រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្តើមបើកការដ្ឋានសាងសង់ស្តូបកោះពេជ្រ នៅថ្ងៃទី១១ សីហា ២០១១ ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅលើស្ពានពេជ្រ កាលពីឆ្នាំមុន។ មានគំរូស្តូប៤ត្រូវបានជ្រើសរើស១ បន្ទាប់ពីសាលារាជធានីភ្នំពេញប្រជុំពិភាក្សាយ៉ាងល្អិតល្អន់សម្រេចធ្វើការសាងសង់។
សូមរំលឹកថា ជនរងគ្រោះជាង៧០០នាក់បានរងរបួស និងស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៅលើស្ពានពេជ្រ កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា ២០១០ ។ សម្រាប់ស្តូបដែលបានជ្រើសរើសជាផ្លូវការនោះ មានរូបជាព្រហ្មគោល មានមុខ៤ និងទម្រង់បែបសិល្បៈខ្មែរទំនើប ដោយផ្អែកលើមូលដ្ឋានសិល្បៈបុរាណ និងជំនឿរបស់ខ្មែរផងដែរ។ សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំពិធីសែន ក្រុងពាលី តាមបែបសាសនា ដើម្បីបើកការដ្ឋានសាងសង់ស្តូបនេះនៅថ្ងៃទី១១ សីហា ២០១១ ។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីនេះ ដោយមានមន្ត្រីជាប់ពាក់ព័ន្ធជាច្រើនទៀតចូលរួម។ ទីតាំងដែលត្រូវសាងសង់នោះ ស្ថិតនៅចន្លោះគល់ស្ពានពេជ្រ និងស្ពាននាគត្រើយខាងលិច មជ្ឈមណ្ឌលសន្និសីទ និងពិព័រណ័ទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គម្រោងនេះចំណាយថវិកាអស់ប្រមាណ៥០៤.០០០.០០០រៀល សាងសង់ដោយក្រុមសិលា ជាក្រុមការងារមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលក្រុមនេះមានស្នាដៃជួសជុល កែលំអព្រះវិហារវត្តភ្នំទើបតែបញ្ចប់ជូនសាលារាជធានីភ្នំពេញថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