យេម៉ែន-អារ៉ាប៊ីសាអូឌីត ៖ ឧទ្ទាមហ៊ូធីយេម៉ែន ប្រកាសកាលពីថ្ងៃទី២៤ សីហា ថា កងទ័ពខ្លួនបានវាយប្រហារនាវាដឹកប្រេង១គ្រឿងរបស់អារ៉ាប៊ីសាអូឌីត ក្នុងសមុទ្រក្រហម ជាមួយមីស៊ីលបាលីស្ទិកមួយគ្រាប់ ខណៈក្រុមឧទ្ទាមស្និទ្ធអ៉ីរ៉ង់នោះ បន្តការប៉ុនប៉ងរបស់ខ្លួនបិទខ្ទប់ច្រកសមុទ្រ BAB EL MANDEB ជាច្រកសមុទ្រពាណិជ្ជកម្មសំខាន់មួយទៀតរបស់ពិភពលោក ។

ក្នុងសេចក្ដីប្រកាសមួយពួកហ៊ូធីថ្លែងថា ការវាយប្រហារនោះ ត្រូវចំគោលដៅ បណ្ដាលឲ្យមានភ្លើងឆាបឆេះក្នុងនាវាដឹកប្រេងនេះ ហើយជម្រុញឲ្យនាវាដទៃៗទៀតបកក្រោយវិញ ។ ប្រតិបត្តិការនោះ ស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តសេចក្ដីសម្រេចរបស់កងទ័ពយើង ហាមឃាត់ការធ្វើចរាចរណ៍តាមសមុទ្ររបស់សត្រូវអារ៉ាប៊ិសាអូឌីត។
ការអះអាងនេះ របស់ហ៊ូធីកើតមាន ប៉ុន្មានម៉ោងបន្ទាប់ពីទីភ្នាក់ងារសមុទ្រអង់គ្លេសគូសបញ្ជាក់ពីនាវាដឹកប្រេង១គ្រឿងត្រូវគ្រាប់មីស៊ីលឆេះក្នុងដែនទឹកឆ្នេរសមុទ្រអារ៉ាប៊ីសាអូឌីតនៃសមុទ្រក្រហម ។ ទីភ្នាក់ងារនោះបន្តថា សមាជិកក្រុមនាវិកទាំងអស់នៃនាវានោះសុខសប្បាយទាំងអស់គ្នា និងមិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ ។ នាវានោះ ត្រូវគ្រាប់មីស៊ីលឆេះនៅភាគខាងលិចនៃទីក្រុងយ៉ានប៊ូអារ៉ាប៊ីសាអូឌីត ។ ទីក្រុងនោះស្ថិតនៅចម្ងាយច្រើនរយគីឡូម៉ែត្រពីភាគខាងជើងយេម៉ែន ដែលពួកហ៊ូធីកាន់កាប់ ។
យុទ្ធនាការវាយប្រហារបណ្ដានាវានៅច្រកសមុទ្រBAB EL MANDEB កើតមានពេលដែលច្រកសមុទ្រហ័រមូស នៅតែស្ថិតក្នុងការបិទខ្ទប់ មកពីសង្គ្រាមរវាងអាមេរិកនិងអ៉ីរ៉ង់ ។ ការបិទខ្ទប់ច្រកសមុទ្រនោះនៅបន្ត បន្ទាប់ពីបរាជ័យនៃកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាងរវាងប្រទេសទាំង២ ។
ក្រោយផ្ទុះជាថ្មីនៃការប្រយុទ្ធគ្នា បន្ទាប់ពីអារ៉ាប៊ីសាឌីត វាយប្រហារតាមអាកាសប្រឆាំងព្រលានយន្តហោះក្រុងសាណាយេម៉ែន រារាំងការចុះចតនៃយន្តហោះដឹកគណៈប្រតិភូហ៊ូធីត្រឡប់ពីចូលរួមពិធីបុណ្យសពអតីតមេដឹកនាកំពូលអ៉ីរ៉ង លោកអាយ៉ាតុលាអាលីខាមេនី ពួកហ៊ូធីបានវាយប្រហារបណ្ដានាវា ដឹកប្រេងអារ៉ាប៊ីសាអូឌីតក្នុងសមុទ្រក្រហម និងវាយប្រហារកងទ័ពរដ្ឋាភិបាលយេម៉ែន ព្រមទាំងបណ្ដាទីតាំងប្រេងកាតអារ៉ាប៊ីសាអូឌីត ៕

ចែករំលែកព័តមាននេះ