សុខភាព៖ ការអង្គុយយូរនៅពេលល្ងាចអាចប៉ះពាល់ដល់សុខភាព និងការគេង។ ការសិក្សាតូចមួយពីសាកលវិទ្យាល័យ Otago ប្រទេសនូវែលសេឡង់ បានរកឃើញថា ការក្រោកធ្វើលំហាត់ប្រាណបែបពង្រឹងសាច់ដុំរយៈពេលខ្លីៗជាប្រចាំនៅពេលល្ងាច អាចជួយឱ្យគេងបានយូរជាងមុន។ នេះបើយោងតាមព័ត៌មានពី CNN។
ក្នុងការសិក្សា អ្នកចូលរួមបានធ្វើលំហាត់ប្រាណរយៈពេល ៣ នាទី រៀងរាល់ ៣០ នាទី ក្នុងរយៈពេល ៤ ម៉ោងនៅពេលល្ងាច។ លទ្ធផលបង្ហាញថា ពួកគេគេងបានជាមធ្យមប្រហែល ២៧,៧ នាទីបន្ថែម បើប្រៀបធៀបនឹងពេលអង្គុយជាប់រយៈពេលយូរ។ ការធ្វើលំហាត់ខ្លីៗនេះក៏មិនបានធ្វើឱ្យគុណភាពនៃការគេង ឬចំនួនដងភ្ញាក់កណ្តាលយប់មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ឡើយ។
លំហាត់ដែលអាចធ្វើបានរួមមាន អង្គុយ-ក្រោកពីកៅអី លើកកែងជើង ឬលើកជង្គង់នៅនឹងកន្លែង។ អ្នកក៏អាចជំនួសដោយដើរនៅនឹងកន្លែង វ៉ាល់ផុសអាប់ ឬលើកជើងទៅចំហៀងបានផងដែរ។ គោលការណ៍សំខាន់គឺធ្វើក្នុងកម្រិតស្រាលទៅមធ្យម មិនគួរហាត់ខ្លាំងរហូតធ្វើឱ្យបេះដូងលោតលឿន ឬរាងកាយក្តៅខ្លាំងមុនចូលគេង។
អ្នកស្រាវជ្រាវណែនាំឱ្យចាប់ផ្តើមចន្លោះម៉ោង ៤–៥ ល្ងាច ហើយបញ្ចប់យ៉ាងហោចណាស់ ១ ម៉ោងមុនពេលចូលគេង។ ការធ្វើចលនាខ្លីៗជាប្រចាំមិនត្រឹមតែអាចជួយដល់ការគេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយពេលអង្គុយយូរ និងអាចមានប្រយោជន៍ដល់សុខភាពបេះដូង និងការគ្រប់គ្រងជាតិស្ករក្នុងរាងកាយផងដែរ។
ទោះជាយ៉ាងណា ការសិក្សានេះមានអ្នកចូលរួមចំនួនតិច ដូច្នេះត្រូវការការស្រាវជ្រាវបន្ថែម។ ប្រសិនបើអ្នកមានបញ្ហាសុខភាព ឬមិនធ្លាប់ហាត់ប្រាណ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពជាមុន និងកែសម្រួលកម្រិតលំហាត់ឱ្យសមស្របនឹងសមត្ថភាពរបស់ខ្លួន៕
ចែករំលែកព័តមាននេះ