ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រើ​ល្បិច​កាន់តែ​ខ្ពស់ហើយ​ប្លែក​ៗ​ ខណៈ​អ្នក​បង្ក្រាប​កាន់​តែ​ធ្លាក់ដៃ

19 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ រយៈ​ពេល​០២​ថ្ងៃ​ហើយ​ ដែល​លោក​ចោរ​ម្នាក់​​បាន​ប្រើ​ល្បិច​កល​បោក​យក​ម៉ូតូ​ពី​ក្មេង​ប្រុស​ម្នាក់​បាន​យ៉ាង​ស្រួល​ដូច​បក​ចេក ខណៈ​ការ​ទន្ទឹងរង់ចាំ​ចម្លើយ​ជា​វិជ្ជមាន​ពី​សមត្ថកិច្ច​ហាក់​គ្មាន​តម្រុយ​សម្បី​ប៉ុន​ក្រចក​ បើ​ទោះជា​មុខសញ្ញា​​«​បោក​យក​ម៉ូតូ»​នោះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​នៅ​លើ​កញ្ចក់​កាមេរ៉ា​សុវត្ថិភាព​ក្ដី​ ។

​អំពើ​​«​ចោរកម្ម​»​ដែល​ពោរពេញ​ដោយ​ល្បិច​កល​របស់​លោក​ចោរដែល​គ្មាន​នរណា​នឹក​ស្មាន​មិន​​ដល់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​១២ តុលា នៅ​ចំណុច​​ក្បាលស្ពាន​​«​ផ្សារ​ខ្នាចរមាស» ស្ថិត​ក្នុងភូមិ​ខ្នាចរមាស  ឃុំ​ខ្នាចរមាស  ស្រុក​ប​វេ​ល (​ខាង​មុខ​ប៉ុស្តិ៍​​ប្រចាំការ​របស់​មន្ត្រី​មូលដ្ឋាន​) ​។

​ជន​រង​គ្រោះ​ក្នុង​អំពើ​ «ចោរកម្ម​»នេះ ឈ្មោះ ផេង ធី​យូ​អ៊ី ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សង្ហា  ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ​។  កុមារ​រង​គ្រោះ​រូប​នេះ បាន​ជិះ​ម៉ូតូ​ទៅ​យក​ម្ដាយ​នៅ​ផ្សារ​ខ្នាចរមាស  តែ​ត្រូវ​លោក​ចោរ​ម្នាក់ ដែល​រៀប​គម្រោង​រង់ចាំ​ស្ទាក់​កាត់​តាម​ផ្លូវ​ស្រែកហៅ​ឲ្យ​ឈប់  រួច​ប្រើ​ល្បិច​និយាយ​បញ្ឆោត​ប៉ុន្មាន​ម៉ាត់  ហើយ​ក៏​ឡើង​ឌុ​ប​កុមា​រា​ចេញ​ទៅ​ ។ ​លុះ​បាន​ឆ្ងាយ​បន្តិច​​ពី​កន្លែង​កើតហេតុ  ជន​នោះ​ក៏​ទម្លាក់​កុមា​រា​នោះ​ចុះ  ហើយ​​ជន​នោះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ ​ជិះ​ឆ្ពោះទៅ​ទិស​ខាង​លិចទៅ​បាត់​ស្រ​មោល​​ភ្លាម​ៗ ​រីឯ​ក្មេង​ប្រុស​នោះ​ ក៏​ដើរ​ស្រែកយំ​ត្រឡប់​មក​រក​ម្ដាយ​វិញ ដែល​កំពុង​រង់ចាំ​នៅ​ឯ​ផ្សារ​ខ្នាចរមាស ​។

​លោក ថេ​ង  ប៊ុ​ន​ថេ​ត ឪពុក​កុមារ​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ​​ថា  ពីរ​ថ្ងៃ​ហើយ​ដែល​ចោរ​បាន​ប្រើ​ល្បិច​បោកប្រាស់​លួច​ម៉ូតូ​កូនប្រុស​គាត់ ​តែ​ពុំ​ទាន់​មាន​​ដំណឹង​ល្អ​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​ ។ គាត់​និយាយ​ថា ​ចោរ​ម្នាក់​នោះ​​បាន​ប្រើ​ល្បិច ល្បួង​យក​ម៉ូតូ​ដែល​កូនប្រុស​គាត់​ជិះ​ទៅ​យក​ម្ដាយ​នៅ​ឯ​ផ្សារ ​។

