ២០២៤-២០២៦, ចងក្រង​មេរៀន​ទទួល​បាន និង​ការ​អនុវត្ត​ល្អ​ៗ ព្រមទាំង​រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ​២០២៧-២០៣០ តាម​រយៈ​ការ​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ចំណុច​អាទិភាព ការ​អន្តរាគមន៍​ជា​យុទ្ធសាស្ត្រ និង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​កម្មវិធី​បន្ត​។
 

ថ្លែង​ក្នុង​ពិធី​បើក ឯកឧត្តម​រដ្ឋលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​ភាព​ជា​ដៃគូ ILO-Korea ដែល​បាន​រៀបចំ​សិក្ខាសាលា​ដ៏​សំខាន់​នេះ​ឡើង និង​បាន​កោតសរសើរ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា សហជីព សមាគម​និយោជក និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត ជា​ពិសេស​បងប្អូន​កម្មករនិយោជិត​ដែល​បំពេញការងារ​ក្នុង​វិស័យ​សំណង់ ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ក្នុង​រយៈពេល​កន្លង​មក​។
 

ឯកឧត្តម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ទី ៧ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដោយ​កំណត់​ការងារ និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ជា​អាទិភាព​សំខាន់​។ ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ ២០២៤-២០២៨ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ ក្នុង​ទិស​ដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ លើកកម្ពស់​លក្ខខណ្ឌ​ការងារ សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​ជំរុញ​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ស្រប​តា​មកា​រវិ​វត្ត​នៃ​ពិភព​ការងារ​។
 

ក្រសួង​ក៏​បាន​បន្ត​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ រួម​មាន ILO, ILO-BFC, ILO-Korea, KOSHA និង GIZ ក្នុង​ការ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និង​ផ្សព្វផ្សាយ​ចំណេះដឹង​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​ជំរុញ​ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ តាម​រយៈ​ការ​ចរចា សម្របសម្រួល និង​ផ្សះផ្សា ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង រក្សា​ទំនាក់ទំនង​ល្អ​រវាង​កម្មករនិយោជិត និង​និយោជក និង​ស្វែងរក​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​។ ទន្ទឹម​នេះ ក្រសួង​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​គតិ​យុ​ត្ត និង​វប្បធម៌​បង្ការ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ និង​បាន​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​បន្ត​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ការងារ​តាម​រយៈ​ការ​បណ្តុះបណ្តាល ការ​ផ្សព្វផ្សាយ ការ​ចុះ​អធិការកិច្ច និង​ការ​តាមដាន ដើម្បី​បង្ការ​គ្រោះថ្នាក់​ការងារ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្មករនិយោជិត ព្រមទាំង​បង្កើន​ផលិតភាព​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។
 

ឯកឧត្តម​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​សហការ ដោយ​ផ្អែក​លើ​មូលដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ក្នុង​ស្មារតី​ការពារ​ផលប្រយោជន៍​រួម សំដៅ​ធានា​បាន​នូវ​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព​និង​សុខភាព និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ព្រមទាំង​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព សម្រាប់​បញ្ហា​ប្រឈម ដើម្បី​ជា​ប្រយោជន៍​ជូន​ដល់​កម្មករនិយោជិត​។  ​ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាសាលា​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ចូលរួម​ផ្តល់​ជា​មតិយោបល់ កែ​លម្អ​ការ​អនុវត្ត​សកម្មភាព ដែល​អនុវត្ត​ក្រោម​គម្រោង​នា​ពេល​កន្លង​មក និង​លើក​ទ្បើ​ង​នូវ​បញ្ហា​ប្រឈម ក៏​ដូច​ជា​អនុសាសន៍​ផ្សេង​ៗ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​សកម្មភាព​បន្ត​សម្រាប់​ឆ្នាំ​២០២៧-២០៣០៕ អត្ថបទសហការ