រាជធានីភ្នំពេញ ៖ អគារស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌសែនសុខ សង់អំពីថ្មប្រក់ក្បឿងកម្ពស់២ជាន់ និងអគារស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ឃ្មួញ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ត្រូវបានប្រារពពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១១ សីហា ក្រោមអធិបតីភាពលោកសាយ ឈុំ ប្រធានគណៈប្រចាំការគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី២ក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាអនុប្រធានទី២រដ្ឋសភា ។ ចូលរួមក្នុងពិធីនោះមានលោកម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកាបក្ស ព្រមទាំងប្រជាពលរដ្ឋ
ប្រមាណ៨០០នាក់ ។
លោកឃួង ស្រេង អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា អគារថ្មប្រក់ក្បឿងកម្ពស់២ជាន់ ទំហំ១៩ម៉ែត្រ គុណ៦ម៉ែត្រចំណាយទឹកប្រាក់សាងសង់សរុប៦ម៉ឺនដុល្លារ ជាអំណោយរបស់លោកម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ ។ អគារនេះចាប់ដំណើរការសាងសង់ពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១០ និងរួចរាល់ជាស្ថាពរនៅថៃ្ងទី១៥ កក្កដា ឆ្នាំ២០១១។ ជាមួយគ្នានេះ គណៈកម្មាធិការគណបក្សខណ្ឌសែនសុខបានជួយសាងសង់អគារស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់ឃ្មួញទំហំ១២ម៉ែត្រគុណ៤,៧៥ម៉ែត្រ អំពីថ្មប្រក់ក្បឿងជំនួសទីស្នាក់ការបក្សចាស់ដែលត្រូវរុះរើ ជួសជុលសាលប្រជុំ ចាក់បេតុងផ្លូវចូល តបណ្ដាញអគ្គីសនី រៀបចំអាងទឹក បំពាក់គ្រឿងសង្ហារិមសាលប្រជុំ និងកែលំអសោភ័ណភាពទីធ្លាដោយចំណាយទឹកប្រាក់សរុប៤៩.៣៧៦ដុល្លារ។
លោកឃួង ស្រេង បន្ដថា នៅក្នុងការសាងសង់នេះ លោកឧកញ៉ាញឹក ផន ឧបត្ថមចំនួន៥ពាន់ដុល្លារ ក្នុងការចាក់ដីលុបស្រះដើម្បីសាងសង់អគារទីស្នាក់ការ លោកស្រីថា រ៉ា ឧបត្ថម្ភចំនួន៩.០៤៨ដុល្លារ ក្នុងការស្ថាបនាផ្លូវបេតុងក្នុងទីស្នាក់ការ លោកអ៊ាវ ម៉េង ឧបត្ថមការតបណ្ដាញអគ្គិសនីគិតជាថវិកាចំនួន៤.១៥៥ដុល្លារ លោកឧកញ៉ានង សាវុត ឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន២គ្រឿងគិតជាថវិកាចំនួន៣ពាន់ដុល្លារ លោកឧកញាវ៉ាន់ គឹមឆន ឧបត្ថថវិកាចំនួន២ពាន់ដុល្លារ ដើម្បីទិញតុកៅអីសាលប្រជុំ និងលោកអ៊ុជ ធី ឧបត្ថម្ភថ្ម ក្រួសចាក់ក្នុងទីធ្លាគិតជាថវិកាចំនួន២ពាន់ដុល្លារ ។ ក្រៅពីនោះ ថវិកាចំនួន២៣.៨១៣ដុល្លារ ជារបស់គណៈកម្មាធិការគណបក្សខណ្ឌ។
លោកសាយ ឈុំ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្សសង្កាត់ឃ្មួញ និងគណៈកម្មាធិការបក្សខណ្ឌសែនសុខ រួមទាំងសមាជិក សមាជិកាគណបក្សដែលបានកសាងអគារខាងលើនេះឡើង ។ កន្លងមកក៏ដូចបច្ចុប្បន្ននេះ បងប្អូនបានយកអស់ពីកម្លាំងកាយកម្លាំងចិត្ដ កម្លាំងស្មារតី កម្លាំងប្រាជ្ញា និងចំណាយធនធានផ្ទាល់ចាត់ចែងអនុវត្ដទទួលបានជ័យជម្នះជាបន្ដបន្ទាប់ទាំងកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទទួលបានជោគជ័យ ធ្វើឱ្យខណ្ឌសែនសុខមានការប្រែមុខមាត់ពី១ឆ្នាំទៅ១ឆ្នាំ។
លោកសាយ ឈុំ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន និងកោតសសើរដែលបានជួយឧបត្ថមកសាងអគារគណបក្សខាងលើហើយនេះគឺជាគំរូល្អស្ដែងចេញពីការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