ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន គាំទ្រ​ជំនួប​ត្រីភាគី​ជាមួយ​លោក ត្រាំ និង​លោក ស៊ី ប៉ុន្តែ​ទាមទារ​របៀបវារៈ​ច្បាស់លាស់

6 ថ្ងៃ មុន
  • ភ្នំពេញ

ទីក្រុង​មូ​ស្គូ ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) បាន​ថ្លែង​ថា លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​ជំនួប​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APEC) ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​របៀបវារៈ​ច្បាស់លាស់​មួយ​។

តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS នៅ​ថ្ងៃ​ទី​២ ខែតុលា បានឱ្យ​ដឹង​ថា លោក ពូ​ទី​ន បាន​កត់សម្គាល់​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​លើក​ទី ២៣ ក្លិប​ពិ​ភា​ក្ស Valdai ថា «​ចំពោះ​លទ្ធភាព​នៃ​ជំនួប​ត្រីភាគី ខ្ញុំ​ដឹង​ថា​បញ្ហា​នេះ កំពុង​ត្រូវ​បាន​ពិភាក្សា​ដេញដោល​នៅ​លើ​បណ្តាញសារព័ត៌មាន​។ ពួក​យើង​គាំទ្រ​ទាំងស្រុង ចំពោះ​រឿង​នេះ​។ ប៉ុន្តែ​វា​មាន​សំណួរ​មួយ ឬ​និយាយ​ឱ្យ​ចំ​គឺ​បញ្ហា​មួយ គឺ​យើង​ត្រូវការ​របៀបវារៈ​»​។

លោក​ក៏​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​ស្វែង​យល់​ជា​មុន​សិន​ថា តើ​ភាគី​ទាំងឡាយ​នឹង​ពិភាក្សា​អំពី​អ្វីខ្លះ​នៅ​ក្នុង​ជំនួប​នោះ ហើយ​លោក​ក៏​បាន​កត់សម្គាល់​ដែរ​ថា «​ប៉ុន្តែ​ជា​រួម ការ​សន្ទនា​ណា​ក៏​ដោយ គឺ​សុទ្ធតែ​មាន​ប្រយោជន៍​»​។

គួរ​បញ្ជាក់​ថា នៅ​ដើមខែ​កញ្ញា​កន្លង​ទៅ វិមាន​ក្រឹម​ឡាំង​បាន​ប្រកាស​ថា លោក ពូ​ទី​ន លោក ត្រាំ និង​លោក ស៊ី អាច​នឹង​មាន​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ​គ្នា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន នា​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខាង​មុខ​នេះ​៕