ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​គេ​អះ​អាង​ថា​លង់​ទឹក​ស្លា.ប់​រហូត​ហើម​ស្អុយ​បែរ​ជា​នៅ​រស់​ត្រ​លប់​ចូល​ភូមិ​វិញ​ផ្អើល​ថា​ខ្មោច​លង

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​​កើតឡើង​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​​សង្ឃ័រ ក្រុង​ស្វាយ​រៀង ​និងធ្វើ​ឱ្យ​មនុស្ស​ម្នា​ផ្អើល​ពេញ​​ភូមិថា ខ្មោច​លង​ដោយ​សារ​អ្នក​ភូមិ​គ្រប់​គ្នា​​បាន​ដឹងថា ​បុរស​ម្នាក់​ឈ្មោះ​សៅ ដូច ​ត្រូវ​ស្លា.ប់​ដោយ​លង់​ទឹក​រហូត​ហើម​ស្អុយ​ ទើប​ដឹង។ ​សព​នេះ​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​កប់​នៅ​វត្ត​ព្រះ​​ទន្លេ សង្កាត់​

ខេត្តស្វាយរៀង ៖ មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​​កើតឡើង​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​​សង្ឃ័រ ក្រុង​ស្វាយ​រៀង ​និងធ្វើ​ឱ្យ​មនុស្ស​ម្នា​ផ្អើល​ពេញ​​ភូមិថា ខ្មោច​លង​ដោយ​សារ​អ្នក​ភូមិ​គ្រប់​គ្នា​​បាន​ដឹងថា ​បុរស​ម្នាក់​ឈ្មោះ​សៅ ដូច ​ត្រូវ​ស្លាប់​ដោយ​លង់​ទឹក​រហូត​ហើម​ស្អុយ​ ទើប​ដឹង។

សព​នេះ​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​កប់​នៅ​វត្ត​ព្រះ​​ទន្លេ សង្កាត់​សង្ឃ័រ ​កាលពី​ថ្ងៃ​ទី​៩ ​សីហា វេលា​ម៉ោង​​១១​ព្រឹករួចហើយ ព្រោះ​មិន​អាច​​ទុក​បាន។​ ឯ​អាជ្ញា​ធរ​ភូមិ និង​ចាស់​ទុំ​ក្នុងភូមិ​​បាន​ដើរ​រៃ​អង្គាស​​ថវិកា​​ ដើម្បី​​ធ្វើ​បុណ្យ​ឱ្យ​ ពីព្រោះ​ឈ្មោះ​​​សៅ ដូច នេះ មាន​ជីវិត​ឯ​កោ​​ក្រី​ក្រ​មុខ​របរ​​ធាក់​ស៊ីក្លូ ​រក​ព្រឹក​ខ្វះល្ងាច ហើយ​​ម្តាយ​ក៏​បាន​ទៅ​នៅ​ក្រុង​ភ្នំពេញ ​រក​ស៊ី​ពីរបី​ឆ្នាំ​មក​ហើយ​ពុំ​ដែល​មក​ផ្ទះ​ទេ។ លុះ​​នៅ​ថ្ងៃ​ទី​១០ ​សីហា ​វេលា​ម៉ោង​៧​យប់ បែរ​ជា​​ឃើញ​ឈ្មោះ​សៅ ដូច ដើរ​នៅ​មុខ​ផ្ទះ​ក៏​នាំ​​គ្នា​​​រត់​ប្រសាច​ផ្អើល​ថា ខ្មោច​​លង​​  តាម​ពិត​​ឈ្មោះ​សៅ​ ដូច នៅ​រស់​សោះ។ តាម​​រយៈ​នៃ​ការ​បង្ហាញ​​ខ្លួន​របស់​ឈ្មោះ​សៅ ដូច នេះ​បានបញ្ជាក់ថា សាក​សព​​អណ្តែត​ទឹក​ដែល​ប៉ូលិស​​ថា លង់​ទឹក ឯ​ពេទ្យ​ពិនិត្យ​​ថា សង្ស័យ​ឃាត​កម្ម គឺ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ។

ថ្ងៃទី​១២ សីហា ​វេលា​ម៉ោង​៧​ព្រឹក អ្នក​ស្រី ណាម ​​វណ្ណី ​អាយុ​៥៥​ឆ្នាំ ត្រូវ​ជា​ម្តាយ​បង្កើត​របស់​ឈ្មោះ​សៅ ដូច នៅ​​ភូមិ​បាក់​រនាស់ សង្កាត់​​ស​ង្ឃ័រ ក្រុង​ស្វាយ​រៀង បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ​ពេល​គាត់បាន​ទទួល​ទូរស័ព្ទ​ពី​អ្នក​ស្រុក​ថា កូន​ប្រុស​របស់​គាត់​​ឈ្មោះ «ដូច» ​លង់​ទឹក​ស្លាប់ ​ហើយ​សង្ស័យ​ថា មាន​គេ​លួចវាយ​សម្លាប់​រហូត​ហើម​ស្អុយ​​​ធ្វើ​ឱ្យ​រូប​គាត់​ស្ទើរ​គាំង​បេះ​ដូង​ស្លាប់​ ព្រោះ​ទៅរក​ស៊ីនៅភ្នំពេញ និង​ឱ្យ​កូន​នៅ​ផ្ទះ​​ម្នាក់​ឯង ក៏​ប្រញាប់​ប្រញាល់​មក​ផ្ទះ​​រួច​ទៅ​មើល​កន្លែង​​សមត្ថ​កិច្ច​បញ្ចុះ​សព​កូន​នៅវត្ត​ព្រះ​ទន្លេ។

