រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីបើកវប្បធម៌សន្ទនាជាមួយគ្រប់និន្នាការនយោបាយ ដើម្បីប្រយោជន៍ជាតិរួមគ្នា តែមិនជេរប្រទេចនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំថា កូនស្រីលោកកឹម សុខា គាត់មាននិន្នាការនយោបាយផ្សេង ហើយលូវគាត់ចូលមកធ្វើប្រេសិតពិសេសរបស់ខ្ញុំ ។ ខ្ញុំមិនបានតែងតាំងគាត់ជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល តែជាប្រេសិតដែលទីមួយ ដើម្បីមានទម្ងន់ក្នុងការទៅធ្វើការជាមួយគេនៅក្រៅប្រទេស ។

សម្តេចធិបតីបានបញ្ជាក់ថា ៖«គាត់ចង់ជួយយើងនៅក្នុងការងារទាក់ទងវិនិយោគបូកជាមួយព្រំដែន ។ នេះខ្ញុំបញ្ជាក់តែម្តងកុំឲ្យនិយាយថា គាត់មកធ្វើអី? គាត់ធ្វើការរឿងហ្នឹង ឥឡូវគាត់យកទំនាក់ទងជាជាងការស្រែកជេរបំផ្លាញកិត្តិយសជាតិយើង តែគាត់បែរជាយកពេលមកធ្វើការរួមគ្នា តើខ្ញុំមិនស្វាគមន៍យ៉ាងម៉េច? ហ្នឹងហើយគេហៅថា ស្មារតីនៅការវប្បធម៌សន្ននា និងការបង្រួបបង្រួមជាតិនោះ» ។ សម្តេចក៏បានលើកឡើងថា ខុសតែអ្នកខ្លះ ជេរតែយើង ខ្លះថា ផ្តាច់ការ បើកឲ្យគេចូលហើយសុទ្ធតែមានបញ្ហាហើយអស់ ហើយអ្នកហ្នឹងចូលធ្វើការជាមួយអ្នកផ្តាច់ការពិភពលោកនឹងចប់ហើយ ។ អ្នកនិយាយបែបនេះ គឺចប់តែគ្នាអ្នកឯងទៅ ។

នាឱកាសនេះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា មានបញ្ញាវន្តនៅក្រៅប្រទេស និងក្នុងប្រទេសច្រើន ដែលមិននៅក្នុងរដ្ឋាភិបាល ដែលចង់ជួយជាគំនិត និងយោបល់ ទៅលើប្រធានបទមួយចំនួន ដែលចាប់អារម្មណ៍ ហើយចង់ដឹងតើសម្តេចទទួលឬទេ?។ ក្នុងនោះ សម្តេចធិបតី បានបញ្ជាក់ច្បាស់ទៅនឹងសំនួរខាងលើថា សម្តេចមិនដែលមិនទទួលទេ បើមានហេតុផលត្រឹមត្រូវ កុំឱ្យតែជេរយកៗនោះ សម្តេចមិនស្តាប់ឡើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ វិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន មិនចាំបាច់ស្របទេ ហើយខ្ញុំចង់បាននូវចំណុចខ្វះខាត ដើម្បីពង្រឹង វាល្អជាងចំណុចស្រប ព្រោះចំណុចស្របខ្ញុំដឹងគោលនយោបាយខ្ញុំដាក់ ខ្ញុំដឹងទិសដៅ ហើយខ្ញុំក៏ចង់បានការវាយ តម្លៃមួយ ចឹងស្វាគមន៍ទាំងអស់» ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា ការអប់រំ ការបើកចិត្ត ការទទួលយក និងការគោរពគ្នាទៅវិញទៅ គឺជាកិច្ចការសំខាន់មិនថា នាយករដ្ឋមន្ត្រី ជាមួយ និងអ្នកស្រាវជ្រាវធម្មតាក៏ដោយ ៕
ចែករំលែកព័តមាននេះ