​ជន​នោះ​ ហាក់​បាន​ត្រៀម​ជា​មុន ក្នុង​គោលដៅ​ប្រព្រឹត្ត​អំពើ «​ចោរកម្ម​»​ នេះ​។  ពេល​កូនប្រុស​គាត់​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ ដែល​ជន​នេះ​​កំពុង​អង្គុយ​រង់ចាំ  ជន​នេះ​បាន​ស្រែកហៅ​កូនប្រុស​គាត់​ឲ្យ​ឈប់​ធ្វើ​ ដូច​ជា​ធ្លាប់​ស្គាល់​គ្នា ​រួច​និយាយ​ថា ​«​ចាំ​ទៅ​ទិញ​ទឹកក្រូច​ផ្ញើ​ទៅ​ឲ្យ​ជីដូន» ​។  ពេល​កូន​គាត់​ឈប់​ម៉ូតូ  ជន​នោះ​ក៏​ឡើង​ឌុ​ប​កូនប្រុស​គាត់  ជាមួយនឹង​ពាក្យ​ថា ​«​តោះ​ទៅ​រក​ទិញ​ទឹកក្រូច​» ​។ ​គាត់​បាន​និយាយ​បន្ត​ថា  ពេល​នោះ​ កូនប្រុស​គាត់​ក៏​ស្រឡាំងកាំង​ដែរ  ​​ពេល​ជន​នោះ​ឡើង​ឌុ​ប​ថា ទៅ​រក​ទិញ​ទឹក​ក្រូច​ ព្រោះ​មិន​ធ្លាប់​ស្គាល់គ្នា​សោះ​ ។ ​

ប៉ុន្តែ​ពេល​ជិះ​ចេញ​ទៅ​​​ខាង​មុខ ​«​ផ្សារ​ខ្នាចរមាស​» ឆ្ពោះទៅ​ទិស​ខាងលិច ជន​នោះ​មិន​បាន​ឈប់​រក​ទិញ​ទឹកក្រូច​ស្អី​ទេ​ ។ លុះ​ជិះ​ផុត​ឆ្ងាយ​​បន្តិច  ជន​នេះ​បាន​ឈប់​ខាង​មុខ​​តូប​លក់ដូរ​មួយ​កន្លែង ​រួច​សួរ​រក​ទិញ​ទឹកក្រូច  តែ​មិន​បាន​ទិញ​ភ្លាម​ៗ​ទេ គ្រាន់តែ​ប្រាប់​ម្ចាស់​តូប​ឲ្យ​ច្រក​ថង់​ទុក​សិន ពេល​ត្រឡប់​មក​វិញ​ទើប​យក ​។  ជន​នោះ​ ក៏​ឌុ​ប​កូន​គាត់​ចេញ​ទៅ​មុខ​ទៀត​បាន​ប្រហែល​៥០០​ម៉ែត្រ កន្លែង​ស្ងាត់​បន្តិច​​ក៏​ឈប់​ប្រាប់​កូន​គាត់​ឲ្យ​ចុះ​ពីលើ​ម៉ូតូ តែ​កូន​គាត់​មិន​ព្រម​ចុះ ក៏​ត្រូវ​ជន​តិរច្ឆាន​នោះ​រុញ​ទម្លាក់  ហើយ​ជន​នោះ​​ ក៏​ជិះ​ម៉ូតូ​យ៉ាង​លឿន ​ឆ្ពោះទៅ​ទិស​ខាង​លិ​ច​បាត់​ស្រមោល ​ខណៈ​កូនប្រុស​គាត់​ដើរ​បណ្ដើរ​​យំ​បណ្ដើរ​ត្រឡប់​មក​រក​ម្ដាយ​វិ​​ញ  ដែល​កំពុង​រង់ចាំ​នៅ​ឯ​ផ្សារ​យ៉ាង​អន្ទះសារ ​។

​លោក ថេ​ង ប៊ុ​ន​ថេ​ត ​បាន​បញ្ជាក់​ដែរ​ថា សកម្មភាព​ចោរ​​ដែល​បាន​ប្រើ​ល្បិច​កល​បោក​យក​ម៉ូតូ​កូន​គាត់បាន​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ ដែល​បំពាក់​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ  ហើយ​រូបភាព​នោះ​​ បាន​បង្ហាញ​ច្បាស់​​ពេល​ជន​នោះ​ឡើង​ឌុ​ប​កូនប្រុស​គាត់​ជិះ​ចេញពី​កន្លែង​កើតហេតុ​ ។  ទាំង​រូបភាព ទាំង​បណ្ដឹង​ លោក​បាន​ផ្ដល់​ឲ្យ​សមត្ថកិច្ច​ប៉ុ​ស្ដិ៍​រដ្ឋបាល​រួច​អស់ហើយ  នៅឡើយ​តែ​ចំណាត់ការ​របស់​សមត្ថកិច្ច​ទេ  ដែល​ស្ងាត់ជ្រៀប ​ហាក់​ពុំ​មាន​តម្រុយ​បន្តិច​សោះ​ ។

