ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​ចំពោះ​ការ​រំ.លោ.ភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ ដោយ​បាន​សាងសង់​លេណដ្ឋាន​យោធា​ថ្មី​មួយ​ចំនួនទៀត

2 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ដោយ​ប្រទេស​ថៃ​ មក​លើ​អធិប​តេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​តាម​បណ្តោយ​ព្រំដែន ​។

ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៦ នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់​អាវុធ​ថៃ​បាន​បន្ត​ធ្វើការ​ឈូស​ឆាយ​ព្រៃ​ជា​បន្តបន្ទាប់ ដើម្បី​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ភាគ​ខាងជើង​នៃ​បង្គោល​ព្រំដែន​លេខ​១៤ ទៅ​កាន់​តំបន់​ភ្នំ​តា​ថុ​ង (​ភ្នំ​២៧៨)​ ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​២០ ខែ សីហា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្តសកម្មភាព​សាងសង់​ផ្លូវ​នៅ​ក្នុង​តំបន់​ខាងលើ ព្រមទាំង បាន​សាងសង់​លេណដ្ឋាន​យោធា​ថ្មី​ផង​ដែរ​ ។

នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​សាង​ស​ង់​លេណ​ដ្ឋាន​យោធា​ថ្មី​មួយ​ចំនួន នៅ​ភាគ​ខាងជើង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ ។ សកម្មភាព​ខាងលើ​នេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ជាក់ច្បាស់​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា អនុ​ស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា
ចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ ព្រះរាជា ណា​ចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និង​កំណត់​ខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ​២០០០ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈ កម្ម​ការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ជូន​គណៈ កម្ម​ការ​ចម្រុះ ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដើម្បី​បន្តការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម កិច្ចព្រមព្រៀង​ដែល​មាន ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ។

កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​​នូវ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯក​តោ​ភាគី​ដោយ​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ​នឹង មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ​ ។

រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​ទាំងនេះ ព្រមទាំង​គោរព​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​សម្រួល​ដល់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សំដៅ​ស្តារ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះ​ស្រា​យ​រាល់​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំង​អស់​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់ អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​​ខ្លួន​ថា ខ្សែ​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះ​ឡើយ​ ៕