ប៉េអឹមបញ្ជូនក្រុមចោរហារយចំនួន១១នាក់ទៅតុលាការពាក់ព័ន្ធនឹងអំពើ«ប្ល.ន់ និងបំ.ផ្លា.ញទ្រព្យ»អ្នកដទៃ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រុមចោរហារយវ័យក្មេងចំនួន១១នាក់ ក្នុងនោះ មានស្រីម្នាក់ផង ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿង «ប្លន់និងកាប់បំផ្លាញទ្រព្យអ្នកដទៃ» នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២២ សីហា ក្រោយបញ្ចប់ការសួរនាំ ។ នេះបើតាមព័ត៌មានពីមន្ត្រីជំនាញនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវប្រឆាំងបទល្មើសបានបង្ហាញអត្តសញ្ញាណក្រុមជនសង្ស័យវ័យឈាមរាវទាំង១១នាក់ ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី រួមមាន៖ ១-ឈ្មោះ អូន អេង ភេទប្រុស អាយុ១៦ឆ្នាំ នៅស្រុកសង្កែ ២-ឈ្មោះ ឈូ រ៉ាឆៃ ហៅហ្វុង ភេទប្រុស អាយុ១៦ឆ្នាំ នៅស្រុកបាណន់ ៣-ឈ្មោះ ពុធ រក្សា ភេទប្រុស អាយុ២២ឆ្នាំ នៅក្រុងបាត់ ដំបង ៤-ឈ្មោះ ឈូន រ៉ាយុទ្ធ ហៅប៊ួយ ភេទប្រុស អាយុ១៦ឆ្នាំ នៅក្រុងបាត់ដំបង ៥-ឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ នៅស្រុកបាណន់ ៦-ឈ្មោះ វណ្ណៈ គឹមហាក់ ភេទប្រុស អាយុ១៧ឆ្នាំ នៅស្រុកឯកភ្នំ ៧-ឈ្មោះ រ័ត្ន ធីធារី ហៅនិច្ច ភេទស្រី អាយុ១៧ឆ្នាំ នៅស្រុកបាណន់ (អ្នកជួលបន្ទប់ឲ្យក្រុមចោរស្នាក់នៅនិងលាក់វត្ថុតាង) ៨-ឈ្មោះ ទុំ ដាវិត ភេទប្រុស អាយុ១៦ឆ្នាំ នៅក្រុងបាត់ដំបង ៩-ឈ្មោះ បូរ វីរៈ ហៅ ជេម ភេទប្រុស អាយុ២០ឆ្នាំ នៅស្រុកសង្កែ ១០-ឈ្មោះ ខុម សុខេត ភេទប្រុស អាយុ១៧ឆ្នាំ នៅស្រុករតនមណ្ឌល និង១១-ឈ្មោះ ឈ្លាត ពិឈិត ភេទប្រុស អាយុ២១ឆ្នាំ នៅស្រុកឯកភ្នំ ។

លោក សូ ឌី បានបញ្ជាក់នៅក្នុងរបាយការណ៏ដដែលថា ក្រុមជនសង្ស័យវ័យក្មេងទាំង១១នាក់នេះ ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី ២០ និង ២១ សីហា ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត បន្ទាប់ពីទទូលបានបណ្ដឹងជនរងគ្រោះក្នុងអំពើ «ប្លន់ និងកាប់បំផ្លាញទ្រព្យអ្នកដទៃ» ក្រោមស្នាដៃក្រុមចោរហារយមួយសំបុកនេះ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ពួកជនអន្ធពាលមានប្រុស មានស្រីមួយក្រុមនេះ ប្រដាប់ដោយកាំបិតផ្គាក់ វែង.ខ្លី ដាវ និង ដែកបំពង់ទីប ស្ទើរក្រប់ដៃ បានធ្វើសកម្មភាពជិះម៉ូតូតាមកាប់ប្រហារអ្នកដំណើរមិនរើសមុខ ដែលភាគច្រើននៅពាក់កណ្ដាលអធ្រាត្រ ឬរំលងអធ្រាត្រ។ ក្រុមនេះ បានជីះម៉ូតូធ្វើសកម្មភាពជាក្រុមៗ ស្ទាក់កាប់«ប្លន់យកម៉ូតូ ឬ កាប់ម៉ូតូកម្ទេចចោល» បើគ្មានឱកាស«ប្លន់»យកបាន ។

