ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកាដែលគេយកប្លុងចោលជិតវត្តកំបូល ត្រូវបាន​លោកអធិ​ការ​នាំយកទៅសង្គ្រោះ មានសុខភាពល្អ ខណៈពលរដ្ឋខ្ទង់រយនាក់​សុំ​យកទៅចិញ្ចឹម

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជន​មិន​ស្គាល់​មុខ​បាន​យក​ទារិកា​ម្នាក់ ដែល​ទើប​កើត​ថ្មី​ៗ​ទៅ​ប្លុង​ចោល​នៅ​ជិត​វត្ត​កំ​បូល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​មើល ។ បន្ទាប់​មក​លោក​វរៈសេនីយ៍ឯក​ហុង ពិសិដ្ឋ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​ទីនោះ​ដោយ​ផ្ទាល់​រួច​បាន​នាំ​យក​ទារិកា​នោះ​ទៅ​ពិនិត្យ​និង​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ទាំង​យប់ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ជិត​វត្ត​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​មិន​បានដឹង​ថា ឪពុក​ម្ដាយ​របស់​ទារិកា​ខាងលើ​នោះ​គឺជា​នរណា​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​មូលហេតុ​អ្វី​ទើប​បានជា​បង្កើតកូន​មក​ហើយ​មិន​ចិញ្ចឹម​បីបាច់​ថែរក្សា​ឲ្យ​បាន​ធំធាត់​និង​គេ​ហើយ​បែរជា​យក​ទៅ​បោះចោល​បែប​នេះ​ទៅ​វិញ ។ ដោយឡែក​នៅ​ក្នុងភូមិ​របស់​ពួក​គាត់​កំពុង​រស់នៅ​នេះ​ពុំ​ឃើញ​មាន​ស្ត្រី​ណា​ម្នាក់​ទើប​និង​សម្រាលកូន និង​គួរ​ឲ្យ​សង្ស័យ​ថា​មាន​អ្នក​យក​កូន​ទៅ​បោះចោល​បែប​នេះ​ឡើយ ។ ពួក​គាត់​សង្ស័យ​ថា​ឪពុក​ម្ដាយ​ទារិកា​នេះ​ស្រលាញ់​គ្នា​ដោយ​លួចលាក់ ហើយ​បាន​ប្រព្រឹត្ត​ខុស​គន្លង​ប្រពៃណី​រហូត​មាន​ផ្ទៃពោះ និង​ដោយ​ខ្លាច​ខ្មាស​គេ ទើប​ពេល​កូន​កើតមក​យក​ទៅ​បោះចោល​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​នោះ​បាន​ប្រទះ​ឃើញ​ទារិកា​ទើប​និង​កើត​នេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​រុំ​ក្រណាត់​រួច​ប្លុង​ចោល ពេល​នោះ​ពួក​គាត់​ស្រែក​ប្រាប់​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ខាងលើ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កំ​បូល និង​នគរបាល​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​រក​ជន​ដែល​យក​ទារិកា​ទៅ​ប្លុង​ចោល​បែប​នេះ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​ៗ លោក​វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់ ។ បន្ទាប់​មក​លោក​អធិការ​បាន​បី​ទារិកា​ខា​លើ​ជិះ​រថយន្ត​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​កុមា​ជាតិ​ដើម្បី​ពិនិត្យ​និង​ថែទាំ​សុខភាព​ទាំង​យប់ ដោយ​មានការ​ទទួល​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ផង​ដែរ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា គិត​រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៦ ទារិកា​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​ដដែល ប៉ុន្តែ​មាន​សុខភាព​ល្អជា​ធម្មតា​ទេ ។ មិនតែប៉ុណ្ណោះ​មាន​ប្រជាពលរដ្ឋ​ខ្ទង់រយ​នាក់​ហើយ​បាន​ទំនាក់ទំនង​ទៅ​កាន់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​សុំ​យក​ទារិកា​នោះ​ទៅ​ចិញ្ចឹម ប៉ុន្តែ​នៅ​ពុំ​ទាន់​មានការ​សម្រេច​បែប​ណា​នៅឡើយ​ទេ ៕​