រាជធានីភ្នំពេញ ៖ រថយន្តឡង់គ្រីស្ស័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-5310 ដែលបើកបរដោយបុរសជនជាតិចិនស្រវឹងធ្លាក់ភ្នែកម្នាក់ បានបុកក្បាលរបាំងចែកផ្លូវនៅចំណុចមហាវិថីព្រះមុនីវង្ស ទល់មុខភ្លើងស្តុបធនាគារបេកាសេ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៤ សីហា បណ្តាលឱ្យរបើកផ្ទាំងថ្មជាច្រើនកង់ និងខូចកង់រថយន្តមុខផ្នែកខាងឆ្វេង។
តាមសន្តិសុខឯកជនមួយរូបដែលឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ ឃើញរថយន្តម៉ាកឡង់គ្រីស្ស័រខាងលើ បើកបោះពួយក្នុងល្បឿនយ៉ាងលឿនលើកំណាត់មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចភ្លើងស្តុបមុខធនាគារបេកាសេ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រថយន្តក៏បុកក្បាលរបាំងថ្មចែកផ្លូវទាំងកំរោលលាន់សូរដូចរន្ទះ និងបែកផ្សែងហ៊ុយទ្រលោម ធ្វើឱ្យផ្អើលប្រជាពលរដ្ឋដែលកំពុងលង់លក់ក្នុងដំណេកមកចោមរោមមើលច្រើនកុះករ។ ក្រោយពីរថយន្តចងកំហឹងជាមួយរបាំងថ្មទៅមុខលែងរួចហើយ ឃើញបុរសជនជាតិចិនម្នាក់បើកទ្វាររថយន្តចេញមកខាងក្រៅទាំងដំណើរទ្រេតទ្រោត ក្នុងស្ថានភាពស្រវឹងដាប ហើយលើកទូរស័ព្ទនិយាយជាភាសាចិន ទំនងជាហៅគ្នីគ្នារកជំនួយ។ ប្រហែលកន្លះម៉ោងក្រោយមក ឃើញរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស្ស័រដែរ មកយកជនជាតិចិននោះចេញទៅបាត់ បន្សល់ទុកតែរថយន្តបង្កហេតុទៅកន្លែងកើតហេតុ។
ប្រជាពលរដ្ឋនាំគ្នាបាននិយាយថា អ្នកបើករថយន្តបុករបាំងថ្មចែកផ្លូវគេមិនបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយពីកើតហេតុ គេមិនឃើញមានវត្តមានមន្ត្រីនគរបាលប៉ុស្តិ៍មនោរម្យខណ្ឌ៧មករា ណាម្នាក់ មកដល់ចំណុចកើតហេតុសួរនាំអ្វីឡើយ៕
ចែករំលែកព័តមាននេះ