ប្រទេសវៀតណាម ៖ «ហាណូយ» រដ្ឋធានីនៃប្រទេសវៀតណាម កំពុងតែបង្កើនកិច្ចប្រឹងប្រែងដាំដើមឈើ និងបង្កើនផ្ទៃពណ៌បៃតង (រុក្ខជាតិបៃតង) បន្ថែមទៀត នៅជុំវិញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីតាំងសាធារណៈជាច្រើនផ្សេងទៀត ដើម្បីកែលម្អទិដ្ឋភាពរដ្ឋធានី កាត់បន្ថយកម្តៅ និងលើកកម្ពស់គុណភាពបរិស្ថានផងដែរ។ នេះបើតាមប្រភពពីសារព័ត៌មាន Vietnam Express (VnExpress) កាលពីថ្ងៃទី១៣ ខែតុលា។
មន្ទីរសំណង់ទីក្រុងហាណូយ បានណែនាំដល់ទីភ្នាក់ងារមូលដ្ឋានទាំងអស់ឱ្យរៀបចំការរចនា និងអនុវត្តគម្រោងសាកល្បងថ្មី ដើម្បីបង្កើតតំបន់បៃតងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ។ គំនិតផ្តួចផ្តើមនេះ នឹងតម្រង់គោលដៅលើផ្លូវរថភ្លើងក្នុងក្រុងចំនួន ៣ កន្លែង នៅតាមបណ្តោយផ្លូវ Nguyen Trai, ផ្លូវក្រោមដី Le Van Luong-To Huu ព្រមនិងស្ពានអាកាស Le Van Luong-Lang Ha ព្រមទាំងចំណតឡានក្រុងជាច្រើនកន្លែងនៅកណ្តាលក្រុង និងទីតាំងផ្សេងទៀតផងដែរ។ ដ្បិតរុក្ខជាតិបៃតងជាច្រើនប្រភេទត្រូវបានដាំដុះដោយជោគជ័យរួចហើយ នៅក្នុងរចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់មួយចំនួនរបស់ទីក្រុងនេះ។
ជាមួយការបង្កើនការដាំរុក្ខជាតិបៃតងនេះ ការថៃទាំក៏ត្រូវបានបង្កើនផងដែរ ជាអាទិ៍កាលវិភាគស្រោចទឹក ត្រូវបានកែសម្រួលទៅតាមលក្ខខណ្ឌអាកាសធាតុ និងរដូវកាល ដោយនៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ជាទូទៅរុក្ខជាតិត្រូវបានស្រោចទឹកនៅពេលយប់ ឬនៅពេលព្រលឹមស្រាងៗ។ ស្របពេលដែលបណ្តាបុគ្គលិកជំនាញកំពុងតែបំពេញតួនាទីរៀងខ្លួន ដាំដើមឈើ និងរុក្ខជាតិបៃតង ទៅតាមទីតាំងជាច្រើនក្នុងទីក្រុងមួយនេះ។
នៅពេលមើលពីលើអាកាសសម្រស់រុក្ខជាតិទាំងនោះ បង្កើតបានទៅជាលំហបៃតងដ៏ធំល្វឹងល្វើយ ដែលជួយលើកកម្ពស់សោភ័ណភាពនៅជុំវិញនោះយ៉ាងខ្លាំង។ គម្រោងសាកល្បងទាំងនេះ កំពុងតែអនុវត្តតាមផែនការមេរបស់រដ្ឋបាលទីក្រុងហាណូយ ដើម្បីពង្រីកបណ្តាញដើមឈើ ឧទ្យាន សួនផ្កា និងប្រភពទឹកក្នុងទីក្រុងផងដែរ។ គំនិតផ្តួចផ្តើមដែលកំពុងតែបន្តនេះ ក៏បានរួមបញ្ចូលទាំងវិធានការជាក់លាក់នានា ដើម្បីបញ្ចូលលំហបៃតងបន្ថែមទៀតទៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំណង់ស្ថាបត្យកម្ម និងដងផ្លូវនានានៅទូទាំងរដ្ឋធានីតែម្តង៕



ចែករំលែកព័តមាននេះ