ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១១ មជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិកប្រកាសអះអាងថា ការគំរាមកំហែងធំបំផុតចំពោះសន្តិសុខសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នមិនមែនអូសាម៉ា ប៊ីនឡាដេនទេ តែគឺមេភេរវករថ្មីមួយរូបទៀតឈ្មោះអេនវ៉ា អាល់ អៅឡាគី (Anwar Al-Awlaki) អាយុ៤០ឆ្នាំ ដែលមានសញ្ជាតិពីរគឺ អាមេរិកផង យេម៉ែនផង។
ក្រោយការវាយប្រហារភេរវកម្មផ្ទួនៗនៅយេម៉ែន អេនវ៉ា អាល់ អៅឡាគី ជាប់ឈ្មោះក្នុងបញ្ជីជនគ្រោះថ្នាក់ត្រូវរកមុខបំផុតរបស់សហរដ្ឋអាមេរិក។ គេដឹងថា អ្នកដឹកនាំសាខាបណ្តាញភេរវកម្មអាល់កៃដា នៅឧបទ្វីបអារ៉ាប់(AQAP) មានទីតាំងក្នុងប្រទេសយេម៉ែនរូបនេះ គឺជាអ្នកផ្សព្វផ្សាយពង្រឹងស្មារតីជ្រុលនិយមយ៉ាងប៉ិនប្រសប់តាមអ៊ីនធើរណេតទូទាំងពិភពលោកគួរឱ្យបារម្ភបំផុតសម្រាប់បស្ចិមប្រទេស។ អ្នកខ្លះហៅអេនវ៉ាថា «អូសាម៉ាប៊ីនឡាដេន បណ្តាញអ៊ីនធើរណេត» អ្នកខ្លះហៅ «មេសាសនាអ៊ិស្លាមអ៊ីមេល»…។ ជននេះពូកែណាស់ខាងអូសទាញសមាសភាព «សង្គ្រាមសាសនា» ធ្វើឱ្យសហរដ្ឋអាមេរិកថ្ងៃណាមួយអាចប្រឈមគ្រោះថ្នាក់ដ៏ធំមួយទៀត មិនចាញ់គ្រោះថ្នាក់ព្រឹត្តិការណ៍ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ឡើយ។
ប្រភពពីគ្រួសាររុងរឿង
កើតថ្ងៃទី២២ មេសា ឆ្នាំ១៩៧១ ក្នុងគ្រួសារបញ្ញវន្តយេម៉ែននៅ Las Cruces រដ្ឋញូវម៉ិចស៊ីកូ សហរដ្ឋអាមេរិក អេនវ៉ា អាល់ អៅឡាគី រស់នៅក្នុងភាពសម្បូរសប្បាយតាំងពីតូច និងជ្រួតជ្រាបខឿនអប់រំបែបអាមេរិក។ ពេលអេនវ៉ា អាល់ អៅឡាគីកើត ក៏ជាពេលឪពុករបស់គេឈ្មោះណាស្ស៊ែរ អាល់ អៅឡាគី (NasserAl-Awlaki) ប្រឡងជាប់សញ្ញាបត្រមហាបរិញ្ញាសេដ្ឋកិច្ចកសិកម្ម នៅមហាវិទ្យាល័យញូវម៉ិចស៊ីកូ ដែរ។ ឆ្នាំ១៩៧៧ ណាស្ស៊ែរបន្តប្រឡងយកសញ្ញាបត្របណ្ឌិតនៅមហាវិទ្យាល័យ Nebras-ka ហើយចូលធ្វើការនៅមហាវិទ្យាល័យ Minn-esota ។ ប៉ុន្តែមួយឆ្នាំក្រោយ គ្រួសារណាស្ស៊ែរទាំងមូលសម្រេចចិត្តត្រឡប់ទៅរស់នៅយេម៉ែនវិញ។ ពេលនោះអេនវ៉ា អាល់ អៅឡាគី ទើបតែអាយុ៧ឆ្នាំប៉ុណ្ណោះ។
