សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកទឹកមុនចូលគេង មិនមែនជារឿងអាក្រក់ទេ ប្រសិនបើផឹកក្នុងបរិមាណសមរម្យ។ ទឹកអាចជួយរក្សាជាតិទឹកក្នុងរាងកាយ និងកាត់បន្ថយអាការៈស្ងួតមាត់ ឬស្ងួតបំពង់កពេលភ្ញាក់ពីគេង។
អ្នកជំនាញណែនាំថា ប្រសិនបើចង់ផឹកទឹកមុនចូលគេង គួរផឹកប្រហែល ១–២ ម៉ោងមុនចូលគេង និងផឹកត្រឹមកន្លះកែវទៅ១កែវ។ វាអាចជួយឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ ដោយមិនរំខានដល់ដំណេកខ្លាំងពេក។
ការផឹកទឹកក្នុងបរិមាណសមរម្យក៏អាចជួយរក្សាសំណើមក្នុងរាងកាយពេញមួយយប់ និងអាចកាត់បន្ថយអារម្មណ៍ស្រេកទឹក ឬស្ងួតមាត់នៅពេលព្រឹក។
ទោះជាយ៉ាងណា ការផឹកទឹកច្រើនពេកមុនចូលគេង អាចធ្វើឱ្យភ្ញាក់ចូលបន្ទប់ទឹកជាញឹកញាប់ និងប៉ះពាល់ដល់គុណភាពដំណេក។ អ្នកដែលមានជំងឺតម្រងនោម ជំងឺបេះដូង បញ្ហាប្លោកនោម ឬមនុស្សចាស់ដែលងាយនោមពេលយប់ គួរប្រុងប្រយ័ត្ន និងពិគ្រោះជាមួយគ្រូពេទ្យអំពីបរិមាណទឹកដែលសមស្រប។
សរុបមក ផឹកទឹកមុនចូលគេងអាចមានប្រយោជន៍ ប្រសិនបើផឹកក្នុងបរិមាណសមរម្យ។ អ្វីដែលគួរជៀសវាងគឺការផឹកទឹកច្រើនភ្លាមៗមុនចូលគេង ព្រោះអាចរំខានដល់ការគេង៕
ចែករំលែកព័តមាននេះ