ខេត្តបន្ទាយមានជ័យ ៖ បុរសពិការគមខ្នងចំនួន២នាក់ដែលមេខ្យល់នាំទៅដើរសុំទានគេនៅស្រុកថៃ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកខ្មែរវិញតាមច្រកអន្តរជាតិ ប៉ោយប៉ែត កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១១ ។
លោកវរសេនីយ៍ត្រីពិន វ៉ា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា បុរសពិការ២នាក់នោះឈ្មោះវាំង មួរ អាយុ៣៨ឆ្នាំ និងឈ្មោះហេង ដួង អាយុ២៥ឆ្នាំ នៅខេត្តបាត់ដំបង ។ ចំពោះមេខ្យល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០១១ ត្រង់ចំណុចរង្វង់មូលប៉ោយប៉ែត ឈ្មោះអន់ សំអឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ។ ជននេះត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១១ ។
បុរសឈ្មោះវាំង មួរ ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១១ ឈ្មោះរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រាប់រូបគេថា បើចង់ទៅដើរសុំទាននៅប្រទេសថៃគេណែនាំឱ្យស្គាល់ឈ្មោះច័ន្ទ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ការទៅសុំទាននៅថៃនោះត្រូវបានមួយខែ៤ពាន់បាត ហើយថ្លៃបាយទឹកនៅលើគេ ។ លុះដល់ថ្ងៃទី៣ ឧសភា គេក៏ណាត់ជួបឈ្មោះច័ន្ទ នៅជិតរង្វង់មូលក្នុងខេត្តបាង់ដំបង ។ ឈ្មោះច័ន្ទ បានឱ្យឈ្មោះ អន់ សំអឿន ជួបពួកគេចំនួន៣នាក់ ក្នុងនោះមានកូនប្រុសរបស់គេម្នាក់ទៀតអាយុ៥ឆ្នាំ ។ ពេលទៅដល់ប៉ោយប៉ែតគេត្រូវឈ្មោះសំអឿន ឌុបទៅមាត់អូររួច រូបគេនិងកូនប្រុសនាំគ្នាឆ្លងដែនទៅថៃដោយឈ្មោះច័ន្ទ នៅចាំទីនោះ ។ ឈ្មោះច័ន្ទ បានបង្រៀនពួកគេពីរបៀបសុំទានគឺត្រូវលូនក្រាបសំពះ ។
បុរសនេះបន្តថា ក្នុងរយៈពេលជាង២ខែនៅថៃត្រូវពួកតម្រួតថៃចាប់៤ដង ។ ការដើរសុំទានចាប់ពីម៉ោង៥ភ្លឺដល់ម៉ោង៨យប់ បានលុយពី២០០០ទៅ៤០០០បាត ។ លុយទាំងអស់ត្រូវឈ្មោះច័ន្ទដកអស់ ហើយថែមទាំងសំឡុតគំរាមកំហែងវាយធ្វើបាប ។ មិនតែប៉ុណ្ណោះឈ្មោះច័ន្ទ មិនឱ្យរូបគេជួបមុខកូនប្រុសទេ ។ បន្ទាប់ពីតម្រួតថៃចាប់បញ្ជូនមកខ្មែរវិញ ឈ្មោះច័ន្ទ បានឱ្យឈ្មោះអឿន នាំពួកគេទៅថៃវិញ បើមិនទៅគេមិនឱ្យកូនប្រុសរបស់គេមកវិញទេ ។
ចំពោះឈ្មោះអន់ សំអឿន សារភាពថា គេពាក់ព័ន្ធជាមួយឈ្មោះច័ន្ទនោះមែន ។ នៅព្រឹកថ្ងៃទី១០ សីហា គេត្រូវឈ្មោះច័ន្ទ ប្រាប់តាមទូរស័ព្ទ ឱ្យនាំជនរងគ្រោះទាំង២នាក់ត្រឡប់ទៅ ថៃវិញ ហើយពេលកំពុងហូបបាយនៅរង្វង់មូលប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ជនរងគ្រោះទាំង២នាក់ត្រូវបញ្ជូនទៅអង្គការស៊ីសា ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗ ។ ចំពោះជនពាក់ព័ន្ធរឿងនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់យកទៅផ្តន្ទាទោស ព្រមទាំងរំដោះកុមាររងគ្រោះនោះយកមកឱ្យឪពុកវិញ ៕
ចែករំលែកព័តមាននេះ