ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ សាច់ប្រាក់​ក្នុង​រតនាគារ​មាន​មិន​ក្រោម ២.៥​ពាន់​លាន​ដុល្លារ​ទេ ខណៈ​ឯ​បៀវត្សរ៍​ចាយ​ត្រឹម ២៣០​លាន​ដុល្លារ​ក្នុង ១​ខែ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា សាច់ប្រាក់​ក្នុង​រតនាគារ​មាន​មិន​ក្រោម ២.៥​ពាន់​លាន​ដុល្លារ​ទេ (​ពីរ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ​) ឯ​បៀវត្សរ៍ ១​ខែ ចាយ​ត្រឹម ២៣០​លាន​ដុល្លារ​ក្នុង ១​ខែ​ប៉ុណ្ណោះ​ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អ្នកប្រឆាំង​មួយ​ក្តាប់​តូច​នៅ​ក្រៅប្រទេស ដែល​រិះគន់​ថា រាជរដ្ឋាភិបាល​បោះ​ប្រាក់​ថ្មី ​ដោយសារ​អស់​លុយ ​។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​០៧ ខែតុលា យ៉ាង​ដូច្នេះ​ថា​៖ «​តាម​ពិត ខ្ញុំ​មិន​គួរ​តមាត់​ជាមួយ​ពួក​បំផ្លាញ​ជាតិ​ប៉ុន្មាន​ក្បាល​នៅ​ក្រៅប្រទេស​នោះ​ទេ ដូច​ម្តាយ​ខ្ញុំ​ប្រាប់​ថា (​បើ​ឆ្កែ​ខាំ​ជើង​យើង យើង​កុំ​ខាំ​ជើង​ឆ្កែ​វិញ​)​។ តែបើ​មិន​បកស្រាយ​ទេ ប្រជាជន​នឹង​អាច​ភ័ន្ត​ច្រឡំ​» ​។

សម្តេច​តេ​ជោ បាន​សរសេរ​ទៀត​ថា ​៖ «​តាំងពី​ជំនាន់​ខ្ញុំ ​នៅ​ធ្វើ​នាយក​រដ្ឋមន្ត្រី រហូត​ដល់​ពេល​នេះ ឱ្យ​តែ​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​ចរាចរ​ក្រដាសប្រាក់​ថ្មី ពួក​ឆ្កែ​​ក្រៅរបង​ផ្ទះ​ ប៉ុន្មាន​ក្បាល​តែងតែ​និយាយ​ថា រាជរដ្ឋាភិបាល​អស់​លុយ ទើប​បោះ​ក្រដាសប្រាក់​ថ្មី​»​ ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ប្រាប់​ថា សាច់ប្រាក់​ក្នុង​រតនាគារ​មាន​មិន​ក្រោម ២.៥​ពាន់​លាន​ដុល្លារ​ទេ (​ពីរ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ​) ឯ​បៀវត្សរ៍ ១​ខែ ចាយ​ត្រឹម ២៣០​លាន​ដុល្លារ​ក្នុង ១​ខែ​ទេ​» ​។

សម្តេច​តេ​ជោ លើក​ឡើង​ទៀត​ថា ចំណូល ៩​ខែ មាន​ជាង ៥​ពាន់​លាន​ដុល្លារ ដែល​ជា​មធ្យម ៥០០ ទៅ ៦០០​លាន​ដុល្លារ​/​ខែ ល្មម​គ្រប់គ្រាន់​ចំណាយ និង​រក្សា​ទុក​សាច់ប្រាក់​ក្នុង​រតនាគារ​មិន​ឱ្យ​ទាប​ជាង ២,៥០០​លាន​ដុល្លារ​ឡើយ ​។

សម្តេច ក៏​សូម​ឱ្យ​ពួក​នៅ​ក្រៅ​ស្រុក​ប្រញាប់​យក​លុយ ​ដែល​ប្រមូល​បាន​នៅ​វត្ត​ភ្នំ​សេរី មក​ជូន​ជនភៀសសឹក ដែល​ពេល​នេះ​កំពុង​រក្សា​ទុក ​ដើម្បី​ចិញ្ចឹម​បក្សនយោបាយ​មួយ​នៅ​ក្នុងស្រុក​ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​នឹង​បង្ហោះ​សារ​សំឡេង​ នៃ​ការ​ប្រជុំ​មួយ​ ដែល​និយាយ​ដល់​ការ​យក​លុយ​ដែល​រៃ​អង្គាស​បាន​សម្រាប់​ជនភៀសសឹក ទៅ​ជួយ​គណបក្ស​នៅ​ពេល​ក្រោយ​។ ឱ្យពួក​បោកប្រាស់​ក្រៅ​ស្រុក​អើយ បើ​ចេះ ត្រូវ​ចេះ​ឱ្យ​គេ​កោត តែបើ​ឆោត គឺ​ត្រូវ​ឆោត​ឱ្យ​គេ​អាណិត​» ​។

សម្តេច​តេ​ជោ ក៏​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​នោះ​ថា​ ៖ «​បើ​គង់តែ​រាជរដ្ឋាភិបាល​អស់​លុយ​ដែរ គួរតែ​អបអរសាទរ ព្រោះ​រាជរដ្ឋាភិបាល​នឹង​ឆាប់​រលំ ឯ​ពួក​អស់លោក​នឹង​បាន​មក​កាន់​អំណាច​ដូច ដែល​អស់លោក​ដេក​ស្រមៃ​ចង់បាន​រាល់ថ្ងៃ​» ៕