ជាក់ស្ដែង ក្រុមចោរហារយនេះ បានធ្វើសកម្មភាពប៉ុន្មានលើកចុងក្រោយ នៅក្នុងទឹកដីក្រុងបាត់ដំបង នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ និងរំលងអធ្រាត្រថ្ងៃទី១៨ សីហា ដែលធ្វើឲ្យជនរងគ្រោះមួយចំនួនរងរបួស និងមួយចំនួនត្រូវបាត់បង់ម៉ូតូ ឬ ត្រូវក្រុមចោរដែលមានចរិតបែបទំនើងទាំងនេះកាប់កម្ទេចចោលតែម្ដង ។
លោក សូ ឌី បានបញ្ជាក់ថា ក្រុមក្មេងអន្ធពាលទាំងនេះ បានស្ទាក់កាប់អ្នកដំណើរពេលយប់មិនរើសមុខទេ ។ ពេលជួបនឹងស្ថានភាពដ៏គ្រោះថ្នាក់ដ៏សាហាវបែបនេះ ជនរងគ្រោះដែលដឹងខ្លួនមុនថា នឹងត្រូវក្រុមចោរជិះម៉ូតូដេញតាមពួកគេត្រូវបង្ខំចិត្ត
ផ្ដួលម៉ូតូចោលរត់គេចខ្លួនទាំងប្រផិតប្រផើយ ក្រោមផ្លែកាំបិត និង ដាវ របស់ពួកក្រុមក្មេងអន្ធពាល ដែលដេញតាមកាប់ប្រហារគ្មានត្រាប្រណី ។ លោកថា ជនរងគ្រោះខ្លះក៏រត់រួច ជនរងគ្រោះក៏រងរបួស ។ ចំពោះម៉ូតូវិញ ម៉ូតូជនរងគ្រោះខ្លះ ក៏ត្រូវក្រុមចោរវ័យឈាមរាវនេះ «ប្លន់យក» ប៉ុន្តែបើគ្មានឱកាស «ប្លន់»ទេ ក្រុមជនអន្ធពាលទាំងនេះនឹងកាប់កម្ទេរចចោលនឹងកន្លែងតែម្ដង។

លោក សូ ឌី បានបញ្ជាក់បន្ថែមថា ក្រុមនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានជាបន្តបន្តាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនសង្ស័យឈ្មោះ រ័ត្ន ធីធារី ហៅ និច្ច ភេទស្រី អាយុ១៧ឆ្នាំ ជាអ្នកជួលស្នាក់នៅ ។ មិនត្រឹមតែជួលស្នាក់នៅជាមួយគូស្នេហ៏ប៉ុណ្ណោះទេ នារីរូបនេះ ក៏បានផ្ដល់ជាទីតាំងជួយលាក់បំពួនក្រុមជនសង្ស័យ និងវត្ថុតាងនានា ដែល«ប្លន់» បានយកទៅលាក់ទុកនៅក្នុងបន្ទប់ជួលនោះថែមទៀតផង។ ហើយម្ដងម្កាលនារីវ័យក្មេងរូបនេះ ក៏បានចេញធ្វើសកម្មភាព«ប្លន់»ជាមួយសង្សារខ្លួនដែរ ។
ប៉ុន្តែយ៉ាងណា ពេលនេះ ត្រូវបានកម្លាំងជំនាញ ក្របួច.កបាន១១នាក់ហើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅសល់បក្សពួកប៉ុន្មានកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវរកមុខបន្តទៀត ៕







ចែករំលែកព័តមាននេះ