ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី៩ សីហា លោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោកសំ ប៊ុនថុន ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួន ឈ្មោះងន់ សេងហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ពីបទបើកបរបង្កឱ្យស្លាប់អ្នកដទៃដោយអចេតនា ។
លោកវរសេនីយ៍ត្រី ហ៊ាង ហ៊ត់ អធិការនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៤ សីហា ២០១១ នៅចន្លោះម៉ោង១០យប់ទៅម៉ោង១រំលងអធ្រាតនៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអណ្តូងជា ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ មានយុវជនចំនួន២នាក់ គឺឈ្មោះថា វ៉ាន់ឌី អាយុ២០ឆ្នាំ និងឈ្មោះគីម រតនា អាយុ២០ឆ្នាំ រស់នៅភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ បានជិះម៉ូតូ១គ្រឿង C 125 ពណ៌ខ្មៅ ស៊េរី២០១០ ក្នុងទិសដៅពីកើតមកលិច ។ នៅក្នុងពេលកំពុងធ្វើដំណើរនោះ ក៏ជិះធ្លាក់ផ្លូវទៅបុកដើមក្ងោក បណ្តាលឱ្យឈ្មោះរតនា ស្លាប់ដោយសារបោកក្បាលរហូតផុងដល់លលាដ៍ឯឈ្មោះវ៉ាន់ឌីដែលជិះពីក្រោយរងរបួស សន្លប់ ។
ក្រោយពីមានហេតុការណ៍នេះ លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌បានចាត់ឱ្យកម្លាំងនគរបាលបច្ចេកទេសខេត្តចុះស្រាវជ្រាវជាបន្ទាន់ ព្រមទាំងបានសហការជាមួយនឹងមន្ត្រីជំនាញព្រហ្មទណ្ឌស្រុកត្បូងឃ្មុំ និងដោយបានទទួលពាក្យបណ្តឹងពីឈ្មោះផូ ថា និងឈ្មោះជ្រុយ គីម ត្រូវជាឪពុករបស់អ្នកស្លាប់ និងអ្នករបួសដែលបានចោទប្រកាន់លើឈ្មោះងន់ សេងហ៊ា ភេទប្រុស រស់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ជាអ្នកបង្កហេតុ ។
តាមអ្នករងគ្រោះឈ្មោះថា វ៉ាន់ឌី បានបំភ្លឺថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៤ សីហា រូបគេនិងឈ្មោះរតនាបានជិះម៉ូតូចេញពីភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪទៅកាន់ភូមិថ្នល់ថ្មី ឃុំព្រះធាតុ ដើម្បីកាត់សម្លៀកបំពាក់ ។ បន្ទាប់មកបានជិះម៉ូតូឆ្ពោះមកផ្ទះរបស់ឈ្មោះងន់ សេងហ៊ា ភេទប្រុស រស់នៅភូមិច្រកចំបក់ ដើម្បីបើកប្រាក់ខែថ្លៃបើករថយន្ត ។ ក្រោយពីបានលុយហើយ ពួកគេទាំង២នាក់បានផឹកស៊ីនៅផ្ទះឈ្មោះងន់ សេងហ៊ា និងក្រុមសាច់ញាតិជាច្រើននាក់ទៀតរហូតដល់ម៉ោង៦ល្ងាច ក៏នាំគ្នាជិះរថយន្តចំនួន២គ្រឿង ក្នុងនោះមានរថយន្តម៉ាកឡិចស៊ីស Rx300 ពណ៌ស និងរថយន្ត កាមរីពណ៌ក្រហម១គ្រឿង ទៅច្រៀងខារ៉ាអូ ខេនៅក្រុងកំពង់ចាម ។ លុះនៅម៉ោង១០យប់ ថ្ងៃដដែល (៤សីហា) បាននាំគ្នាត្រឡប់មកផ្ទះវិញ តែរកសោម៉ូតូមិនឃើញ ក៏បានដើរចេញមកក្រៅផ្ទះជាមួយនឹងឈ្មោះរតនា ។
ប្រភពដដែលបន្តទៀតថា ក្នុងពេលកំពុងតែដើរស្រាប់តែឃើញឈ្មោះហួរ ភេទប្រុស ជិះម៉ូតូមកប្រគល់ឱ្យខ្លួន ហើយខ្លួនក៏ជិះម៉ូតូត្រឡប់មកផ្ទះរបស់ឈ្មោះងន់សេងហ៊ា វិញ ពេលនោះដោយសារតែឈ្មោះរតនា បានរើសដុំឥដ្ឋចំនួន២ដុំគប់លើរបងផ្ទះ ។ បន្ទាប់មកឈ្មោះសេងហ៊ា បានបើកទ្វារផ្ទះស្រែកឃាត់ឱ្យឈប់ ខណៈឮបែបនេះពួកខ្លួនបានជិះម៉ូតូបើករត់គេចចេញមកទិសខាងលិចដល់ម្តុំរោងចក្រផលិតចំណីសត្វក្នុងឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ស្រាប់តែឃើញមានរថយន្តម៉ាកឡិចស៊ីស១គ្រឿងបើកមកបុកពីក្រោយ ជាហេតុបណ្តាលឱ្យរូបគេសន្លប់ លុះពេលដឹងខ្លួនវិញស្រែករកឈ្មោះរតនា មិនឮឆ្លើយ ក៏លើកម៉ូតូជិះមករកពេទ្យ ព្រមទាំងបានជួបនឹងអ្នកភូមិចំនួន២នាក់ជួយនាំមកកាន់គ្លីនិកឯកជននៅថ្នល់ទទឹង ឃុំជប់ ។
លោកវរសេនីយ៍ត្រីប្រេង ហ៊ីម នាយការិយាល័យព្រហ្មទណ្ឌខេត្តថ្លែងថា ឈ្មោះងន់ សេងហ៊ា រស់នៅឃុំជប់ ស្រុកត្បូងឃ្មុំ ពិតជាអ្នកបង្កឡើង ទោះបីជាបានបដិសេធយ៉ាងណាក្តីក៏ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនរួចហើយដែរដោយចោទពីបទបើកបរបង្កឱ្យស្លាប់អ្នកដទៃ ៕
ចែករំលែកព័តមាននេះ