​ជុំវិញ​ករណី​នេះ  កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​​បំភ្លឺ​ពី​លោក សុខ សា​រិ​ន អធិការ​ស្រុក​​ប​វេ​ល​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​ ។ ​ដោយឡែក លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា លោក​បាន​ទ​ទួល​ព័​ត៌​មាន​នោះ​ហើយ​ ។  ពេល​នេះ​ លោក​កំពុង​ស្នើ​​សុំ​គោល​ការ​ណ៍​​លោកស្នងការ​ខេត្ត  ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ ។

​មានការ​កត់​ស​ម្កាល់​ផង​ដែរ​ថា  អំពើ​​«​ចោរកម្ម​»ស្ទើរ​គ្រប់​រូបភាព ហាក់​កំពុង​កើត​មាន​ឡើង​ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក និង​ក្រុង ប៉ុន្តែ​បទល្មើស​មួយ​ចំនួន​ ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​ព្យា​យា​ម​បិទ​បាំង មិន​រាយ​ការ​ណ៍​​ជូន​ថ្នាក់លើ​បានដឹង​ទេ ព្រោះ​ខ្លាច​ថ្នាក់លើ​ស្ដីបន្ទោស​ថា ​«​មូលដ្ឋាន​ខ្លួន​សំបូរ​បទល្មើសទប់ស្កាត់​ ឬ​បង្ក្រាប​មិន​បាន»​។  ពេល​ខ្លះ​ ថ្នាក់លើ​បាន​ជ្រាប ឬ​បានដឹង​តាម​រយៈ​បណ្ដាញ​សង្គម ដែល​ជន​រង​គ្រោះ​បង្ហោះ​ជា​សាធារណៈ ​។   បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​ដែល​រង​គ្រោះ​ក្នុង​អំពើ​ «​ចោរកម្ម​»

ហាក់​​អស់សង្ឃឹម​ទៅ​នឹង​ចំណាត់ការ​របស់​សមត្ថកិច្ច បែរជា​ទៅ​ពឹងផ្អែក​ស្រែក​លើ​បណ្ដាញ​សង្គម​ឱ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៌ ​។ ​ទាំងនេះ​ ដោយសារ​តែ​ជន​រង​គ្រោះ​អស់ជំនឿ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច ​ដែល​ប្ដឹង​ពឹង​ពាក់​លើ​សមត្ថកិច្ច​ហើយ​បាត់​ស្ងាត់ឈឹង  មិន​ត្រូវ​បាន​គេ​អើពើហើយ​ក៏​គ្មាន​ចម្លើយ​សម​ស្រប​ណា​បន្តិច​ទៅ​កាន់​ជន​រង​គ្រោះ​វិញ​ដែរ ​។ មាន​តែ​ចម្លើយ​ភូត​កុហក់ ទាំង​របាយ​ការ​ណ៍​ជូន​ថ្នាក់លើ ទាំង​ការ​ឆ្លើយ​ភូត​កុហក់​ជន​រង​គ្រោះ​ ។

​ជាក់ស្ដែង ​ដូច​ជា​អំពើ​​«​ចោរកម្ម​»ខាងលើ​នេះ​ជាដើម​៖  បើ​តាម​លោក ថេ​ង ប៊ុ​ន​ថេ​ត ឪពុក​កុមា​រា​រង​គ្រោះ​បាន​បញ្ជាក់​ថា  លោក​បាន​សួរនាំ​ទៅ​មន្ត្រី​មូលដ្ឋាន​ដែល​ទ​ទួល​បណ្ដឹងគេ​​ហាក់​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​ទេ  បើ​ទោះជា​មុខសញ្ញា​នោះ បាន​បង្ហាញ​រូបរាង និង​មុខមាត់​យ៉ាង​ច្បាស់​ក្រឡែត​នៅ​លើ​កញ្ចក់​កាមេរ៉ា​សុវត្ថិភាព ដែល​សមត្ថកិច្ច ​ទទួ​​លហើយ​ក្ដី​ ។  រហូត​មក​ទល់​ពេល​នេះ គាត់​មិន​ទាន់​ឃើញ​មន្ត្រី​​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​ថ្មី ដើម្បី​តាមដាន​រឿង​នេះ​ទេ​ ។  ម៉ូតូ​ដែល​​​ចោរ​បាន​បោក​យក​ពី​កូនប្រុស​គាត់​ទៅ​​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1R-5469 ដែល​មាន​ម្ដាយ​ក្មេង​បាន​ចែក​ឱ្យ​ភរិយា​គាត់​យក​មក​ប្រើប្រាស់  តែ​ពេល​នេះ​ ត្រូវ​ចោរ​បោក​យក​ទៅ​បាត់​ហើយ​ ៕