ខេត្តស្វាយរៀង ៖ យុវជនជំទង់ម្នាក់កំព្រាឯកោរស់នៅជាមួយជីតាពិការជើងទាំង២ក្នុងខ្ទមកំសត់មួយនៅក្រោមដើមឈើ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទលួចកង់កញ្ចាស់មួយគ្រឿងកាលពីថ្ងៃទី១២ សីហា ។ ជាការពិត ច្បាប់ពិតជាគ្មានការយោគយល់ដល់បុគ្គលណាម្នាក់ឡើយ ហើយក៏មិនបានបែងចែកសម្រាប់អ្នកធំ ឬអ្នកតូច ឬអ្នកក្រីក្រតោកយ៉ាកដែរ ឱ្យតែអនុវត្ត ឬប្រព្រឹត្តបទល្មើស ត្រូវតែទទួលទោស។ ប៉ុន្តែបើប្រៀបធៀបនឹងបទល្មើសធ្ងន់ធ្ងរជាច្រើនទៀតដូចខ្លាសីុគោ ពិតជាគួរឱ្យអនិច្ចារណាស់សំរាប់ក្មេងជំទង់នេះ។
បានជាហ៊ាននិយាយបែបនេះដោយសារថា យុវជនជំទង់រូបនេះមិនមែនលួចយកទៅលក់យកលុយទៅលេងល្បែង ផឹកស្រា ឬទិញថ្នាំញៀនទេ តែជាការលួចដើម្បីយកមកជិះ ដោយសារតែការធ្វើដំណើរពីភូមិមកធ្វើកម្មករនៅក្រុងស្វាយរៀងមានចំងាយជាង១០គីឡូម៉ែត្រដើម្បីចិញ្ចឹមជីតាជរាពិការ ដោយដើរទៅមកព្រឹកល្ងាចច្រើនខែមកហើយ ពុំអាចសន្សំទិញកង់ជិះបានឡើយ។
រឿងរ៉ាវចាប់ចោរលួចកង់ឱ្យតុលាការផ្តន្ទាទោសនេះ ត្រូវបានរាយការណ៍ឱ្យដឹងថា យុវជនជំទង់ឈ្មោះវង្ស កាណេត អាយុ១៧ឆ្នាំ ត្រូវសមត្ថកិច្ចប៉ូលិសក្រុងចាប់ខ្លួនកាលពីថ្ងៃទី១០ សីហា នៅវេលាម៉ោង៣ និង២០នាទីរសៀល ខណៈដែលកំពុងជិះកង់។
លោកវរសេនីយ៍ត្រីងិន សុផល អធិការនគរបាលក្រុងស្វាយរៀងបានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី ១០ សីហា ថា ស្ត្រីម្នាក់ឈ្មោះសោម យាង អាយុ៤៨ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរបស់លោកថា កាលពីថ្ងៃទី៩ សីហា វេលាម៉ោង១០យប់មានចោរចូលលួចកង់អស់មួយគ្រឿងពណ៌ស។ លុះដល់ម៉ោង៣ និង២០នាទីរសៀលក៏ប្រទះឃើញក្មេងប្រុសម្នាក់ជិះ ទើបរូបលោកបញ្ជាឱ្យឃាត់ខ្លួនមកសាកសួរ។ យុវជនជំទង់រូបនេះមានមុខរបរជាកម្មករ ស៊ីឈ្នួលលីសែងតាមផ្សារ មានទីលំនៅក្នុងភូមិឫស្សីព្រៃ ឃុំចម្លង ស្រុកស្វាយជ្រំចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងស្វាយរៀង និងបានសារភាពដោយស្មោះត្រង់ថា រូបគេពិតជាបានចូលផ្ទះគេលួចកង់ពិតប្រាកដមែន ព្រោះតែរូបគេគ្មានកង់ជិះមកធ្វើការ ដោយដើរទៅមកព្រឹកល្ងាចចម្ងាយផ្លូវជាង១០គីឡូម៉ែត្រទើបដាច់ចិត្តចូលលួចកង់១គ្រឿងនេះ ហើយបានយកទៅឱ្យជាងបាញ់ថ្នាំពណ៌ខៀវលើពណ៌សដើម្បីកុំឱ្យម្ចាស់គេស្គាល់ តែម្ចាស់កង់នៅតែស្គាល់កង់របស់គេ។ ក្រោយពីទទួលបានការសារភាពសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី១១ សីហា ២០១១ វេលាម៉ោង៣រសៀល ។ លុះនៅថ្ងៃទី១២ សីហា ក៏ត្រូវបានបញ្ជូនទៅតុលាការ និងបានឃុំខ្លួនដោយស្វ័យប្រវត្តិក្នុងពន្ធនាគារ។
ចំពោះការដាក់គុកនេះមិនទាន់ដឹងថា នឹងប្រើរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែនោះឡើយ ។រឿងក្តីនេះប្រៀបដូចជារឿង«ឆ្មាលួចស៊ីត្រីអាំង»តែប៉ុណ្ណោះ។
លោកឧកញ៉ាថុង អ៊ុយប៉ាង ស្ថាបនិកសារព័ត៌មានកោះសនិ្តភាពបាននិយាយក្រោយពីបានឃើញរបាយការណ៍ដែលអ្នកយកព័ត៌មានខេត្តស្វាយរៀងបញ្ជូនមកដល់ការិយាល័យនិពន្ធថា លោកឧកញ៉ាសំណូមពរសុំត្រឹមជួយអប់រំបានហើយ ។ ប្រសិនបើព្រះរាជអាជ្ញាសាលាដំបូងមេត្តាដោះលែងមកវិញ លោកឧកញ៉ានឹងជួយឧបត្ថម្ភកង់ថ្មីមួយភ្លាម។ ព្រោះក្មេងកំព្រាឯកោនេះបានបញ្ចេញកម្លាំងកាយ រកប្រាក់ចិញ្ចឹមជីតាពិការជើងទាំង២ដែលរស់ដោយសារចៅម្នាក់នេះ ៕
ចែករំលែកព័តមាននេះ