រាជធានីភ្នំពេញ ៖ ទារកអាយុប្រហែលជា៣ខែម្នាក់ត្រូវបានកម្លាំងប្រជាការពារភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យប្រទះឃើញនៅលើកំណាត់ផ្លូវបេតុងមួយកន្លែងក្បែរស្នាក់ការភូមិជ្រោយបាសាក់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ សីហា ២០១១ ។ ការប្រទះឃើញទារកនេះភ្លាមៗក្រុមប្រជាកាពារភូមិក៏បានលើកបីយកមកថែរក្សាអស់មួយយប់ លុះព្រឹកថ្ងៃទី១១ សីហា ក៏ប្រគល់ទារកអភ័ព្វនោះទៅឱ្យអង្គការមិត្តសម្លាញ់យកទៅបីបាច់ថែរក្សា។
លោកឈឹម សាមិ មេភូមិជ្រោយបាសាក់ បាននិយាយថា នៅវេលាខាងលើមានស្នូររថយន្តមួយគ្រឿងមកឈប់នៅចំណុចដែលប្រទះឃើញទារកខាងលើនេះ ។ លុះពេលរថយន្តត្រឡប់ចេញទៅវិញស្រាប់តែឮសម្រែកក្មេងយំ ពេលនោះក្រុមប្រជាការពារភូមិក៏ចេញទៅមើល ហើយប្រទះឃើញទារកអភ័ព្វម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណយកមកប្លុងចោល។ តាមការសន្និដ្ឋានជុំវិញរឿងហេតុប្រទះឃើញទារកខាងលើនេះ ជាដំបូងក្រុមអ្នកឃើញហេតុការណ៍បានលើកឡើងថា ទារកខាងលើនេះត្រូវជនមិនស្គាល់មុខជិះរថយន្តយកមកប្លុងចោល តែពុំដឹងថា បណ្តាលមកពីមូលហេតុអ្វីឡើយ ទើបបានជាមានមនុុស្សយកកូនមកប្លុងចោលដូចសត្វធាតុផ្ទុយពីមនុស្សគ្រប់រូបគេខិតខំបីបាច់ថែរក្សាទារកតាំងពីនៅក្នុងផ្ទៃម៉្លេះ ៕
ចែករំលែកព័តមាននេះ