ផលិតករ២រូប បង្ហាញទស្សនៈជុំវិញបច្ចេកវិទ្យា AI នៅក្នុងវិស័យភាពយន្ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផលិតករភាពយន្តពីររូបលោកគឺ លោក ឆាយ បូរ៉ា និងលោក សែម វិសាល បានបង្ហាញទស្សនៈរបស់ខ្លួនជុំវិញបច្ចេកវិទ្យា AI នៅក្នុងវិស័យភាពយន្តបច្ចុប្បន្ន ខណះពេលដែលបច្ចេកវិទ្យាដ៏ទំនើបមួយនេះកំពុងតែពេញនិយម និងត្រូវបានគេប្រើប្រាស់នៅក្នុងការផលិតភាពយន្តខ្នាតខ្លី និងស្ពតពាណិជកម្មនានាបានយ៉ាងទូលំទូលាយ ។
ទោះជាយ៉ាងណា ផលិតករទាំងពីររូបខាងលើនេះនៅតែមានទស្សនៈថា បច្ចេកវិទ្យា AI នេះមិនអាចជំនួសផលិតករទាំងស្រុងនោះឡើយ ពោលវាគ្រាន់តែអាចផលិតត្រឹមបច្ចេកទេសជំនួយ ហើយភាពយន្ត AI ក៏មិនអាចឡើងទីផ្សារធំៗនោះឡើយ ។
ផលិតករ និងជាចាងហ្វាងផលិតកម្ម Wonder Film លោក សែម វិសាល បានអះអាងប្រាប់កោះសន្តិភាពថា បច្ចេកវិទ្យា AI គ្មានឥទ្ធិពលជំនួសមនុស្សទេ វាគ្រាន់តែជំនួយការងារប៉ុណ្ណោះ ខណៈពេលដែលការផលិតភាពយន្តជាលក្ខណៈ AI នេះគឺគុណភាពមិនអាចឡើងទីផ្សារធំបានឡើយ ។
លោកថា បើនិយាយពី AI មានបែបផែនខុសគ្នា១-ផលិតឡើងដោយ AI សុទ្ធ ២-ផលិតត្រឹមប្រើ បច្ចេកទេសជំនួយ ៣-ផលិតកម្រិត AI ធម្មតា ៤-ផលិតកម្រិត studio អន្តរជាតិសំខាន់យើងចង់លក់លើទំហំទីផ្សារកម្រិតណា ចំណាយផលិតតាមកម្រិតនោះ ។
លោកបញ្ជាក់ថា ផលិត AI ធម្មតា បានសម្រាប់បណ្ដាញសង្គមធម្មតាប៉ុណ្ណោះ គុណភាពមិនអាចឡើងទីផ្សារធំបាន AI គ្មានឥទ្ធិពលជំនួសមនុស្សទេ គ្រាន់តែជំនួយការងារប៉ុណ្ណោះ AI ជំនួសមនុស្សបានអត់មិនស្ថិតលើ AI ទេ ស្ថិតលើអ្នកជំនាញពាក់ព័ន្ធបច្ចុប្បន្នព្រមរៀន AI បន្ថែម ដើម្បីតាមតម្រូវការ ទន្ទឹមនឹងពិភពលោកដើរលឿនលើបច្ចេកវិទ្យាឬអត់ប៉ុណ្ណោះ។
ស្រដៀងគ្នានេះផលិតករ និងជាប្រធានសមាគមភាពយន្តកម្ពុជាលោក ឆាយ បូរ៉ា ក៏បានអះអាងប្រាប់កោះសន្តិភាពដែរថា នាពេលអនាគតស្រុកខ្មែរយើងបច្ចេកវិទ្យា AI និង CGI និងមកបម្រើក្នុងវិស័យភាពយន្តខ្នាតធំ ប៉ុន្តែវាមិនអាចបម្រើការបាន១០០ភាគរយនោះឡើយ ។
លោកថា ប្រទេសខ្លះបានធ្វើវាហើយ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យនៅឡើយទេ ដោយសារតែវាមើលទៅនៅឆ្គង ដោយមិនមានសភាពជាមនុស្សពិត ដូច្នេះវាមិនអាចបម្រើទស្សនិកជនបានល្អពេកនោះឡើយ ពោលវាគ្រាន់តែអាចមកបម្រើក្នុងវិស័យភាពយន្តក្នុងឈុតឆាកដែលផលិតករពិបាកធ្វើតែប៉ុណ្ណោះ ។
លោកបន្ថែមថា ផលិតនៅតែខិតខំផលិតឈុតឆាកនៃសាច់រឿងនៅមុខកាមេរ៉ាឲ្យបានល្អ ហើយចំណុចណាដែលយើងមិនអាចធ្វើបាន នោះបច្ចេកវិទ្យា AI នឹងមកជំនួស ហើយផលិតករក៏នៅតែផ្ចិតផ្ចង់ទៅលើបច្ចេកវិទ្យានេះដដែល ។
លោកបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខ្មែរយើងមានអ្នកយកមកផលិតជាភាពយន្តខ្នាតខ្លី និងស្ពតពាណិជកម្មបានខ្លះ ដោយសារតែវាចំណាយថវិកាទាប ប៉ុន្តែសម្រាប់ក្រុមហ៊ុនធំៗដែលហ៊ានចំណាយថវិកាច្រើននោះគេនៅតែត្រូវការតួសម្តែងពិតៗដដែល ។
លោកបន្ថែមថា ជាទូទៅ បច្ចេកវិទ្យា AI នេះវានឹងមកជំនួស 3D ឬក៏ CGI ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលមានការចំណាយថវិកាខ្ពស់គេនឹងយក CGI មកធ្វើ ព្រោះវាមានគុណភាពល្អ និងរូបភាពច្បាស់ជាង ។
យ៉ាងណាបើតាមលោក ឆាយ បូរ៉ា សម្រាប់វិស័យឧស្សាហកម្មភាពយន្តនៅហូលីវូដ បច្ចេកវិទ្យា AI នេះក៏មានប៉ះពាល់ផងដែរ ដោយវាបានទាញការងារពីផលិតករប្រមាណ៤០ភាគរយ ប៉ុន្តែបច្ចេកវិទ្យានេះវាក៏បានផ្តល់ប្រយោជន៍ទៅកាន់ផលិតករតូចៗ ដោយសារវាងាយស្រួលផលិត និងចំណាយថវិកាតិច ៕





ចែករំលែកព័តមាននេះ