នៅ​ពេល​កំពុង​អុជ​ធូប​យំ​​សោក​​នៅ​មុខ​​ផ្នូរ ស្រាប់តែ​មាន​បុរស​ម្នាក់​មក​សួរ​ថា ​អាដូច​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ហើយ? ​គាត់​ក៏​និយាយ​ថា ឮ​បូ៉លិស​​ប្រាប់​​ថា ស្លាប់​បី​​បួន​ថ្ងៃ​ហើយ ។ បុរស​នោះ​និយាយថា ​ទេ! ខ្ញុំ​ឃើញ​អាដូច​នៅ​ស៊ី​ឈ្មួល​ស្ទូង​ឱ្យ​គេ​​នៅ​ភូមិ​លក្ខណ៍​​ជា (ទួល​​លាក់​ព្រះ​រាជា) ឃុំ​កំពង់​ចក ស្រុក​​រំដួល។ គាត់​និយាយថា ​នៅ​ថ្ងៃទី​១០ សីហា បានហៅ​ម៉ូតូ​​ឌុប​ជិះ​ទៅ​ភូមិ​ល័ក្ខ​ជា​ ហើយដើរ​សួរ​អ្នក​ស្រុក​ផង ​និង​ដើរ​រក​មើល​អ្នក​សីុ​ឈ្មួលស្ទូង​តាម​ស្រែ​ ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​​ ក៏​ឃើញ​កូន​​ប្រុស​​គាត់​នៅ​​រស់​កំពុង​ស្ទូង​មែន។ ពេល​នោះ​រូប​គាត់​ស្រាល​ខ្លួន​យំ​អោប​កូន​ រួច​ហៅ​កូន​មក​ផ្ទះ​វិញ ព្រម​ទាំង​​នាំ​កូន​ទៅ​ជួប​សមត្ថ​កិច្ច​បញ្ជាក់ថា ​កូន​ប្រុស​គាត់​នៅរស់​​មិនស្លាប់​ទេ។​
លុះ​ដល់​​ម៉ោង១​​១​ព្រឹក​ ថ្ងៃទី១១ សីហា ក៏​មាន​​បុរស​ម្នាក់​នៅភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ​បាន​មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​​បាល​ឃុំ​សង្ឃ័រ ​ថា គាត់​បាត់​កូន​ប្រុស​ម្នាក់​​អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​​ហុងដា C125 មក​ក្រុង​ស្វាយ​​រៀង ដើម្បីទិញ​ទូរស័ព្ទ​​ដៃ​ ស្រាប់​តែ​បាត់​ដំណឹង​​ឈឹង មិន​ឃើញ​ត្រឡប់​​ទៅ​ផ្ទះវិញ។ សមត្ថ​កិច្ច​ប៉ុស្តិ៍​រ​ដ្ឋ​បាល​សង្កាត់​សង្ឃ័រ ​ក៏​នាំ​បុរសនោះ​ទៅ​គាស់​​សព​មើល​ តែពេល​គាស់​មក​បុរស​នោះ​​និយាយថា មិន​មែន កូន​ប្រុស​​របស់​គាត់​ទេ ព្រោះ​កូន​ប្រុស​គាត់​មាន​ម្រាម​ជើង​ចំនួន​៦ ហើយសមត្ថ​កិច្ច​ក៏​បញ្ចុះ​​សព​​នោះ​ទៅ​វិញ។ ដូច្នេះ​​សព​ដែល​សមត្ថ​កិច្ច​អះអាង​ថា លង់​ទឹ​ក​ស្លាប់​​នេះ​ពុំ​ទាន់​​រក​អត្ត​សញ្ញាណ​​ឃើញនៅ​ឡើយ​ទេ។ ​រីឯ​សៅ ដូច អាយុ​៣១​ឆ្នាំ ​នៅ​ភូមិ​​បាក់​រនាស់ ​នៅ​រស់​នៅ​ឡើយ។

ចំពោះ​សាក​សព គឺ​មាន​មាត់​ធំ កម្ពស់​១​,៦៨​ម៉ែត្រ សម្បុរ​សណ្តែក​បាយ ស្លៀក​ខោ​កាគី​ជើង​វែង សក់​ទើប​នឹង​កាត់​ថ្មីៗ ទំនង​ជាអ្នក​ធ្វើការ តែសមត្ថ​កិច្ច​អះអាងថា លង់​ទឹក​ស្លាប់​។ រីឯ​គ្រូពេទ្យ​វិញ​និយាយថា សព​ជ​នរង​គ្រោះ​​បាក់​ដៃ​ឆ្វេង ជាំ​ត្របក​ភ្នែក​ខាង​ឆ្វេង និង​​បាក់.ក ដូច្នេះ​សង្ស័យ​ថា ​ករណី​នេះ​ជា​អំពើ​ឃាត​កម្ម។ ដូច្នេះ​សមត្ថ​កិច្ច​អំពាវ​នាវ​រក​សាច់​ញាតិ​ដែល​​បាត់​សមា​ជិក​គ្រួសារ​ សូម​មក​ទាក់​ទង​ប៉ូលិស​​សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយរៀង អាច​មាន​ព័ត៌មាន​ច្បាស់​ថែម​ទៀត។ រីឯ​​យុវ​ជន​ម្នាក់​នៅ​ភូមិ​បាត់​ថង់ ឃុំ​​គគីរ​សោម ស្រុក​ស្វាយ​ទាប មក​ដល់​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១១ ​ក៏​ពុំ​ទាន់​​​ឃើញ​​ត្រឡប់​​ទៅ​ផ្ទះវិញ​ដែរ គឺ​បាត់​ដំណឹង៕