«ស្បៃខ្មែរ» បង្ហាញនៅលើចម្លាក់ប្រាសាទអង្គរវត្ត
- ភ្នំពេញ
ខេត្តសៀមរាប៖ រូបចម្លាក់បង្ហាញពីស្បៃខ្មែរនេះស្ថិតនៅថែវខាងជើងស្លាបខាងកើតនៃប្រាសាទអង្គរវត្ត ដែលជាផ្នែកមួយក្នុងចំណោមផ្នែកដែលឆ្លាក់មិនទាន់ចប់នៅសតវត្សរ៍ទី១២ ហើយក្រោយមកត្រូវបានឆ្លាក់បំពេញនៅសតវត្សរ៍ទី១៦ ក្នុងអំឡុងរជ្ជកាល ព្រះបាទអង្គចន្ទទី១ ។
បើតាមវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ចម្លាក់នេះបង្ហាញពីក្រុមនារីកាន់គ្រឿងតង្វាយ និងស្លៀកពាក់សម្លៀកបំពាក់ដែលមានគ្រឿងលម្អយ៉ាងប្រណីត ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍ជាពិសេស គឺការពាក់ «ស្បៃ» លើស្មា គ្របដណ្ដប់ផ្នែកខាងលើនៃរាងកាយ និងមានជាយទម្លាក់ទៅក្រោយខ្នង ។
ចម្លាក់នេះផ្ដល់នូវភស្តុតាងជារូបភាពដ៏មានតម្លៃ សម្រាប់ការឈ្វេងយល់អំពីសម្លៀកបំពាក់ ការតុបតែងខ្លួន និងការបង្ហាញអំពីពិធីការនៅកម្ពុជាក្នុងសតវត្សទី១៦ សម័យក្រោយអង្គរ ។
កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ ផ្សេងៗសុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា ។
ពិសេស «ស្បៃ» ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច «ព្រះថោងតោងស្បៃ» គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្ត គ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត ៕












ចែករំលែកព័តមាននេះ