នៅប្រទេសរបស់ខ្លួន ណាស្ស៊ែរឈានឡើងដូចកាំជណ្តើរ រហូតដល់ក្រោយមកបានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្មយេម៉ែន ព្រមទាំងក្តោបក្តាប់ឋានៈនាយកមហាវិទ្យាល័យសាណាទៀត។ ណាស្ស៊ែរជាសមាជិកសំខាន់ម្នាក់ក្នុងគណបក្សលោកប្រធានាធិបតីយេម៉ែនអាលី អាប់ឌុលឡា សាឡេះ។មានព័ត៌មានថាណាស្ស៊ែរ លោកផ្លោះស្រួលជាងអ្នកឯទៀត ដោយសារមានមានទំនាក់ទំនងឈាមជ័រជាមួយលោកនាយករដ្ឋមន្ត្រីយេម៉ែន Mujawar ផងដែរ។
ព្រោះតែដូច្នេះទើបអេនវ៉ា អាល់ អៅឡាគី ពេលតាមឪពុកត្រឡប់ទៅយេម៉ែនវិញ ការរៀនសូត្រសព្វបែបយ៉ាងរបស់គេមានភាពអំណោយផលល្អប្រសើររហូត, ក្រៅពីរៀននៅសាលា គេបានទទួលការបង្រៀនខាងសាសនាយ៉ាងពិសេសទៀត។ អាយុ២០ឆ្នាំ អេនវ៉ាបានទទួលអាហារូបករណ៍រដ្ឋាភិបាលយេម៉ែនត្រឡប់មកសហរដ្ឋអាមេរិករៀនជំនាញផ្នែកស្ថាបត្យកម្ម នៅមហាវិទ្យាល័យកូឡូវ៉ាដូ។ ថ្វីបើមានសញ្ជាតិអាមេរិក តែអេនវ៉ា តែងតែប្រើទិដ្ឋាការសិស្សបរទេស និងប៉ាស្ព័រយេម៉ែនរាល់លើកធ្វើដំណើរមកសហរដ្ឋអាមេរិក។ សកម្មភាពនេះ ស្ថាប័នសន្តិសុខអាមេរិកក្រោយមកទើបវិភាគឃើញថា អេនវ៉ា ធ្វើដូចច្នេះដើម្បីបង្ហាញមោទនភាពប្រភពយេម៉ែនរបស់ខ្លួន។
រយៈពេលរៀនក្នុងមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក អេនវ៉ា ដោយសារមានវោហាពូកែជាងគេ និងប៉ិនប្រសប់ការងារចាត់ចែងសព្វយ៉ាង បានទទួលការជ្រើសតាំងជាប្រធាន «សមាគមនិស្សិតអ៊ិស្លាម»។ រដូវភ្លៀង ឆ្នាំ១៩៩៣ អេនវ៉ាប្រើប្រាស់តួនាទីនេះ ធ្វើដំណើរមកប្រទេសអាហ្វហ្គានីស្ថានជួបពួកសកម្មប្រយុទ្ធសង្គ្រាមសាសនា ដែលធ្លាប់ប្រយុទ្ធជាមួយកងទ័ពសូវៀត លុះត្រឡប់ទៅវិញក៏ក្លាយជាអេនវ៉ាម្នាក់ផ្សេងពីមុន។ តែងប្រើឈ្នួតក្បាលតាមបែបអាហ្វហ្គានីស្ថាន តែងសរសើរសង្គ្រាមសាសនាតែងផ្តល់គំនិត «កម្ចាត់អ្នកមិនមែនសាសនិកអ៊ិស្លាម» តែលើកទឹកចិត្តការធ្វើសង្គ្រាមរំដោះអាហ្វហ្គានីស្ថាន អេនវ៉ាក្លាយជានិមិត្តរូបឃោរឃៅពិតប្រាកដរបស់ស្មារតីជ្រុលនិយម។
