ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឌុបគ្នា​បើក​លឿន​បុ.ក​បង្គោល​ស្លាក​ប៉ាណូ​ អ្នក​អត់​ស្រវឹង​របួសធ្ងន់ រីឯ​អ្នកស្រវឹង​របួសស្រាល

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​បុក​ឡើង​លើ​ខឿន​ផ្លូវ រួច​ជ្រុល​បន្ត​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​១​ដើម​ទៀត​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់ ។ ខណៈនោះ​យុវជន​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ូតូ​អត់​ស្រវឹងស្រា​ផង​បែរជា​រង​របួស​ធ្ងន់ធ្ងរ ចំណែកឯ​យុវជន​ម្នាក់​ទៀត ដែល​ជា​អ្នក​ជិះ​ខាងក្រោយ​ស្រវឹងស្រា បែរជា​រង​របួសស្រាល​ទៅ​វិញ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ដែល​អត់​ស្រវឹងស្រា​ហើយ​រង​បួស​ធ្ងន់​នោះ​ឈ្មោះ​គុន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នកបើកបរ​ម៉ូតូ ។ ដោយឡែក​យុវជន​ដែល​ជា​អ្នក​ជិះ​ពីក្រោយ​រួម​ដំណើរ​ជាមួយ ហើយ​ស្រវឹងស្រា និង​បាន​រង​របួសស្រាល​នោះ​ឈ្មោះ​ជា សុ​ផាត អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​ដឹក​ជញ្ជូន​អី​វាន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​ទាំង​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KY-0510 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​ខឿន​ផ្លូវ រួច​ជ្រុល​បន្ត​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​នៅ​ជិត​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល ហើយ​យុវជន​ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​រង​របួសធ្ងន់ រីឯ​យុវជន​ដែល​ជិះ​ខាងក្រោយ​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​ដឹក​អ្នក​របួសធ្ងន់ ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​នៅ​ពេល​ក្រោយ ៕