សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព ប្រសិនបើផឹកក្នុងបរិមាណសមរម្យ ប៉ុន្តែ មិនគួរយកកាហ្វេមកជំនួសទឹកសាបទេ។ ជាពិសេស អ្នកដែលផឹកកាហ្វេ ៦–៧ កែវក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាចប្រឈមនឹងផលប៉ះពាល់ពីជាតិកាហ្វេអ៊ីនខ្ពស់។
ជាតិកាហ្វេអ៊ីនអាចជំរុញប្រព័ន្ធប្រសាទ ធ្វើឱ្យបេះដូងលោតលឿន និងសម្ពាធឈាមកើនឡើងជាបណ្តោះអាសន្ន។ ប្រសិនបើផឹកច្រើនជាប្រចាំ អាចប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម ជាពិសេសចំពោះអ្នកមានជំងឺបេះដូង ឬលើសសម្ពាធឈាម។
កាហ្វេដែលមិនបានចម្រោះ ដូចជាកាហ្វេបែបហ្វីន ក៏មានសារធាតុដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ុល LDL ឬកូឡេស្តេរ៉ុលអាក្រក់ ប្រសិនបើទទួលទានក្នុងបរិមាណច្រើន។
លើសពីនេះ ការផឹកកាហ្វេច្រើន ជាពិសេសនៅពេលល្ងាច ឬយប់ អាចរំខានដល់ការគេង ព្រោះជាតិកាហ្វេអ៊ីនអាចប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដំណេករបស់រាងកាយ។ ការគេងមិនគ្រប់គ្រាន់ជាប្រចាំ ក៏អាចប៉ះពាល់ដល់សុខភាពបេះដូង និងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។
សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ជាទូទៅគួរកំណត់ជាតិកាហ្វេអ៊ីន មិនឱ្យលើសប្រហែល ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃ ហើយអ្នកមានជំងឺបេះដូង ឬលើសសម្ពាធឈាម គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពអំពីបរិមាណសមស្រប។
គន្លឹះសំខាន់៖ គួរផឹកកាហ្វេនៅពេលព្រឹក ឬដើមរសៀល និងជៀសវាងផឹកនៅពេលល្ងាច។ ទោះផឹកកាហ្វេប៉ុណ្ណាក៏ដោយ ទឹកសាបនៅតែជាភេសជ្ជៈសំខាន់សម្រាប់ការរក្សាជាតិទឹកក្នុងរាងកាយ ហើយមិនគួរត្រូវបានជំនួសដោយកាហ្វេឡើយ៕
ចែករំលែកព័តមាននេះ