ឆ្នាំ១៩៩៤ ក្រោយការប្រពន្ធរួចអេនវ៉ាទៅធ្វើជាគ្រូបង្រៀនពិធីការនានាខាងសាសនានៅសមាគមសាសនិកអ៊ិស្លាមក្រុង Denver រដ្ឋកូឡូរ៉ាដូ។ ២ឆ្នាំបន្ទាប់ពីនោះ គេគ្រប់គ្រងវិហាអ៊ិស្លាមមួយនៅសានឌីយេហ្គោ ហើយបន្តរៀនយកសញ្ញាប័ត្រអនុបណ្ឌិតអប់រំ។ ឆ្នាំ២០០១ អេនវ៉ា បន្តរៀនថ្នាក់បណ្ឌិតផ្នែកធនធានមនុស្សនៅមហាវិទ្យាល័យចច វ៉ាស៊ិនតោន តែទើបរៀនបានមួយ ឆ្នាំក៏ត្រឡប់ទៅយេម៉ែនធ្វើសាស្រ្តាចារ្យនៅមហាវិទ្យាល័យល្បីឈ្មោះមួយរហូតដល់ខែសីហា២០០៦ ត្រូវរដ្ឋាភិបាលយេម៉ែនចាប់ដាក់គុក១៨ខែ ពីបទសង្ស័យធ្វើសកម្មភាពភេរវកម្ម។
អូសាម៉ាប៊ីនឡាដេនអ៊ីនធើរណេត
ប្រការគួរឱ្យឈឺចាប់បំផុតសម្រាប់ចារកម្មអាមេរិក គឺការមិនបានដឹងអ្វីទាំងអស់ពីអេនវ៉ា ថ្វីបើជននេះរស់នៅលើទឹកដីអាមេរិកអស់២១ឆ្នាំ។ ក្រោយព្រឹត្តិការណ៍១១កញ្ញា ឆ្នាំ២០០១ គេឃើញអេនវ៉ាបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ថ្កោលទោសពួកសមាសភាពប្លន់យន្តហោះប្រព្រឹត្តអំពើភេរវកម្មដ៏សាហាវយង់ឃ្នង។ កាសែតញូវយ៉កថែមពេលនោះសរសើរអេនវ៉ាថា «ថ្នាក់ដឹកនាំអ៊ិស្លាមជំនាន់ថ្មីអាចសម្របសម្រួលរវាងបូព៌ាប្រទេស និងបស្ចិមប្រទេសបាន»។ ដឹងអីបន្ទាប់ពីនោះមិនយូរប៉ុន្មាន ស្ថាប័នចារកម្មអាមេរិករកឃើញថា តាមការពិតអេនវ៉ាមានទំនាក់ទំនងជិតស្និទ្ធពួកភេរវករប្លន់យន្តហោះវាយប្រហារសហរដ្ឋអាមេរិក ហេតុនេះរូបគេត្រូវអេហ្វប៊ី អាយហៅសួរចម្លើយ៤ដង។ តាមការឱ្យដឹងពីមន្ត្រីចារកម្មក្រសួងសន្តិសុខ គឺអេនវ៉ាជា «មេដឹកនាំស្មារតី» របស់ពួកភេរវករថ្លើមពាសមេឃទាំងនោះ ពិសេសអាបីនាក់ Awat Al-Hazmi, Khalid Al-Mihdhar និង Hanj Han our ដែលមានមុខក្នុងការហោះហើរបុកមន្ទីរបញ្ចកោណ ធ្លាប់ចូលរួមស្តាប់ការផ្សព្វផ្សាយសាសនារបស់អេនវ៉ា។ បន្ទាប់ពីរកឃើញដូច្នេះ អេហ្វប៊ីអាយជំរុញការស៊ើបអង្កេតយ៉ាងម៉ត់ចត់បំផុត តែទោះប្រឹងប្រែងយ៉ាងណាក៏ពុំអាចរកភស្តុតាងបានគ្រប់គ្រាន់សម្រាប់ចោទប្រកាន់អេនវ៉ា។
