ខេត្តក្រចេះ ៖ មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រចេះ កំពុងកសាងសំណុំរឿងរថយន្តដឹកឈើ ប្រណីតដែលបង្រ្កាបបានចំនួន៣គ្រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយពីចាប់ឃាត់បានក្នុងអំឡុងពេល៣ថ្ងៃ ក្នុងនោះមានរថយន្តដឹកឈើគ្រញូងមួយគ្រឿងជារថយន្តអ្នកកាសែត។
លោកប៊ួយ រតនា នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានអោយដឹងថា ក្រោមការបញ្ជារបស់លោកនាយផ្នែក រូបលោកដឹកនាំកម្លាំងចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់បានចំនួនបី គ្រឿងនៅកន្លែងផ្សេងគ្នាក្នុងដែនសមត្ថកិច្ចរបស់ផ្នែករដ្ឋបាលព្រៃឈើក្រចេះក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាក្នុងចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១១ សីហា។ រថយន្តដែលបង្រ្កាបបានទាំងបីគ្រឿងនេះសុទ្ធសឹងជារថយន្តដឹកឈើប្រណីត រួមមានប្រភេទធ្នង់ និងគ្រញូង ដោយពួកគេបានប្រើគ្រប់រូបភាពក្នុងការដឹកជញ្ជូន តែទោះបីជាយ៉ាងណាក៏សមត្ថកិច្ចនៅតែតាមស្រាវជ្រាវ និងបង្ក្រាបបាន។
មន្រ្តីដដែលបានអោយដឹងថា រថយន្តទាំងបីគ្រឿងនេះមាន ១-រថយន្តកាមរីគូទស្វិត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2E 1591 មានដឹកឈើគ្រញូងចំនួន២៦កំណាត់ ។ រថយន្តមួយ គ្រឿងនេះបើកបរដោយជនម្នាក់ឈ្មោះផា ស៊ីថាន អះអាងថា ខ្លួនជាអ្នកកាសែតរបស់អង្គភាពសមាគមសារព៌ត័មានឃ្លាំមើលកម្ពុជា និងបានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ច បង្រ្កាប ។ ២-រថយន្តម៉ាកកាមរីគូទស្វិត ពណ៌ទឹកប៊ិច មានដឹកឈើធ្នង់ចំនួន២៦កំណាត់ស្មើនឹងជាង៣មែត្រគូបពេញលើដំបូលដោយគ្របកៅស៊ូតង់បន្លំជារថយន្តដឹកអេតចាយ ។ ៣-រថយន្តម៉ាកតូយ៉ូតាមួយបាំងកន្លះ ពណ៌ប្រផេះពុំមានពាក់ស្លាកលេខ។ រថយន្តមួយគ្រឿងនេះបានប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចស្ទើរនឹកស្មានមិនដល់ គឺផ្សារដែកបិទបន្ថែមពីលើទ្រុងខាងក្រោយហើយដាក់ឈើពីខាងក្នុងដែលមើលទៅហាក់ដូចជាមិនមានដឹកអ្វីតែក៏ត្រូវសមត្ថកិច្ចតាមទាន់ បង្រ្កាបបាន ហើយរថយន្តមួយគ្រឿងនេះមានផ្ទុកសុទ្ធតែឈើគ្រញូងមានចំនួន១៧កំណាត់ធំៗ។
លោកនាយរងផ្នែកបានអោយដឹងទៀតថា ក្នុងការចុះបង្រ្កាបនេះសមត្ថកិច្ចចាប់ឃាត់អ្នកបើកបរមិនទាន់ដោយសារតែពួកគេដឹងខ្លួនមុន ក៏ទុករថយន្តចោលហើយរត់គេចខ្លួនបាត់។ លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានអោយដឹងកាលពីថ្ងៃ១២ សីហា ថាចំពោះរថយន្តទាំងនេះគឺយកទៅរក្សាទុកនៅ ស្ថានីយបណ្តុះកូនឈើ.សខ្សារ ហើយជំនាញរដ្ឋ បាលព្រៃឈើកំពុងកសាងសំណុំរឿងចាត់បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីមានវិធានការបន្តតាមនីតិវិធីទាំងរថយន្ត និងឈើ រួមទាំងឈ្មោះម្ចាស់រថយន្តទាំងអស់នេះផងដែរ៕
ចែករំលែកព័តមាននេះ