ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​ម៉ាក​បុ.ក​បុរស​ចំណាស់​ដើរ​ឆ្លងផ្លូវជាតិលេខ៤ ស្លា.ប់​ រួច​​បន្ថែម​ល្បឿន​​បើកគេច​​បាត់​

6 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ដើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​លឿន​បុក​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​សមត្ថកិច្ច​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣២-៣៣ ត្រង់​ចំណុច​ក្នុងភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ​អ្នកបើកបរ (​បាន​បើក​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ​រួច​) រថយន្ត​បាន​បើកបរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​មនុស្ស​១​នាក់​ឈ្មោះ ត្រាវ សារី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្រុក​កំណើត​ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ដកំពង់ឆ្នាំង ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ពេល​ឃើញ​ដូច្នោះ តៃកុង​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

នគរបាល​ស្រុក​សំរោង​ទង បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើត ចំពោះ​សព​បុរស​វ័យ​ចំណាស់​ខាងលើ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ តម្កល់​ទុក និង​បូជា​នៅ​វត្ដរ​លាំង​កំពូល ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

 ​ចំណែក​រថយន្ត និង​អ្នកបើកបរ​ដែល​បាន​បើក​រត់គេច​ខ្លួន​នោះ នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ដ ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​ផ្លូវច្បាប់ ៕​