មេបញ្ជាការកងអង្គរក្សសម្ដេចជា ស៊ីម លោកឩត្តមសេនីយ៍ឯកឈឿន ចាន់ថន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការចាប់ខ្លួននៅផ្ទះរបស់លោកមេបញ្ជាការកងអង្គរក្សរូបនេះ និងឡោមព័ទ្ធភូមគ្រឹះរបស់គាត់លេខ៦៥ ផ្លូវលេខ៩៥ដើម្បីឆែកឆេររកវត្ថុតាងបទល្មើសគ្រឿងញៀនកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣សីហា២០១១ ស្ថិតនៅសង្កាត់បឹងកេងកងទី១៣ ខណ្ឌចំការមន ។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងតាមដីកាសាលាដំបូងរាជធានីភ្នំពឹញ ដឹកនាំដោយលោកយ៉ា គឹមអ៊ី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីតុលាការ ។ ព្រលឹមឡើងបើកភ្នែកភ្លាមលោកឈឿន ចាន់ថន ត្រូវបានកម្លាំងកងរាជអាវុធហត្ថឡោមព័ទ្ធភូមគ្រឹះតែម្ដង រឹបអូសបានកាំភ្លើងវែង៧ដើម កាំភ្លើងខ្លី៤ដើម រថយន្ដទំនើប១គឿង បន្ទាប់មកត្រូវបញ្ជូនទាំងមនុស្ស ទាំងវត្ថុតាងទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ ដើម្បីសាកសួរ និងកសាងសំណុំរឿង។
សមត្ថកិច្ចមិនបានប្រាប់ថាលោកឈឿន ចាន់ថន ជាប់ពាក់ពន្ឋ័នឹងបទល្មើសអ្វីខ្លះនោះទេ ប៉ុន្តែគេលួចខ្សឹបប្រាប់ថា គាត់ជាប់ពាក់ពន្ឋ័នឹងបទល្មើស គ្រឿងញៀន ដីធ្លី និងអាវុធ… ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និង នៅលើទំព័រកាសែតកោះសន្តិភាព។
ចែករំលែកព័តមាននេះ