រាជធានីភ្នំពេញ ៖ ក្មេងទំនើង២ក្រុមសុទ្ធតែស្រវឹង បានបើករថយន្តទំនើបប្រណាំងគ្នាជ្រុលចង្កូតទៅបុកផ្ទះលក់គ្រឿងបន្លាស់ម៉ូតូមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ សីហា ២០១១ បង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យរន្ធត់យ៉ាងខ្លាំង ព្រោះតែសុខៗ ស្រាប់តែរថយន្តបុកទម្លុះទ្វារលាន់គ្រាំង ហើយគ្រឿងបន្លាស់ម៉ូតូធ្លាក់លាន់ច្រាវ ចំណែកឯមនុស្សដែលកំពុងលង់លក់ភ្ញាក់បះសក់ក្រញាងព្រលឹងចុងសក់។
រថយន្តបង្កហេតុស៊េរីទំនើបម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2Q-9896 បើកបរដោយក្មេងទំនើងមិនស្គាល់អត្តសញ្ញាណ តែ គ្រាន់តែដឹងថា ជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូង គេបានឃើញរថយន្តម៉ាកហាយឡិនឌ័រ ២គ្រឿង គឺមួយគ្រឿងពណ៌ខ្មៅ និងមួយគ្រឿងទៀតពណ៌ស្ករ ក្នុង១គ្រឿងៗជិះគ្នា៤នាក់ បានបើកប្រណាំងគ្នាចេញពីផ្លូវលេខ៦០៨ លុះមកដល់ផ្លូវកែងលេខ៥៩៨ ចំណុចកើតហេតុ រថយន្តហាយឡិនឌ័រ ពណ៌ខ្មៅ បានេរចង្កូតទៅបុកផ្ទះលក់គ្រឿងបន្លាស់ម៉ូតូមួយកន្លែងយីហោជាង សាល បណ្តាលឱ្យខូចខាតសម្ភារមួយចំនួនធំ និងម៉ូតូ៣គ្រឿង ដែលដាក់នៅក្នុងផ្ទះនោះ ចំណែករថយន្តត្រូវបែកបាក់កាងមុខ និងដាច់កង់ក្រោយខាងឆ្វេងទៅមុខលែងរួច។
ក្រោយពីទទួលដំណឹងថា មានហេតុការណ៍រថយន្តប្រណាំងគ្នាភ្លូកចូលផ្ទះគេទាំងយប់បែបនេះ សមត្ថកិច្ចខណ្ឌសែនសុខ បានចាត់កម្លាំងចុះទៅធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ។ ពេលនោះ យុវជនទំនើងជាអ្នកបង្កហេតុ មានសភាពស្រវឹងធ្លាក់ភ្នែក ទន់.ករងៀក សមត្ថកិច្ចបានហៅពួកគេទៅកាន់អធិការដ្ឋានដើម្បីសាកសួរ ប៉ុន្តែពួកគេមិនព្រមទៅជាដាច់ខាត និងបែរជាចំអកឡកឡឺយ ដៀលត្មះដាក់ប៉ូលិសយ៉ាងផ្អែមមាត់ ដោយម្នាក់ៗយកឈ្មោះមន្ត្រីធំមកសម្អាងថាជាកូនអ្នកនេះ កូនអ្នកនោះ ក្មួយអ្នកនេះ ក្មួយអ្នកនោះ រួចហើយឡើងរថយន្តហាយឡិនឌ័រ ពណ៌ស្ករ គ្នាគេមួយគ្រឿងទៀតដែលមិនមានគ្រោះថ្នាក់ចេញទៅបាត់ ទុករថយន្តដែលខូចចោលនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះបានទាមទារឱ្យសងជំងឺចិត្តថ្លៃខូចខាតពីអ្នកបើកបររថយន្តបង្កហេតុចំនួន៣.៦០០ដុល្លារ ប៉ុន្តែមិនទាន់មានការព្រមព្រៀងយ៉ាងណានៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី១០ សីហា។ រថយន្តបង្កត្រូវនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំការដោះស្រាយពីភាគីទាំងសងខាង៕
ចែករំលែកព័តមាននេះ