រាជធានីភ្នំពេញ ៖ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា ពាក់ព័ន្ធនឹងទីតាំងខាងលើនេះ អាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងហ្មត់ចត់ ។
ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជា បាននិងកំពុងស្រាវជ្រាវស៊ើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦ ។
តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះ ត្រូវបាននគរបាលអន្តរជាតិ Interpol ដាក់ចេញនិវេទក្រហម (red list) ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ទន្ទឹមនេះ យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុវត្តវិធានការច្បាប់ទាំងក្នុងការបង្ក្រាបដល់ទីតាំង ការផ្តន្ទាទោសតាមផ្លូវតុលាការ ចំពោះមេខ្លោង និងអ្នកពាក់ព័ន្ធការបង្កកទ្រព្យសម្បតិ្តរបស់ឧក្រិដ្ឋជន ហើយបាននិងកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងជាច្រើននៅតុលាការ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានរម្លឹកផងដែរថា កាលពីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងសើបអង្កេតឱ្យបានម៉ឺងម៉ាត់បំផុត ៕





ចែករំលែកព័តមាននេះ