ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​១​ខែ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បន្ត​បង្ក្រាប​បទល្មើស​លើ​ភ្នំ​គិរី​រម្យ​បាន​ចំនួន​៤៤​ករណី

23 ម៉ោង មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ ក្នុង​រយៈពេល​ជាង​១​ខែ​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែសីហា ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បន្ត​ចុះ​ល្បាត​ និង​បង្ក្រាប​បទល្មើស​បាន​ចំនួន​៤៤​ករណី ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ​ «​គី​រី​រម្យ​» ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។

ជាក់ស្តែង​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦​ បាន​បន្ត​ចុះ​បង្ក្រាបការ​បោះបង្គោល​ហ៊ុម​ព័ទ្ធ​ដីដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ ក្នុងគោលបំណង​យក​ធ្វើ​ជា​កម្ម​សិទិ្ធ (​មិន​ជួប​ម្ចាស់​) អញ្ញាតជន ស្ថិត​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុ​មៈ​«​គិរី​រម្យ​» ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បង្ក្រាបការ​លួច​ដាំ​បង្គោលរបង​ចំនួន​៥៨ដើម​(​ថ្ម​២៣​ដើម​) ផ្ទៃដី​បោះបង្គោល​ហ៊ុម​ព័ទ្ធ​ទំហំ​០,១៥​ហិ​កតា ។ ក្រុមការងារ​កំពុង​បន្ត​នីតិវិធី ធ្វើការ​ស្រាវជ្រាវរក​អ្នក​ប្រព្រឹត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធានធម្ម
ជាតិ ។

សូម​បញ្ជាក់​​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ឧទ្យាន​ជាតិ​គី​រី​រម្យ បាន​សហការ​ជាមួយ​រដ្ឋបាល​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​តំបន់ការពារធម្មជាតិ ចាប់ពី​ថ្ងៃ​ទី​១៩ ខែសីហា ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ បាន​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ​ «​គិរី​រម្យ​» សរុប​៤៤​ករណីក្នុង​នោះ​ ៖

១-​បោះបង្គោល​ហ៊ុម​ព័ទ្ធ ក្នុង​គោលបំណង​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ដកហូត​ផ្ទៃដី​ទំហំ​ប្រមាណ ១៩,៣៥​ហិ​កតា ចំនួន ៣២​ករណី ។ ២-​កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ ដកហូត​ផ្ទៃដី​ទំហំ​ប្រមាណ ២,៥១​ហិ​កតា​ចំនួន​៥​
ករណី ។ ៣-​ចាប់​ដោយ​ដាក់​អន្ទាក់​សត្វព្រៃ ដកហូត​អន្ទាក់ចំនួន​១៥​ខ្សែ (​ស្វា​ងាប់១​ក្បាលជាប់អន្ទាក់​)១​ករណី ។ ៤-​កាប់​រំលំបំផ្លាញ​ព្រៃឈើ ដកហូត​ឈើ​ប្រភេទ​លេខ​២(​ស្រល់​) ៦​ដើម ចំនួន ២​ករណី ។ ៥-​ការ​រុករានទន្ទ្រាន​ដី សង់រោងយក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ិដោយ​គ្មាន​ការ​អនុញ្ញាត ចំនួន៣​ករណី​ ។

ទោះបីជា​បែប​ណា មិ​នមាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ដែល​បាន​រៀបរាប់​​ខាងលើ​នេះ​ទេ ៕