ដឹកដៃម្តាយដើរឆ្លងផ្លូវជាតិលេខ៤ ត្រូវម៉ូតូបុ.កស្លា.ប់ម្តាយ កូនរងរបួស ម្ចាស់ម៉ូតូរត់បាត់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ស្ត្រីវ័យចំណាស់ជាម្តាយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកកូនប្រុសរងរបួសស្រាល ខណៈដែលបុរស ជាកូនបានដឹកដៃម្តាយឆ្លងកាត់ផ្លូវជាតិលេខ៤ ហើយត្រូវបានម៉ូតូបើកបុកពេញទំហឹង ក្រោយកើតហេតុ ម្ចាស់ម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្សុយគីនិក( SUZUKINEX) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1MM-1109 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនក្រោយពេលកើតហេតុរួច បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ) ម៉ូតូខាងលើនេះបានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើ បានបុកមនុស្សចំនួន២នាក់៖
ទី១-ឈ្មោះ កាន់ ធា ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាកូនកំពុងតែដឹកដៃម្ដាយដើរឆ្លងផ្លូវជាតិលេខ៤) និងទី២-ឈ្មោះហ៊ឹម ថា ភេទស្រី អាយុ៥៨ឆ្នាំ អ្នកទាំង២នាក់រស់នៅក្នុងភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងដើរឆ្លងផ្លូវជាតិលេខ៤ ពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលឲ្យស្លាប់ស្ត្រីជាម្តាយ ដែលមានឈ្មោះ ហ៊ឹម ថានៅកន្លែងកើតហេតុ ។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុរួច អ្នកបើកបរម៉ូតូបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។ ចំណែកសពស្ត្រីជាជនរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកតាមម៉ូតូយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសជាកូនរងរបួសស្រាល ។ រីឯម៉ូតូរងការខូចខាត១គ្រឿង កំរិតស្រាល នគរបាលជំនាញបានដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