សង្គ្រាមអ៉ីរ៉ង់ ៖ រដ្ឋាភិបាលអាមេរិកអះអាង កាលពីថ្ងៃទី២៤ សីហា ពីចេតនារបស់ខ្លួនកាត់ផ្ដាច់ទាំងស្រុង រាល់ប្រភពធនធានសេដ្ឋកិច្ចអ៉ីរ៉ង់ និងធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះបណ្ដាប្រទេសដែលបន្តជួយទ្រទ្រង់អ៉ីរ៉ង់ ដែលចាត់ទុកទង្វើបែបនោះរបស់ក្រុងវ៉ាស៊ីនតោនថា ជាការសារភាពពីបរាជ័យរបស់សហរដ្ឋអាមេរិក ។

ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីរតនាគារអាមេរិក លោកSCOTT BLESSENT បានបង្ហាញពីបណ្ដាទណ្ឌកម្មថ្មីដែលនឹងអនុវត្តមិនត្រឹមតែអ៉ីរ៉ង់ទេ តែក៏ប៉ះពាល់ដោយផ្ទាល់ផងដែរ ដល់បណ្ដាដៃគូពាណិជ្ជកម្មអ៉ីរ៉ង់ លើការធ្វើពាណិជ្ជកម្មមាស បច្ចេកវិទ្យា ភាគហ៊ុន អាកាសចរណ៍ និងការដឹកជញ្ជូនតាមសមុទ្រ ។ ទោះបីយ៉ាងណា លោកមិនបានបញ្ជាក់ថា តើពេលណាទណ្ឌកម្មទាំងនោះ ចូលជាធរមាននៅឡើយ និងថាតើប្រទេសណាខ្លះ អាចស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក។ ឧទាហរណ៍ដូចជាចិនដែលត្រូវការប្រេងអ៉ីរ៉ង់ច្រើនជាងគេបំផុត។
លោកSCOTT BLESSENT បានព្រមានថា អ៉ីរ៉ង់ត្រូវប្រឈមុខនឹងការជ្រើសរើសដោយច្បាស់បំផុតមួយ ជាមួយនឹងផ្លូវតែ២គត់ក្នុងការជ្រើសរើសនោះគឺស្ថិតនៅឯកោទាំងស្រុងនិងសេដ្ឋកិច្ចជាប់គាំង ឬវិលត្រឡប់ទៅរកប្រក្រតីឡើងវិញ ជាមួយលទ្ធភាពតភ្ជាប់ឡើងវិញជាមួយសេដ្ឋកិច្ចពិភពលោក។ រដ្ឋមន្ត្រីរូបនោះក៏ព្រមានផងដែរដល់ប្រទេសដទៃៗទៀតនៃពិភពលោកផងដែរដោយថា បណ្ដាប្រទេសដែលមិនចូលរួមក្នុងទណ្ឌកម្មអាមេរិក ក៏នឹងត្រូវស្ថិតក្នុងភាពឯកោដូចអ៉ីរ៉ង់ដែរ ពិសេស បំផុតបណ្ដេញមិនឲ្យចូលក្នុងប្រព័ន្ធទូទាត់ជាប្រាក់ដុល្លារ។ យើងទុកឲ្យប្រទេសនិមួយៗជាអ្នកទទួលខុសត្រូវ។ បែបនោះជាការខ្ទប់ច្រមុះសេដ្ឋកិច្ចអ៉ីរ៉ង់ឲ្យថប់ដង្ហើម។ មិនត្រូវសាកល្បងនឹងឆន្ទៈរបស់យើងឡើយ ។
ចំណែកអ៉ីរ៉ង់វិញរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសនេះ លោកអាលីម៉ាដានីហ្សាដេហ៍អះអាងតាមទូរទស្សន៍រដ្ឋថា បណ្ដាការគំរាមកំហែងរបស់អាមេរិកបង្ហាញពីបរាជ័យថ្មីរបស់ក្រុងវ៉ាស៊ីនតោននិងថា ក្រុងតេហេរ៉ង់មានផែនការរយៈពេល២ឆ្នាំរបស់ខ្លួន ដើម្បីទប់ទល់នឹងទណ្ឌកម្មទាំងនោះ ។
ចំពោះចិនដែលជាដៃគូយុទ្ធសាស្ត្ររបស់អ៉ីរ៉ង់វិញ មុនសន្និសីទសារព័ត៌មានរបស់រដ្ឋមន្ត្រីរតនាគារអាមេរិកផងវាយតម្លៃថា បណ្ដាទណ្ឌកម្ម និងការគាបសង្កត់របស់អាមេរិក នឹងមិនអាចដោះស្រាយជម្លោះតំបន់បានឡើយ។ រីឯរដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកPETE HEGSETHវិញ អះអាងនៅមុខសារព័ត៌មានថា ការគាបសង្កត់ខាងសេដ្ឋកិច្ចនេះមិនមានន័យថា បញ្ចប់ការវាយប្រហារឡើយ ប្រសិនបើក្រុងវ៉ាស៊ីនតោនយល់ថាចាំបាច់។
ចំណុចស្នូលនៃជម្លោះ គឹយុទ្ធសាស្ត្រនៃច្រកសមុទ្រហ័រមូស។ អ៉ីរ៉ង់បដិសេធរាល់ការវិលត្រឡប់ទៅរកសភាពការណ៍ដូចកាលពីមុនសង្គ្រាមវិញនៅច្រកសមុទ្ទហ័រមូស ៕

ចែករំលែកព័តមាននេះ