មុខរបរប្រពៃណីមួយចំនួន បន្តមានជីវិតនៅខេត្តសៀមរាប
- សៀមរាប
ខេត្តសៀមរាប៖ មុខរបរបែបប្រពៃណីជាច្រើនបន្តមានជីវិតក្នុងតំបន់អង្គរ ខេត្តសៀមរាប ។ ថ្វីបើបច្ចុប្បន្ន អ្វីៗមានភាពជឿនលឿន ជាពិសេសរបស់ប្រើប្រាស់កាន់តែទំនើប ប៉ុន្តែអ្នកខេត្តសៀមរាបនៅតែបន្តផលិតរបស់ប្រើប្រាស់ប្រពៃណី ទោះបីជាជួបការលំបាកចូលក្នុងទីផ្សារ ឬក៏ពិបាកប្រកួតប្រជែងជាមួយរបស់ ទំនើបៗក៏ដោយ ។
បើតាមវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ ជាមួយបេតិកភណ្ឌប្រាសាទនានា ក្នុងឧទ្យានអង្គរ នៅតែបន្តប្រកបមុខរបរ និងថែរក្សាប្រពៃណីជាច្រើនប្រភេទ ដែលបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរសម្បូរបែប ។
មុខរបរទាំងនោះ រួមមាន៖
-មុខរបរលញ់ធូប ។
-មុខរបរត្បាញកន្ទេលរំចេក ។
-មុខរបរត្បាញកន្ទេលផ្អាវ ។
-មុខរបរត្បាញជាល ឬត្បាញរពាក់ ។
-មុខរបរក្រងស្បូវ ។
-មុខរបរត្បាញស្មុក ។
-មុខរបរដេរអំបោសជក់ត្នោត ។
-មុខរបរត្បាញកំប្លោក ។
-មុខរបរធ្វើនំបញ្ចុក ។
មុខរបរទាំងនេះមិនត្រឹមតែជាមធ្យោបាយនៃការប្រកបមុខរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការថែរក្សា និងបន្តបេតិកភណ្ឌវប្បធម៌ពីដូនតា ឲ្យស្ថិតស្ថេរក្នុងសង្គមខ្មែរ រហូតមកដល់សព្វថ្ងៃផងដែរ ។
ខេត្តសៀមរាបក្រៅពីនៅរក្សាបានមុខរបរប្រពៃណីទាំងនោះ ទំនៀមប្រពៃណីជាច្រើនទម្រង់ក៏បន្តនៅមានជីវិតមកដល់បច្ចុប្បន្នផងដែរ ដូចជាទំនៀមបួងសួងសុំទឹកភ្លៀង ទំនៀមឡើងអ្នកតា ទំនៀមចាប់ត្រីរួមគ្នាជាដើម ៕














ចែករំលែកព័តមាននេះ