ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ ជំរុញ​កម្មវិធី​ប្រកួតប្រជែង​ជំនាញ ក្លាយជា “​ចលនា​ជាតិ​” ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស និង​បើកឱកាស​ឱ្យ​យុវជន​ បង្ហាញ​ទេព​កោសល្យ​ ក្នុង​កម្រិត​តំបន់និង​ពិភពលោក

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​១០ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​ការ​ប្រកួតប្រជែង​ជំនាញ​ជា​ការ​បញ្ចេញ​ទេព​កោសល្យ និង​បង្កើត​ឱកាស​ជោគជ័យ​!” នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ គណៈកម្មការ​រៀបចំ ប្រធាន​គណៈវិនិច្ឆ័យ ប្រធាន​ជំនាញការ ជំនាញការ លោកគ្រូ​អ្នកគ្រូ និង​សិស្ស​និស្សិត​ប្រមាណ ១​ពាន់​នាក់​ ។ កម្មវិធី​នេះ​មាន​គោលបំណង​ជំរុញ​ការ​ប្រកួតប្រជែង​ជំនាញ​ប្រកបដោយ​ប្រសិទ្ធភាព និង​យុត្តិធម៌ លើកកម្ពស់​ការ​អភិវឌ្ឍ​គុណភាព​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​លើក​តម្លៃ​ការងារ​ដល់​យុវជន និង​កម្មករ​ជំនាញ ព្រមទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​គ្រឹះស្ថានសាធារណៈ ឯកជន និង​អង្គការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ​។

ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​ខិតខំ​របស់​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គណៈកម្មការ​សម្រាប់​ការ​រៀបចំ ​ការ​ប្រកួតប្រជែង​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ ដែល​បង្ហាញ​ជា​សាធារណៈ​នូវ​កា​រវិ​វ​ឌ្ឍ​ដោយ​ចីរភាព​នៃ​វិស័យ TVET និង​ឧត្តមភាព​ជំនាញ ជា​ពិសេស​ទេព​កោសល្យ​របស់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ឆ្នាំ​នេះ​កើនឡើង​រហូត​ដល់ ១១២​នាក់ (​នារី ២៩ រូប​) មក​ពី​គ្រឹះស្ថាន​ចំនួន ២០ ខណៈ​ដែល​ជំនាញ​ប្រកួតប្រជែង​កើនឡើង​ដល់ ១២​។ ឯកឧត្តម​មាន​ប្រសាសន៍​ថា វឌ្ឍនភាព​នេះ​បង្ហាញ​ពី​កា​រវិ​វត្ត​ជាទី​មោ​ទ​ន​នៃ​កម្មវិធី​នេះ​ក្នុង​រយៈពេល​១៦​ឆ្នាំ​មកនេះ ដែល​កើត​ចេញពី​ការ​ផ្តល់​អាទិភាព​គន្លឹះ​លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព ជំនាញ​ច្បាស់លាស់ គំនិត​ច្នៃប្រឌិត និង​ការ​ប្រកួតប្រជែង​ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​ ។

លើស​ពី​នេះ វឌ្ឍនភាព​នេះ​ក៏​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថាន​អប់រំ​រដ្ឋ អង្គការ និង​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ និង​លើក​ស្ទួយ​ជំនាញ​។ ហេតុនេះ ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​បន្ត​ចូលរួម​បន្ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​លើកកម្ពស់​ជំនាញ​នៅ​កម្ពុជា ពង្រឹង​និង​បង្កើន​កម្លាំង​ពលកម្ម​ជំនាញ បង្កើន​ស្តង់ដា​បណ្តុះបណ្តាល លើកកម្ពស់​ការ​វិនិយោគ និង​ចូលរួម​សម្រេច​ច​ង្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ ឯកឧត្តម​គូសបញ្ជាក់​ថា ជំនាញ​ជា​មូលដ្ឋាន​គ្រឹះ ជា​ឆ្អឹងខ្នង និង​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​នៃ​ជីវិត​សម័យ​ទំនើប សម្រាប់​ការ​អភិវឌ្ឍ​អាជីព ឧស្សាហកម្ម និង​សេដ្ឋកិច្ច​សង្គម​។ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្ពស់ ជា​ឧបករណ៍​ស្នូល​ក្នុង​ការ​ធ្វើ​ផែនការ ការ​គ្រប់គ្រង​និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ ។