ដូចប៊ីនឡាដេនដែរ អេនវ៉ានិយាយស្តីមួយៗ តែមានភាពទាក់ទាញខ្លាំង។ រៀនសូត្របានខ្ពស់ផង ចេះស្ទាត់ទំាងភាសាអង់គ្លេសទាំងភាសាអារា៉ប់ផង ពេលផ្សព្វផ្សាយបកស្រាយពីសាសនាម្តងៗ អេនវ៉ាមានសមត្ថភាពធ្វើឱ្យអ្នកឯទៀតចាប់អារម្មណ៍ខ្លាំងមកលើខ្លួន។ មិនតែប៉ុណ្ណោះដោយយល់ច្បាស់ពីបស្ចិមប្រទេស និងអាមេរិកទៀត រូបគេអាចវិភាគចំៗពេលរិះគន់ចំណុចខ្សោយណាមួយរបស់បស្ចិមប្រទេស ឬ អាមេរិក ព្រមទាំងចេះអូសទាញយ៉ាងប៉ិនប្រសប់ ឱ្យអ្នកស្តាប់គាំទ្រការវិភាគរបស់ខ្លួន។ ព្រោះតែដូច្នេះ អេនវ៉ា ក្លាយជាបុគ្គលគួរឱ្យចាប់អារម្មណ៍ខ្ពស់សម្រាប់សមាសភាពភេរវករ ហើយដោយសាររូបគេនិយមប្រើអ៊ីនធើរណេតផ្សព្វផ្សាយស្មារតីភេរវកម្មទូទាំងពិភពលោក ទើបអ្នកផងផ្តល់រហស្សនាមដល់រូបគេជា«អូសាម៉ាប៊ីនឡាដេនអ៊ីនធើរណេត»។ ចំពោះជនសង្ស័យជាភេរវករ ដែលអាមេរិកចាប់បានក្រោយៗ មានមុខសញ្ញាជនជាតិស្បែកសមិនតិចឡើយ ជាហេតុធ្វើឱ្យអាមេរិកយល់ថា នេះជាស្នាដៃអេនវ៉ាលើទឹកដីអាមេរិក។
ពេលទើបចាប់អារម្មណ៍លើអេនវ៉ា ដំបូងស្ថាប័នចារកម្មអាមេរិកនៅមើលស្រាលជននេះនៅឡើយ ដោយនិយាយថា ពូកែខាងទ្រឹស្តីប៉ុណ្ណោះ មិនពូកែអនុវត្តទេ។ លុះដល់ខែវិច្ឆិកា ២០០៩ ពេលផ្ទុះហេតុការណ៍បាញ់រះបណ្តាលឱ្យស្លាប់មនុស្សអស់១៣នាក់ នៅ Fort Hood រដ្ឋតិចសាស់ ទើបម្នាក់ៗភ្ញាក់ក្រញាង។ អនុសេនីយ៍ឯកពេទ្យយោធា Nidal Malik Hassan ដែលជាជនដៃដល់បាញ់សម្លាប់មនុស្សពេលនោះ ធ្លាប់មានទំនាក់ទំនងតាមសារអេឡិចត្រូនិក១៨ដង ជាមួយអេនវ៉ា តែអត់អ្នកណាដឹងសូម្បីប៉ុនសរសៃសក់ ។ ក្រោយហេតុការណ៍ខាងលើ អេនវ៉ា ប្រកាសថា Nidal Malik Hasssan ជាវីរបុរសប្រយុទ្ធជាមួយទាហានអាមេរិក បំពេញកាតព្វកិច្ចសាសនិកអ៊ិស្លាម។
នៅមានការវាយប្រហារភេរវកម្មផ្សេងៗច្រើនទៀត ដែលគេយល់ថា ជនដៃដល់មានពាក់ព័ន្ធអេនវ៉ា ឬបានទទួលការណែនាំពីអេនវ៉ា ។ ការវាយប្រហារភេរវកម្មលើយន្តហោះក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក ចំថ្ងៃបុណ្យណូអែលឆ្នាំ២០០៩ ការវាយប្រហារភេរវកម្មរថយន្តថ្ងៃទី១ ឧសភា ២០១០ នៅក្រុងញូវយ៉ក ការវាយប្រហារភេរវកម្មនៅក្រុងមុមបៃ ប្រទេសឥណ្ឌា ឆ្នាំ២០០៨ សុទ្ធសឹងពាក់ព័ន្ធការផ្សព្វផ្សាយគោលការណ៍សាសនារបស់អេនវ៉ា ។ សូម្បីករណីថ្មីៗបំផុតអាល់កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) កាលពីថ្ងៃទី៥ វិច្ឆិកា ២០១០ ប្រកាសទទួលខុសត្រូវលើផែនការបំផ្ទុះយន្តហោះពីរគ្រឿង ក្នុងជើងហោះហើរយេម៉ែនទៅសហរដ្ឋអាមេរិកនោះ គេរកឃើញថា ជាស្នាដៃអេនវ៉ា ដែរ ។ កាលណោះ ក្រោយទទួលបានព័ត៌មានចារកម្មពីអារ៉ាប៊ីសាអូឌីត ប្រទេសអង់គ្លេស និងអារ៉ាប់រួម ទីដែលយន្តហោះខាងលើត្រូវចុះចតបណ្តោះអាសន្នបានប្រញាប់ប្រញាល់រុករកទាល់តែឃើញជាតិផ្ទុះ PETN លាក់ក្នុងឡាំងទំនិញ ហើយដោះចេញទាន់ពេលវេលាមុនការកំណត់ឱ្យផ្ទុះត្រឹម១៧នាទីប៉ុណ្ណោះ ។ ហេតុការណ៍នេះ អេនវ៉ា និងអ្នកឯកទេសជាតិផ្ទុះរបស់ AQAP ឈ្មោះ Ibrahim Hassan Al-Asiri ទទួលខុសត្រូវសំខាន់ជាងគេ។
ស្ថាប័នស្រាវជ្រាវអាមេរិករកឃើញថា ជនសង្ស័យបង្កភេរវកម្មជាង១០ដងនៅអាមេរិក កាដាណា និងអង់គ្លេស សុទ្ធសឹងជា «សាសនិក» របស់អេនវ៉ា តាមរយៈអ៊ីនធើរណេត ខ្សែអាត់សំឡេង និងថាស CD ។ ឥទ្ធិពលអេនវ៉ា រីកធំពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យបុគ្គលិកចារកម្មអាមេរិកកាន់តែឈឺក្បាលវិលក្បុង។ ពេលខ្លះពួកគេថែមទាំងសង្ស័យថា អេនវ៉ា ជាកម្លាំងបង្កប់របស់អាល់កៃដា លើទឹកដីអាមេរិកតាំងពីមុនឆ្នាំ២០០១ទៀតផង តែអាមេរិកអត់ដឹងសូម្បីបន្តិច។ រាល់រូបភាពរបស់អេនវ៉ា ដែលពីមុនធ្វើខ្លួនជាអ្នកឈរនៅកណ្តាល ព្រមទាំងមានស្មារតីប្រឆាំងការប្រើអំពើហិង្សានោះ តាមពិតសុទ្ធតែក្លែងក្លាយ។
គេនៅចាំមិនភ្លេចទេ ដែលកាលឆ្នាំទៅអេនវ៉ា អាល់ អៅឡាគី ចេញមុខយ៉ាងព្រហើនបំផុតបើកវេបសាយជាភាសាអង់គ្លេសប្រកាសជ្រើសរើសសកម្មប្រយុទ្ធថ្មីគាំទ្រការធ្វើសង្គ្រាមសាសនា។ បន្ទាប់ពីមានវេបសាយនោះ ខែកក្កដា ឆ្នាំដដែល ស្រាប់តែទស្សនាវដ្តីជាភាសាអង់គ្លេសឈ្មោះ Inspire របស់អង្គការ Al Qaeda in the Arabian Peninsula បង្ហាញខ្លួន ក្រោមការសហការពីគ្រាប់ពូជភេរវកម្មអាល់កៃដានៅយ៉េម៉ែន និងអារ៉ាប៊ី សាអូឌីត។ អ្នកណាក៏អាចយល់បានថា អេនវ៉ាជាព្រលឹង និងជានិពន្ធនាយកទស្សនាវដ្តីសម្រាប់ភេរវករនោះ។ ការបង្ហាញខ្លួនរបស់ Inspire តាមពិតជាឧបករណ៍ថ្មីមួយទៀតសម្រាប់លើកទឹកចិត្តបណ្តាញភេរវករអាល់កៃដាទូទាំងពិភពលោក។ រូបភាពខាងក្រៅរបស់ Inspire មើលទៅមិនខុសពីទស្សនាវដ្តីនានារបស់បស្ចិមប្រទេសឡើយ តែលុះមើលចំណងជើងធំៗនៅក្របមុខ គេនឹងភ្ញាក់សឹងដាច់ផ្ងារនៅពេលឃើញពាក្យ «អាចរង់ចាំប្រការអ្វីខ្លះ ពីសង្រ្គាមសាសនា» «ត្រូវផលិតគ្រាប់បែកចាប់ពីផ្ទះបាយម៉ែតែម្តង»…។ ជាង៦០ទំព័រទស្សនាវដ្តីមួយនេះមានពាក្យអាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់, អ៊ីស្រាអែល និងប៉ាឡេស្ទីនច្រើនបំផុត។ ក្រៅពីនេះ អត្ថបទក្នុងទស្សនាវដ្តីទាក់ទាញអ្នកអានឱ្យចាប់អារម្មណ៍ខ្លាំងសភាពការណ៍ឧបទ្វីបអារ៉ាប់ ពិសេសប្រទេសយេម៉ែន និងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជាប់ចោទថាមានរដ្ឋាភិបាល រណបបស្ចិមប្រទេស និងជាសត្រូវរបស់ជនមូស្លីមពិតប្រាកដ។
រកមុខ និងកម្ទេចចោលតាំងពីដើមឆ្នាំ២០១០ ស្ថាប័នចារកម្មអាមេរិកបានឱ្យដឹងថា អេនវ៉ា អាល់ អៅឡាគីជាប់ឈ្មោះក្នុងបញ្ជីត្រូវ «រកមុខ និងកម្ទេចចោល»។ កាសែតញូវយ៉កថែមថ្ងៃទី៧ មេសា ២០១០ ផ្សាយថា ប្រធានាធិបតីអូបាម៉ាចេញបញ្ជាផ្ទាល់ឱ្យកម្ទេចចោលអេនវ៉ា អាល់ អៅឡាគី ឱ្យបានដាច់ខាត។ ប៉ុន្តែកម្ទេចអេនវ៉ា ជាការងារលំបាកបំផុត។ យេម៉ែនសន្និដ្ឋានថា អេនវ៉ា កំពុងលាក់ខ្លួនក្នុងតំបន់ព្រៃភ្នំស្មុគស្មាញដាច់សង្វែងក្នុងខេត្ត Shabwah ភាគខាងត្បូងយេម៉ែន ។ ដោយយល់ដូច្នេះដែរ អាមេរិកបានបញ្ជូនកម្លាំងពិសេសចូលតំបន់នោះជាញឹកញាប់ ។ យន្តហោះគ្មានមនុស្សបើករបស់សេអ៊ីអាក៏បើកប្រតិបត្តិការជាបន្តបន្ទាប់បាញ់ប្រហារតាមចំណុចដែលសង្ស័យអេនវ៉ា លាក់ខ្លួន។ ប៉ុន្តែការប្រឹងប្រែងទាំងប៉ុន្មានកន្លងមក អត់បានទទួលផលអ្វីសោះ ។ ប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា អេនវ៉ា មានសិស្សគណជ្រុលនិយមបំផុតប្រហែល៤០០នាក់់ រួមជាមួយពួកកុលសម្ព័ន្ធក្នុងតំបន់ផង សុទ្ធតែអ្នកស្ម័គ្រស្លាប់ដើម្បីសាសនា ។ ថ្ងៃទី៩ មេសា ឆ្នាំ២០១០ កុលសម្ព័ន្ធ Avaric ដែលជាកុលសម្ព័ន្ធធំមួយចំណោមកុលសម្ព័ន្ធធំនានាក្នុងប្រទេសយេម៉ែន បានប្រកាសប្រឆាំង «រាល់សកម្មភាពសហការជាមួយអាមេរិក ដើម្បីកម្ទេចអេនវ៉ា»។
