រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តម៉ាកហ៊ីណូ របស់កងដឹកជញ្ជូន M កិនស្លាប់នៅនឹងកន្លែង ខណៈពេលដែលជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AL-1573 មួយគ្រឿងបានបើកជ្រុលចង្កូតទៅបុករថយន្តនោះ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៩ សីហា ២០១១ នៅមុខវិទ្យាល័យជា ស៊ីម សាមគ្គី ស្ថិតនៅតាមផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះដែលស្លាប់នេះឈ្មោះភឿង សុឃីម ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូ SL ពណ៌ទឹកប្រាក់ បានធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។ មកដល់ចំណុចមុខវិទ្យាល័យជា ស៊ីម សាមគ្គី ដែលជាផ្លូវកោង ក៏បានជ្រុលចង្កូតទៅបុករថយន្តដឹកទំនិញរបស់កងដឹកជញ្ជូន M បើកបញ្ច្រាសទិសគ្នាពេញទំហឹង ហើយរថយន្តបានបើកកិនទាំងម៉ូតូ និងអ្នកបើកបរក្រោមកង់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ហើយភ្លាមនោះអ្នកបើកបរបានគេចខ្លួនបាត់ ៕
ចែករំលែកព័តមាននេះ