ប្រទេសហៃទី ៖ អ្នកទទួលខុសត្រូវមូលដ្ឋានគូសបញ្ជាក់ថា មនុស្សប្រមាណជា៤០នាក់ស្លាប់ កាលពីយប់ថ្ងៃទី២៣ មក២៤សីហា ដោយសារការវាយប្រហាររបស់ក្រុមជនខិលខូចប្រដាប់អាវុធ នៅសង្កាត់កេនស្កូហ្វ ស្ថិតនៅជិតរដ្ឋធានីព័រអូប្រាំង។
ប្រមុខសង្កាត់នោះថ្លែងថា យើងរាប់ឃើញសាកសពមនុស្ស៤០នាក់ ហើយការរុករកកំពុងបន្ត។

មនុស្សមួយចំនួននៅតែបាត់ខ្លួន ។ លោកលើកពីរាត្រីដ៏សែនសោកសៅបំផុត ។ បណ្ដាសមាជិករបស់ក្រុមជនខិចខូច ឬក្រុមអ្នកលេង បានលើកគ្នាលុកចូលក្នុងជំរំជនភៀសខ្លួនមួយ ស្ថិតក្នុងព្រះវិហារកាតូលិកមួយរួចហើយសម្លាប់មនុស្សច្រើននាក់។ គេរាប់ឃើញអ្នកស្លាប់៤០នាក់ ហើយមនុស្សច្រើនសិបនាក់រងរបួស។ ពួកជនប្រដាប់អាវុធទាំងនេះ នៅចាប់ពង្រត់មនុស្សមួយចំនួនទៀត។
ខុន្ទកាល័យរបស់នាយករដ្ឋមន្ត្រីហៃទី លោកអាលិកឌីដីយ័រហ្វីសអែននេ ក្នុងសេចក្ដីប្រកាសមួយបានសម្ដែងការក្ដុកក្ដួលយ៉ាងខ្លាំង និងសម្ដែងពីការចូលរួមមរណទុក្ខជាមួយសាច់ញាតិគ្រួសារជនរងគ្រោះ។ រដ្ឋាភិបាលហៃទីក៏ប្រកាសដែរពីការបញ្ជូនកងកម្លាំងបន្ថែម ដើម្បីស្ដារឡើងវិញសន្តិសុខនៅទីនោះ។

តំបន់កេនស្កូហ្វចាប់តាំងពីច្រើនខែមកហើយជាកន្លែងនៃការប៉ះទង្គិចគ្នារបស់បណ្ដាក្រុមប្រដាប់អាវុធ ដែលប៉ុនប៉ងពង្រីកតំបន់ត្រួតត្រារបស់ពួកគេ ។ ជាប្រទេសដ៏ក្រីក្របំផុតមួយនៅនៅទ្វីបអាមេរិក ហៃទីចាប់តាំងពីយូរមកហើយឆ្លងកាត់វិបត្តិនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ហើយសភាពការណ៍ធ្លាក់ចុះដុនដាបដ៏ខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបណ្ដាក្រុមអ្នកលេងហៅក្រុមបងធំបានបង្កើនការអុកឡុកកាប់សម្លាប់ ចាប់ពង្រត់ ប្លន់និងចាប់យកកុមារបញ្ចូលក្នុងជួរពង្រីកក្រុមរបស់ពួក
គេ ។
តាមការវាយតម្លៃកាលពីខែមិថុនារបស់អង្គការអន្តោប្រវេសន៍អន្តរជាតិថា ក្នុងចំណោមប្រជាជនហៃទី១១លាននាក់ ១,៥លាននាក់ បានភៀសខ្លួនក្នុងប្រទេសដោយសារអំពើហិង្សា។ ការវាយប្រហារមានមិនត្រឹមតែនៅរដ្ឋធានីព័រអូប្រាំងឡើយ។ កងកម្លាំងបង្ក្រាបក្រុមបងធំមួយកំពុងត្រូវបានបង្កើតឡើង ជាមួយការជួយទ្រទ្រង់របស់អ.ស.ប ។ កងកម្លាំងនោះគឹដើម្បីជួយដល់កងកម្លាងប៉ូលិសហៃទី។ កងកម្លាំងនោះ ដំបូងគ្រោងមានប៉ូលិសនិងយោធាបរទេស៥៥០០នាក់ តែចំនួនកម្លាំងដែលដាក់ពង្រាយរួចហើយនៅមិនទាន់ដឹងនៅឡើយ ៕

ចែករំលែកព័តមាននេះ