ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីអះអាងថាទាហានកូរ៉េខាងជើង៥ម៉ឺននាក់ត្រៀមដាក់ពង្រាយនៅលើទីតាំងសំខាន់ៗនៃប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ហេតុនេះ លោកសូមអំពាវនាវឱ្យកូរ៉េខាងត្បូងផ្ដល់ប្រព័ន្ធការពារដែនអាកាសសម្រាប់អ៊ុយក្រែន។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាកូរ៉េខាងជើងបានសម្រេចបញ្ជូនកងទ័ពពី៣ម៉ឺនទៅ៥ម៉ឺននាក់ទៅរុស្ស៊ី។ ចំនួននេះច្រើនជាងតួលេខប៉ាន់ស្មានកាលពីខែកក្កដាដែលថាមានបីម៉ឺននាក់នោះទៅទៀត។ លោកនិយាយកាត់ៗតែត្រឹមនេះដោយមិនបរិយាយលម្អិតថាតើលោកបានព័ត៌មានសម្ងាត់នេះមកពីណាទេ។ លោកថ្លែងបន្តទៀតថាគេបានរកឃើញគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនៅលើទឹកដីអ៊ុយក្រែន។ ប៉ុន្តែលោកសូមមិនបង្ហាញទីតាំងទាំងនោះទេ។

លោកថ្លែងថាកូរ៉េខាងជើងច្បាស់ណាស់នឹងបន្តដកពិសោធពីសង្គ្រាមសម័យទំនើប (ដែលកំពុងប្រព្រឹត្តទៅនៅអ៊ុយក្រែន), បន្តទទួលបានអាជ្ញាប័ណ្ណពីរុស្ស៊ី និងបន្តទទួលបានគ្រឿងបរិក្ខារយោធាគ្រប់ប្រភេទពីរុស្ស៊ី។ លោកក៏ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអ៊ុយក្រែន និងកូរ៉េខាងត្បូងនៅក្នុងវិស័យដែលអ៊ុយក្រែនកំពុងត្រូវការបំពេញចំណុចខ្វះខាត។ លោកចង់និយាយសំដៅទៅលើប្រព័ន្ធការពារដែនអាកាស។ យើងត្រៀមសហការគ្នាខាងការផលិតដ្រូន និងវិស័យដទៃទៀត។ ក្រុមអ្នកការទូតអ៊ុយក្រែនកំពុងទាក់ជាមួយកូរ៉េខាងត្បូងដើម្បីពន្លឿនកិច្ចព្រមព្រៀង។

លោកពូទីន និងលោកគីមជុងអ៊ុនបានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមកកាលពីខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះ មានចំណុចមួយនិយាយអំពីការជួយទំនុកបម្រុងគ្នាទៅវិញទៅមកបើភាគីហត្ថលេខីណាមួយជាប់ដៃធ្វើសង្គ្រាម។ ចាប់ពីពេលនោះមក កូរ៉េខាងជើងបញ្ជូនកងទ័ព១៤០០០នាក់ទៅតំបន់ខឺសដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីទីនោះ និងជួយឱ្យរុស្ស៊ីដណ្ដើមបានទឹកដីរបស់ខ្លួនត្រឡប់មកវិញ។ នៅខែសីហានេះ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនម្នាក់ទទួលបន្ទុកខាងស៊ើបការណ៍សម្ងាត់ប្រាប់ថាកងឯកភាពមីស៊ីលរបស់កូរ៉េខាងជើងចាប់ផ្ដើមដាក់ពង្រាយនៅប្រទេសរុស្ស៊ីភាគខាងលិចដោយបំពាក់មីស៊ីលផ្លោង១២០គ្រាប់ និងជើងទម្រ៦គ្រឿងដើម្បីត្រៀមវាយប្រហារអ៊ុយក្រែន។

រុស្ស៊ីកំពុងសម្រុកវាយប្រហារអ៊ុយក្រែនដោយឥតបន្ធូរដៃទេព្រោះដឹងថាអ៊ុយក្រែនកំពុងតែទន់ដៃទន់ជើងដោយសារខ្វះខាតមីស៊ីលការពារដែនអាកាសរបស់អាមេរិកម៉ាកផេទ្រាតសម្រាប់ទប់ទល់នឹងមីស៊ីលរបស់រុស្ស៊ី។ កូរ៉េខាងជើងបន្តផ្គត់ផ្គង់រាប់លានគ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់ទៅឱ្យរុស្ស៊ី។ មិនតែប៉ុណ្ណោះ ប្រទេសនេះក៏ផ្ដល់ឱ្យផងដែរនូវមីស៊ីលផ្លោង, ជើងទម្របាញ់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងជើងទម្របាញ់កាំជ្រួចហ្វូង។ នេះបើយោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងក្រុមអ្នកវិភាគឯករាជ្យ។ អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសរុស្ស៊ី និងក្រសួងការបរទេសកូរ៉េខាងត្បូងដើម្បីស្នើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះ។ ប៉ុន្តែពួកគេមិនបានឆ្លើយតបទេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