ឯកឧត្តម​បាន​លើ​ទឹកចិត្ត​ដល់​សិស្សានុសិស្ស និង​យុវជន​ឱ្យ​ឈ្វេងយល់​ ពី​តម្លៃ​នៃ​កម្មវិធី​នេះ និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​ឈាន​ឆ្ពោះទៅ​ឈរ​កាន់​ទង់ជាតិ​កម្ពុជា​ក្នុង​កម្រិតពិភពលោក នា​ពេល​ណាមួយ​ខាង​មុខ ហើយ​ក៏​ត្រូវធ្វើ​ជា​គំរូ និង​ចែករំលែក​បទ​ពិសោធ​ដល់​សិស្ស​ប្អូន ឬ​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ ​។

ទន្ទឹម​នេះ ឯកឧត្តម​ក៏​ផ្តល់​អនុសាសន៍​ឱ្យ​អគ្គនាយកដ្ឋាន​ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ ដើម្បី​បំផុស​ឱ្យ​យុវជន​ចាប់​យក​ជំនាញ និង​មិន​ត្រឹមតែ​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​មាន​មហិច្ឆតា​យក​មេដាយ​ណាមួយ​ ក្នុង​កម្រិត​អាស៊ាន ឬ​ពិភពលោក​ ។ លើស​ពី​នេះ ក៏​ត្រូវ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​រៀបចំ និង​ពង្រីក​កម្មវិធី​នេះ​ឱ្យ​ក្លាយជា “​ចលនា​ជាតិ​” ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ និង​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​ចូលរួម​បាន​ផុសផុល​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្មវិធី​ប្រកួតប្រជែង​នេះ មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ក្រសួង​ការងារ​នោះ​ទេ ប៉ុន្តែ​ជា​របស់​ជាតិ​ទាំងមូល​។ ហេតុនេះ ឯកឧត្តម​បាន​អំពាវនាវ​ឱ្យ​មានការ​ចូលរួម ជួយ​គាំទ្រ ឧបត្ថម្ភ​បន្ថែម​ទៀត ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ជំនាញ និង​មាន​សិស្ស ឬ​បេក្ខជន​ដែល​មាន​សមត្ថភាព​ចូលរួម​កាន់តែ​ច្រើន​ទាំង​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​សម្រេច​ក្តី​ស្រមៃ​ក្នុង​ការ​លើក​ទង់ជាតិ​កម្ពុជា​នៅ​លើ​វេទិកា​ពិភពលោក​នា​ពេល​អនាគត​ ។

នៅ​ក្នុង​កម្មវិធី​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៦​នេះ ឯកឧត្តម ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​ប​ចេ្ច​ក​ទេស និង​វិជ្ជាជីវៈ បាន​ជម្រាប​ជូន​ថា បេក្ខជន​ជ័យ​លា​ភី​ដែល​ទទួល​បាន​មេដាយមាស​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​បី​លាន​រៀល មេដាយ​ប្រាក់​ទទួល​បាន​ចំនួន​ពីរ​លាន​រៀល និង​មេដាយ​សំរឹទ្ធិ​ចំនួន​មួយ​លាន​រៀល ហើយនឹង​ត្រូវ​ជ្រើសរើស​ជា​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ក្នុង​កម្រិត​តំបន់​អាស៊ាន អន្តរជាតិ និង​ពិភពលោក​។ ឯកឧត្តម​បាន​ប្តេជ្ញា​ពង្រីក និង​ពង្រឹងគុណភាព​នៃ​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​អភិវឌ្ឍ​ជំនាញ និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ៕ អត្ថបទសហការ