រាជធានីភ្នំពេញ ៖ គណៈកម្មការសង្ឃខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី១២ សីហា ២០១១ បានសម្រេចចាប់ខ្លួនសង្ឃមួយអង្គផ្សឹកដោយយោងទៅតាមពាក្យបណ្តឹងរបស់ពុទ្ធបរិស័ទរស់នៅខណ្ឌមានជ័យប្តឹងចោទប្រកាន់ថា ជាសង្ឃដែលបានប្រើល្បិចបិណ្ឌបាតយកទៅកសាងសមិទ្ធផលនានា តែគ្មានឃើញធ្វើអ្វីទាំងអស់។
សង្ឃដែលត្រូវចាប់ផ្សឹកខាងលើនេះឈ្មោះឱក វាសនា អាយុ២៧ឆ្នាំ គង់នៅវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ។ ពិធីផ្សឹកសង្ឃអង្គនេះបានអនុវត្តឡើងនៅក្នុងបរិវេនវត្តច្បារអំពៅខណ្ឌមានជ័យ។ តាមប្រភពព័ត៌មានទាក់ទិននឹងការចាប់ផ្សឹកសង្ឃខាងលើបានឱ្យដឹងថា កន្លងមក ក៏ដូចជាពេលថ្មីៗនេះ (១២ សីហា) សង្ឃឈ្មោះឱក វាសនា បានមកបិណ្ឌបាតប្រជាពលរដ្ឋនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ លើកទី៣ ហើយទើបបែកការណ៍ថា សង្ឃឈ្មោះឱក វាសនា បិណ្ឌបាតបច្ច័យបានហើយ តែមិនបានយកទៅកសាងអ្វីទាំងអស់ គឺគិតតែពីមកសុំបិណ្ឌបាតបន្ថែម បន្តទៀត ទើបម្ចាស់់ទានប្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវចាត់ការ ដើម្បីកុំឱ្យខូចខាតប៉ះពាល់ដល់សង្ឃផ្សេងៗទៀត ដែលពុទ្ធបរិស័ទនានាបានគោរពប្រណិប័តន៍តាមទំនៀមទម្លាប់ប្រពៃណីសាសនា ៕
ចែករំលែកព័តមាននេះ