ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Financial Times ៖ អា​មេ​រិ​ក​ស្នើ​ឱ្យ​បញ្ចេញ​ទ្រព្យសម្បត្តិ​រុ​ស្ស៊ី​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កក ដើម្បី​ស្តារ​កិច្ចចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន

5 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត Financial Times (FT) នៅ​ថ្ងៃ​ទី​១៥ តុលា បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ស្នើ​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​បញ្ចេញ​ទ្រព្យសម្បត្តិ​រុ​ស្ស៊ី​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កក ហើយ​ផ្ទេរ​វា​ទៅ​ឱ្យ​យន្តការ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ស្តារ​កិច្ចចរចា​សន្តិភាព​ឡើង​វិញ​។

តាម​មនុស្ស ៤ រូប ដែល​ដឹង​អំពី​រឿង​នេះ បាន​ប្រាប់​កាសែត Financial Times ថា គំនិត​នេះ ត្រូវ​បាន​លើក​ឡើង​អំឡុង​ពេល​នៃ​ការ​ពិភាក្សា​មួយ នៅ​ទីក្រុង​ម៉ៃ​អា​មី (Miami) កាលពី​ស​ប្តា​ហ៍​មុន រវាង​ក្រុម​អ្នក​ចរចា​សន្តិភាព​របស់​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​មន្ត្រី​មក​ពី​ប្រទេស​អ៊ុយ​ក្រែ​ន បារាំង អា​ល្លឺ​ម៉​ង់ ព្រី​ត​ថេ​ន សហភាព​អឺរ៉ុប (EU) និង​អង្គការ​ណា​តូ (NATO)​។

សហរដ្ឋអាមេរិក​បាន​ស្នើ​វិធីសាស្ត្រ​អាច​ធ្វើ​ទៅ​បានជា​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទ្រព្យសម្បត្តិ​រុ​ស្ស៊ី​ដែល​ត្រូវ​បាន​បង្កក រួម​ទាំង​ការ​ផ្ទេរ​វា​ចូល​ទៅ​ក្នុង​គម្រោង​ហិរញ្ញវត្ថុ​ពិសេស​ថ្មី​មួយ ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។ មន្ត្រី​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រុ​ស្ស៊ី​ដែល​ត្រូវ​បាន​បង្កក ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព «​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី​» ហើយ​យន្តការ​ដែល​ថា ត្រូវ​ចំណាយ​ប្រាក់​ទាំងនោះ​តាម​របៀប​ណា និង​នៅ​ទីណា គឺ​នៅ​តែ​ស្ថិត​ក្រោម​ការ​ពិភាក្សា​គ្នា​នៅឡើយ​។

ទោះ​យ៉ាងណា​ក៏​ដោយ គណៈប្រតិភូ​អឺរ៉ុប​បាន​ច្រានចោល​ផែនការ​នេះ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​បេសកជន​ពិសេស​របស់​អា​មេ​រិ​ក លោក Steve Witkoff និង​កូនប្រសារ​របស់​លោក ត្រាំ គឺ​លោក Jared Kushner​។ អឺរ៉ុប និង​អ៊ុយ​ក្រែ​ន​មានការ​ភ្ញាក់ផ្អើល និង​ចោទ​ជា​សំណួរ​អំពី​ចេតនា​ពិតប្រាកដ​របស់​សហរដ្ឋអាមេរិក និង​វិធីសាស្ត្រ​ខុស​គ្នា​យ៉ាង​ខ្លាំង​របស់​ខ្លួន នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​រុ​ស្ស៊ី​បញ្ចប់​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។

គួរ​រំលឹក​ដែរ​ថា បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​លោក​ខាងលិច​បាន​បង្កក​ទ្រព្យសម្បត្តិ​រដ្ឋ​រុ​ស្ស៊ី​ប្រមាណ ២៦០ ពាន់​លាន​អឺ​រ៉ូ ក្នុង​ឆ្នាំ​២០២២ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​ពេញទំហឹង​របស់​លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ភាគច្រើន​នៃ​ទ្រព្យ​ទាំងនោះ ត្រូវ​បាន​រក្សា​ទុក​នៅ​សហភាព​អ៊ឺ​រ៉ុ​ប​៕