រាជធានីភ្នំពេញ ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាកាលពីថ្ងៃទី១០ សីហា បានប្រកាសថា ខ្លួនមានគំរោងរៀបចំវេទិកាស្រូវ អង្ករកម្ពុជានៅថ្ងៃទី១៧ ខែតុលា ខាងមុខនៅកោះពេជ្រ ដោយសង្ឃឹមថា នឹងមានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិចំនួនជាង៦០០នាក់ដើម្បីស្វែងយល់អំពីស្ថានភាពស្រូវ និងអង្ករនៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យដឹងថា គោលបំណងរបស់សន្និសីទនេះគឺដើម្បីកៀងគរបណ្តាភាគីពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករដើម្បីចែករំលែកចំណេះដឹង និងធ្វើបច្ចុប្បន្នភាពចរន្ត ទីផ្សារពិភពលោក និងអាចជួយសម្រួលដល់អ្នកដើរតួនាទីនៅក្នុងសហគមន៍អង្ករកម្ពុជាបានក្រេបជញ្ជក់យកចំណេះដឹងដ៏មានតម្លៃនេះពីបណ្តាជំនាញការដែលមកពីស្ថាប័នឯកជន និងស្ថាប័នរដ្ឋ និងបណ្តាអ្នកចូលរួមនៅក្នុងវេទិកានេះ។
សន្និសីទនេះនឹងរៀបចំធ្វើឡើងជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដើម្បីផ្តល់ជាប្រយោជន៍ដ៏សំខាន់ដល់សហគមន៍អង្ករកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅរបស់រាជរដ្ឋា ភិបាលកម្ពុជាក្នុងការនាំចេញអង្ករឱ្យបាន១លានតោននៅក្នុងឆ្នាំ២០១៥។ សន្និសីទនេះនឹងពិនិត្យ និងកំណត់នូវជំហានសំខាន់ និង
ថ្មីៗដែលប្រកាន់យកតាំងពីមុនមកដោយស្ថាប័នឯកជន និងសាធារណៈក្នុងស្រុក ក្នុងការប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនាំចេញតាមការកំណត់ ថែមទាំងតស៊ូជាមួយការប្រឈមដែលបានកើតឡើង។
វេទិកានេះមានគោលបំណងអញ្ជើញអ្នកទិញអន្តរជាតិ និងអ្នកនាំចេញពីបណ្តាទីផ្សារសំខាន់ៗរបស់អង្ករកម្ពុជាដូចជា អឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីដែលជាឱកាសល្អក្នុងការរៀនសូត្រពីបណ្តាស្ថាប័នរបស់រដ្ឋាភិបាល និងវិស័យឯកជនក្នុងការទទួលយកវិធានការចំពោះមុខ និងអនាគតដើម្បីកែលំអវិស័យនេះឱ្យកាន់តែមានការអភិវឌ្ឍ។ អ្នកទិញ និងអ្នកនាំចូលមានបំណងចង់ចូលរួមក្នុងការពិភាក្សាបន្ថែមជាមួយម្ចាស់ម៉ាស៊ីនកិនស្រូវកម្ពុជាដែលបានចូលរួមក្នុងសន្និសីទនេះ ហើយអ្នកចូលរួមនឹងស្នាក់នៅបន្តពីរទៅបីថ្ងៃ បន្ទាប់ពីសន្និសីទសម្រាប់បំពេញទស្សនកិច្ច ដល់ទីកន្លែងតាមបំណងរបស់ពួកគាត់រៀងៗខ្លួន។ ភ្ញៀវដែលចូលរួមក្នុងសន្និសីទនេះនឹងទទួលបានឯកសារផ្លូវការជាមួយនឹងពាក្យស្នើសុំជួបភាគីណាដែលគាត់មានបំណងចង់ជួបនៅក្នុងសន្និសីទនៅពេលដែលមានរបៀបវារៈនៃការផ្គូផ្គងពាណិជ្ជកម្ម។
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងផ្តល់នូវការសម្របសម្រួលដល់សំណូមពររបស់បណ្តាភ្ញៀវកិត្តិយសឱ្យអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីញាំុងឱ្យសន្និសីទនេះដំណើរការទៅប្រកបដោយជោគជ័យ។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងថា វេទិកានេះបានគ្រោងរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាដោយរួមសហការធ្វើម្ចាស់កម្មវិធីជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះនឹងគ្រោងឡើងនៅថ្ងៃទី១៧ តុលា ឆ្នាំ២០១១ នៅអគារសន្និសីទកោះពេជ្ររាជធានីភ្នំពេញដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជាង៦០០នាក់ សម្រាប់ការស្វែងយល់ និងរៀនសូត្រនូវវឌ្ឍនភាព ភាពប្រជែង និងភាពប្រឈមរបស់ស្រូវអង្ករកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខាងក្នុងស្រុក ការសម្របសម្រួលពាណិជ្ជកម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការរៀបចំនេះមានគោលបំណងចំបងបំផុត គឺធ្វើយ៉ាងណាដើម្បីរកវិធីជំរុញនូវការនាំអង្ករចេញឱ្យបាន១លានតោននាឆ្នាំ២០១៥តាមផែនការដែលគ្រោងឡើងរបស់ប្រមុខរាជរដ្ឋាភិបាលដែលវិស័យស្រូវ អង្ករជាកូនសោមួយយ៉ាងសំខាន់សម្រាប់ជួយដល់ការកាត់បន្ថយភាពក្រីក្រឱ្យកាន់តែលឿនថែមទៀត។
លោកឧកញ៉ាបន្តថា ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ហើយស្ទើរតែ៨០ភាគរយនៃប្រជាជនប្រកបរបរលើផ្នែកកសិកម្ម ជាពិសេសផលិតកម្មស្រូវនេះតែម្តង។ ការសម្រេចបាន១លានតោនការនាំចេញនាឆ្នាំ២០១៥ខាងមុខគឺមានន័យថា ផ្តល់នូវកំណើនផលទុនសរុបជាតិឱ្យកាន់តែធំថែមទៀត និងរួមផ្តល់ចំណូលកាន់តែខ្ពស់ដល់ប្រជាជនខ្មែរ ព្រោះថា ស្រូវផលិតឡើងដោយកសិករ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករជាអ្នកក្នុងស្រុកត្រូវការទិញពីកសិករ។ បើយើងប្រៀបធៀបទៅនឹងវិស័យដទៃវិស័យកសិកម្ម ជាពិសេសគឺផ្នែគផលិតកម្មស្រូវ និងអង្ករគឺផ្តល់ផលប្រយោជន៍ផ្ទាល់ជាងគេទៅដល់ប្រជាជនខ្មែរ ព្រោះអ្នកដែលពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់វិស័យនេះធំជាងគេគឺ កសិករខ្មែរ រោងម៉ាសីុនខ្មែរ ក្រុមហ៊ុននាំចេញក៏ខ្មែរ ហើយចំណូលដែលបានពីវិស័យនេះ គឺវិលត្រឡប់ចូលប្រទេសស្ទើរតែទាំងស្រុងតែម្តង តែផ្ទុយទៅវិញវិស័យមួយចំនួន ភោគផលនៃចំណូលមួយភាគធំ គឺមិនដល់ប្រជាជនខ្មែរទេ គឺបានទៅក្រុមហ៊ុនបរទេស និងភោគផលវិលត្រឡប់ទៅក្រៅប្រទេសវិញ ៕
ចែករំលែកព័តមាននេះ