បង្ក្រាបទាន់ពេល! ក្មេ.ង.ទំ.នើ.ង៣នាក់ត្រូវឃាត់ខ្លួន និងឱ្យធ្វើកិច្ចសន្យាអប់រំ ក្រោយបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅខេត្តកំពង់ស្ពឺ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន៣នាក់ ត្រូវបានកំលាងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្មេងទំនើងធ្វើសកម្មភាព បង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ។ ការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងបានធ្វើឡើង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួនក្រុមក្មេងទំនើង ក្រោយពីលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្ក្រាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ។ កន្លងទៅថ្មីៗនេះ ក្មេងទំនើងចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292 )ករណីបង្ហោះម៉ូតូតាមទីសាធារណៈ ដែលបង្កឲ្យប៉ះពាល់ដល់ប្រជពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។

មន្ត្រីកងរាវុធហត្ថក្រុងច្បារមនបាននិយាយឱ្យដឹងថា ក្រោយពីទទួលបានការតេប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ(Hotline 1292) លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការភ្លាមៗ ដើម្បីធ្វើការបង្ក្រាប និងឃាត់ខ្លួននូវក្មេងទំនើងដែលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងធ្វើឲ្យខូចធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់សណ្តាប់សង្គម ដែលក្មេងទំនើងទាំងនោះធ្វើសកម្មភាពកាលពីវេលាម៉ោង១១និង១០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនៅចំណុចដីឡូតិ៍ខាងលិចពន្ធនាគារ ស្ថិតភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានបន្តឲ្យដឹងទៀតថា ក្មេងទំនើងដែលបានឃាត់ខ្លួនចំនួន៣នាក់ ទី១-មានឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី២-មានឈ្មោះ សាត បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ និងទី៣-មានឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំមុខរបរនៅផ្ទះទាំង៣នាក់ រស់នៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមានៈ ម៉ូតូចំនួ១គ្រឿង ម៉ាកហុងដាប៊ីត( HONDA BEAT) ពណ៌ខៀវ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ GW-2892) , ទូរស័ព្ទដៃចំនួន៣គ្រឿងផងដែរ ។

មន្ត្រីកងរាវុធហត្ថក្រុងច្បារមនបានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា កោរសក់ក្បាល ក្រាបសំពះចំពោះមុខ ឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងអស់នេះ ដែលនាំឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ។

ចំណែកម៉ូតូមួយគ្រឿងដែលជាមធ្យោបាយរបស់ក្រុមក្មេងទំនើង ត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បណ្ដោះអាសន្នសិនរង់ចាំយកឯកសារមកពិនិត្យផ្ទៀងផ្ទាត់គ្រប់ចំនួនទើបប្រគល់ឲ្យយកទៅប្រើប្រាស់វិញ ៕



ចែករំលែកព័តមាននេះ