ខេត្តពោធិ៍សាត់ ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលអង្គការសហប្រជាជាតិនាឆ្នាំ១៩៨៧កំណត់យកថ្ងៃទី២៦ មិថុនា ធ្វើជារៀងរាល់ឆ្នាំនោះ ដោយឡែកនៅខេត្តពោធិ៍សាត់បានប្រារព្ធធ្វើនៅលើកោះសំពៅមាស នាព្រឹកថ្ងៃទី១១ សីហា ២០១១ ក្រោមអធិបតីភាពលោកព្រាប ជ្រាង សមាជិកក្រុមប្រឹក្សាខេត្ត លោកអោក មុនី អភិបាលរងខេត្ត និងមានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស២.០០០នាក់។
លោកលី ប៉ុណ្យ មន្ត្រីសាលាខេត្តថ្លែងថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងដើម្បីជាការក្រើនរំលឹក និងផ្សព្វផ្សាយដល់មនុស្សជាតិលើពិភពលោក ពិសេសយុវវ័យឱ្យយល់ពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃគ្រឿងញៀន និងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំងការផលិត ការចរាចរសំដៅកាត់បន្ថយជាអតិបរមានូវការឈឺចាប់ និងការគំរាមពីគ្រឿងញៀនខុសច្បាប់។ ឈរលើទស្សនៈនេះអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀនបានដាក់ចេញនូវប្រធានបទ និងពាក្យស្លោកជាមគ្គុទេ្ទសក៍សម្រាប់កិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀនជារៀងរាល់ឆ្នាំដែលឆ្នាំនេះបានកំណត់យកប្រធានបទថា «សកម្មភាពជាសកលដើម្បីសុខភាព និងសហគមន៍គ្មានគ្រឿងញៀន»។
យុវសិស្សចំនួន៣នាក់តំណាងសិស្សានុសិស្សទាំងពីរភេទបានឡើងប្តេជ្ញាចិត្តថា មិនឱ្យគ្រឿងញៀនលុកលុយក្នុងខ្លួនរបស់ពួកគេបានឡើយ ព្រោះគ្រឿងញៀនបំផ្លាញសុខភាព បំផ្លាញការសិក្សា និងបំផ្លាញអនាគតរបស់ពួកគេដែលពិភពលោកស្អប់ខ្ពើមខ្លាំងណាស់។
លោកអោក មុនី បានអានសារលិខិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដែលមានខ្លឹមសារថា គ្រឿងញៀនជាបញ្ហាសង្គមមួយដ៏ស្មុគស្មាញរបស់ពិភពលោកដែលប្រជាជាតិ និងប្រទេសស្ទើរទាំងអស់ទទួលរងនូវឥទ្ធិពល និងផលប៉ះពាល់តិច ឬច្រើនអាស្រ័យតាមលក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច នគរបាល វប្បធម៌ ប្រពៃណី និងវិធានការរបស់រាជរដ្ឋាភិបាលនីមួយៗ។ គ្រឿងញៀនគឺជាបញ្ហាសាកលមិនមែនជាបញ្ហារបស់ប្រទេសណាមួយ ឬជាបញ្ហាដោយឡែកសម្រាប់កម្ពុជាតែឯងនោះទេ។ ដូច្នេះការដោះស្រាយបញ្ហាគ្រឿងញៀនគឺត្រូវតែធ្វើសកម្មភាពនៅក្នុងក្របខណ្ឌយន្តការជាសាកល ដែលក្នុងនោះតំរូវឱ្យមានការចូលរួមពីគ្រប់កោសិកា និងសមាសភាពទាំងអស់របស់សង្គមចាប់ពីបុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន សាសនា អង្គការជាតិ អន្តរជាតិ ក្រសួងស្ថាប័ន យន្តការអនុតំបន់ តំបន់ និងពិភពលោក។ បច្ចុប្បន្នយើងបានរួមគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអប់រំ ព្យាបាល ថែទាំ និងសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនបានទទួលលទ្ធផលល្អប្រសើរមួយកម្រិត ហើយស្ថាប័នអនុវត្តច្បាប់បានបង្ក្រាបវែកមុខ និងផ្តន្ទាទោសក្រុមឧក្រិដ្ឋជនបានមួយចំនួនធំ ត្រូវអប់រំកូនចៅនៅឱ្យឆ្ងាយពីគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