ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំហឹរ ពេលណាល្អ និងពេលណាគួរជៀសវាង ដើម្បីកុំឱ្យប៉ះពាល់សុខភាព?

1 ខែ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំអាហារហឹរក្នុងបរិមាណសមរម្យ អាចមានអត្ថប្រយោជន៍មួយចំនួន ដោយសារសារធាតុ Capsaicin ដែលផ្តល់រសជាតិហឹរ។ សារធាតុនេះអាចជួយជំរុញការរំលាយអាហារ និងការប្រើប្រាស់ថាមពល ព្រមទាំងមានលក្ខណៈប្រឆាំងការរលាក និងអុកស៊ីតកម្មមួយចំនួន។

ពេលវេលាដែលសមស្របសម្រាប់ញ៉ាំហឹរ គឺពេលថ្ងៃ ជាពិសេសអាហារថ្ងៃត្រង់ ព្រោះរាងកាយមានសកម្មភាពរំលាយអាហារល្អ។ គួរជៀសវាងការញ៉ាំហឹរនៅពេល ពោះទទេ ព្រោះអាចធ្វើឱ្យក្រពះរលាក ឈឺពោះ ឬក្រហាយទ្រូង។

ចំណែកការញ៉ាំហឹរ មុនចូលគេង ក៏មិនសូវត្រូវបានណែនាំដែរ ព្រោះអាចបង្កការក្រហាយទ្រូង អាស៊ីតក្រពះឡើង និងរំខានដល់ការគេង ជាពិសេសអ្នកដែលមានបញ្ហាអាស៊ីតក្រពះឡើង។

អ្នកដែលមាន ជំងឺក្រពះ អាស៊ីតក្រពះឡើង ឬបញ្ហារលាកពោះវៀន គួរកាត់បន្ថយអាហារហឹរ។ កុមារតូច ស្ត្រីមានផ្ទៃពោះដែលកំពុងចាញ់កូន និងអ្នកកំពុងស្តារខ្លួនពីជំងឺប្រព័ន្ធរំលាយអាហារ ក៏គួរប្រុងប្រយ័ត្នផងដែរ។

ដើម្បីញ៉ាំហឹរឱ្យមានសុវត្ថិភាព គួរចាប់ផ្តើមពីកម្រិតហឹរតិចៗ ញ៉ាំជាមួយបន្លែ និងប្រភពប្រូតេអ៊ីន ហើយសង្កេតប្រតិកម្មរបស់រាងកាយ។ ប្រសិនបើមានអាការៈឈឺក្រពះ ក្រហាយទ្រូង ឬរាគ គួរបញ្ឈប់ ឬកាត់បន្ថយការញ៉ាំហឹរ។

សរុបមក អាហារហឹរមិនមែនជាអាហារដែលត្រូវហាមទាំងស្រុងទេ។ គន្លឹះសំខាន់គឺ ​ញ៉ាំក្នុងបរិមាណសមរម្យ មិនញ៉ាំពេលពោះទទេ និងជៀសវាងមុនចូលគេង៕