ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្ពុជា បានអនុវត្តប្រតិបត្តិដោយបានធ្វើការបញ្ជូនជនជាតិថៃសរុប ១៩៣នាក់ (ស្រី ៧៣នាក់) ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅធ្វើការខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ជាក់ស្តែងបើយោងតាមផេកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រកាសនាថ្ងៃទី៨ ខែតុលានេះថា ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយស្ថាប័នពាក់ព័ន្ធ បានធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន១៩៣នាក់ ក្នុងនោះស្រី ៧៣នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ។

ក្នុងពេលជាមួយគ្នានេះផងដែរ ក៏បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃចំនួន៨៦នាក់ ក្នុងនោះស្រី១៩នាក់ កុមារ០៤នាក់ និងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។
អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕








ចែករំលែកព័តមាននេះ