សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្ទឹមជ្រក់ដែលមនុស្សជាច្រើននិយមទទួលទានជាមួយអាហារ ហើយមានប្រភពមកពីខ្ទឹមសដែលសម្បូរទៅដោយសារធាតុមានប្រយោជន៍សម្រាប់រាងកាយ។ ខ្ទឹមសក៏ត្រូវបានដាក់ក្នុងបញ្ជីអាហារល្អបំផុតចំនួន ២០ របស់ BBC Good Food ក្នុងឆ្នាំ ២០២៣ ដោយស្ថិតនៅលំដាប់ទី៧ផងដែរ។
ខ្ទឹមសមានសមាសធាតុស្ពាន់ធ័រដែលត្រូវបានសិក្សាថា អាចជួយគាំទ្រសុខភាពបេះដូង ប្រព័ន្ធការពាររាងកាយ និងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ សារធាតុទាំងនេះក៏មានលក្ខណៈប្រឆាំងអុកស៊ីតកម្ម និងកំពុងត្រូវបានសិក្សាអំពីសក្តានុពលក្នុងការកាត់បន្ថយដំណើរការមួយចំនួនដែលពាក់ព័ន្ធនឹងការវិវត្តនៃកោសិកាមហារីក។
ទោះជាយ៉ាងណា ការញ៉ាំខ្ទឹមជ្រក់មិនគួរត្រូវបានចាត់ទុកថាជាវិធីព្យាបាលជំងឺ ឬការពារមហារីកដោយផ្ទាល់នោះទេ។ អត្ថប្រយោជន៍របស់វាគួរត្រូវបានមើលជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព និងចម្រុះ។
ជាមួយគ្នានេះ ការញ៉ាំខ្ទឹមជ្រក់ច្រើនពេកក៏អាចបង្កការមិនស្រួលដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសចំពោះអ្នកដែលមានក្រពះងាយរងការរលាក។ អ្នកដែលមានបញ្ហារាគ ឬប្រព័ន្ធរំលាយអាហារមិនប្រក្រតី ក៏គួរប្រុងប្រយ័ត្នចំពោះការទទួលទានខ្ទឹមក្នុងបរិមាណច្រើន។
ម្យ៉ាងទៀត ខ្ទឹមជ្រក់អាចមាន ជាតិសូដ្យូមខ្ពស់ អាស្រ័យលើវិធីជ្រក់ ដូច្នេះអ្នកដែលត្រូវកំណត់ការទទួលទានអំបិល គួរញ៉ាំក្នុងបរិមាណសមរម្យ។
សរុបមក ខ្ទឹមជ្រក់អាចជួយបន្ថែមរសជាតិ និងផ្តល់សារធាតុមានប្រយោជន៍មួយចំនួនដល់រាងកាយ ប៉ុន្តែគួរទទួលទានក្នុងបរិមាណសមរម្យ។ អាហារដែលល្អសម្រាប់សុខភាព មិនមែនមានន័យថា ញ៉ាំកាន់តែច្រើននឹងកាន់តែល្អនោះទេ៕
ចែករំលែកព័តមាននេះ