អ្នកវិភាគមួយចំនួននិយាយថា តាមរកអេនវ៉ា ជាការពិបាក តែអ្វីដែលពិបាកជាងហ្នឹងទៀតនោះ គឺវិសាលភាពសកម្មភាពរបស់ពួកភេរវករមានការផ្លាស់ប្តូរ ធ្វើឱ្យសង្គ្រាមប្រឆាំងភេរវកម្មទូទាំងពិភពលោកត្រូវប្រឈមមុខការប្រែប្រួលខាងគុណភាព ។ អេនវ៉ា និងពួកភេរវករនៅប៉ាគី ស្ថាន នៅសូម៉ាលី អូសទាញបានសមាសភាពប្រដាប់អាវុធច្រើនជាងជំនាន់អូសាម៉ា ប៊ីនឡាដេន ទៅទៀត ។ ការពង្រីកកម្លាំងថ្មីរបស់អាល់កៃដា ពិតជាធ្វើឱ្យបស្ចិមប្រទេសឈឺក្បាលយូរអង្វែង។
ក្រោយព្រឹត្តិការណ៍១១ កញ្ញា ២០០១ អាមេរិកជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាហេតុធ្វើឱ្យអាមេរិកព្រួយបារម្ភពីភេរវកម្មធំមួយទៀតកើតឡើងក្នុងពេលណាមួយ ។ លុះអេនវ៉ា លេចធ្លោក្នុងមជ្ឈដ្ឋានពួកជ្រុលនិយមចំពេលអ៊ីនធើរណេតពង្រីកខ្លួនពាសពេញពិភពលោក កង្វល់នោះរឹតតែធំឡើង ជាហេតុធ្វើឱ្យអេនវ៉ា ជាប់ឈ្មោះក្នុងបញ្ជី «សមាសភាពភេរវករជួរមុខ» ។ ថ្មីៗនេះ តាមការបង្ហើបឱ្យដឹងពីមន្ត្រីអាមេរិក គេដឹងថា ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ប្រញាប់ប្រញាល់បង្កើតមជ្ឈមណ្ឌលយោធាថ្មីមួយសំដៅពង្រីកសង្គ្រាមសម្ងាត់ប្រឆាំងភេរវកម្ម។ មជ្ឈមណ្ឌលនេះ មានភារកិច្ចចាត់ចែងប្រតិបត្តិការតាមតំបន់ក្តៅដូចយ៉ាងប៉ាគីស្ថាន យេម៉ែន សូម៉ាលី ជាដើម ។ ប្រសិនបើគ្មានវត្តមានអេនវ៉ា ដែលគេយល់ថា គ្រោះថ្នាក់ផុតលេខទេ ប្រហែលជាមិនមានយុទ្ធសាស្ត្រថ្មីនេះឡើយ។ រួមជាមួយការប្រឹងប្រែងរបស់អាមេរិក ថ្ងៃទី៦ កញ្ញា ២០១០ ស្ថាប័នអយ្យការតុលាការយេម៉ែនប្រកាសជាចំហសុំឱ្យប៉ូលិសយេម៉ែនទោះដោយតម្លៃបែបណាក៏ដោយ ត្រូវចាប់អេនវ៉ា ឱ្យបាន ។ លុះថ្ងៃទី១៧ មករា ២០១១ តុលាការសន្តិសុខយេម៉ែនកាត់ទោសកំបាំងមុខដាក់គុកអេនវ៉ា ១០ឆ្នាំ ពីបទញុះញង់ឱ្យមានការសម្លាប់ជនបរទេស ។ ប៉ុន្តែកាត់ទោសអីកាត់ទៅ អេនវ៉ា នៅតែអេនវ៉ា ធើអីឡិន ៕
ចែករំលែកព័តមាននេះ