ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានរងរបួសធ្ងន់ និងរថយន្តកាមរី១គ្រឿង ខូចផ្នែកខាងមុខជាដំណំ ឯរថយន្តហ៊ីណូក្រឡាប់ផ្ងារជើងក្បែរផ្លូវជាតិលេខ៦ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារអ្នកបើកបររថយន្តកាមរីស្រវឹងស្រាបើករេចង្កូតពេញផ្លូវ ។
មន្ត្រីនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១២ សីហា លើផ្លូវជាតិលេខ៦ ខាងលិចស្ពានរំដួលប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ បើតាមសាក្សីនៅកន្លែងកើតហេតុប្រាប់សមត្ថកិច្ចថា រថយន្តកាមរី ស៊េរីឆ្នាំ៩៣ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2B 0165 បើកបរដោយឈ្មោះកាក់ លីន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ក្នុងទិសដៅពីកើតទៅលិចបើករេចង្កូតពេញផ្លូវ។ ស្របពេលនោះមានរថយន្តហ៊ីណូមួយគ្រឿង ពណ៌ពងមាន់ ពាក់ស្លាកលេខ ក.៦១៨១ ភព៣ ដឹកថ្ម បើកបរដោយឈ្មោះភឿន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បើកបរមកពីលិច លុះទៅដល់ចំណុចខាងលើ ក៏បានបុករុញរថយន្តកាមរីបណ្តាលឱ្យធ្លាក់ពីលើផ្លូវ ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តដឹកថ្មក្រឡាប់ផ្ងារជើង ហើយកាប៊ីនមុខសង្កត់លើក្បាលរថយន្តកាមរី កៀបជាប់អ្នកបើកបរទម្រាំគាស់យកចេញបានប្រើរយៈពេលអស់ជិត១ម៉ោង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា រថយន្តទាំង២គ្រឿងត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ឯចំពោះអ្នករងរបួសធ្ងន់ឈ្មោះកាក់ លីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ៕
ចែករំលែកព័តមាននេះ