ទីភ្នាក់ងារ AFP ផ្សាយថា ក្រុមហ៊ុន «អេបផល» (Apple) អ្នកផលិត «អាយហ្វូន» (iPhone) និង «អាយផេត» (iPed) បានប្រជែងក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុត «អេកហ្សុនម៉ូប៊ីល» គ្រប់គ្រងតំណែងក្រុមហ៊ុនដែលមានប្រាក់ទុនច្រើនបំផុតនៅលើពិភពលោក ស្របតាមតម្លៃទិញ-លក់ក្នុងទីផ្សារមូលប័ត្រ ។
ទោះបីជាស្ថិតនៅក្នុងថ្ងៃដែលទីផ្សារមូលប័ត្រធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនអេបផល បានបិទការលក់ក្នុងតម្លៃ៣៦៣,៦៩ដុល្លារក្នុងមួយហ៊ុន ធ្វើឱ្យតម្លៃមូលប័ត្រក្នុងទីផ្សារសរុបឡើងខ្ពស់ដល់ទៅ៣៣៧.២០០លានដុល្លារ ។ ខណៈពេលថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អេកហ្សុន ម៉ូប៊ីល ធ្លាក់ចុះត្រឹម៦៨,០៣ដុល្លារក្នុងមួយហ៊ុន ធ្វើឱ្យក្រុមហ៊ុនផលិតប្រេងមានតម្លៃមូលប័ត្រក្នុងទីផ្សារសរុប៣៣០.៨០០លានដុល្លារ ។
កាលពីមុននេះ ក្រុមហ៊ុនអេបផល ធ្លាប់ផ្តួលក្រុមហ៊ុនម៉ៃក្រូសហ្វ (Microsoft) ដ៏ធំបំផុតនៅលើពិភពលោក ក្នុងខែឧសភា ឆ្នាំ២០១០ ក្លាយជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំក្នុងសហរដ្ឋអាមេរិក ស្ថិតនៅលើទស្សនៈនៃតម្លៃទីផ្សារមូលប័ត្រ។
ភាគហ៊ុនរបស់ក្រុមហ៊ុនអេបផល (Apple) បានឡើងខ្ពស់ជាបន្តបន្ទាប់ ក្នុងអំឡុងពេល២-៣ឆ្នាំកន្លងមក ខណៈពេលលោកស្ទីហ្វ ចប ប្រធានក្រុមហ៊ុនបានបញ្ចេញទំនិញដ៏ពេញនិយមក្នុងទីផ្សារជាបន្តបន្ទាប់ចាប់តាំងពីផលិតផលអាយផត (Ipod) ក្នុងឆ្នាំ២០០១ ក្រោយមកគឺផលិតផលអាយហ្វូន (iPhone) ក្នុងឆ្នាំ២០០៧ និងអាយផេត (iPad) នៅក្នុងឆ្នាំបន្ទាប់ (២០០៨)។
ការកាន់តំណែងក្រុមហ៊ុនដែលមានប្រាក់ទុនច្រើនបំផុតនៅលើពិភពលោករបស់អេបផល (Apple) លើកនេះ ត្រូវបានមើលឃើញថា មានភាពគួរឱ្យភ្ញាក់ផ្អើល ព្រោះកាលពីមុននេះ ក្រុមហ៊ុនខាងលើស្ទើរតែទទួលការបំភ្លេចចោល៕
ចែករំលែកព័តមាននេះ