ទីក្រុងយេរូសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលនៅថ្ងៃនេះប្រកាសបដិសេធមិនទទួលយកជាដាច់ខាតនូវផែនការសន្តិភាព១៥ចំណុចដែលផ្ដួចផ្ដើមឡើងដោយលោកដូណាល់ត្រាំ។ ក្នុងនោះមានការបន្តអនុវត្តផែនការដំណាក់កាលបន្ទាប់។ អ៊ីស្រាអែលដាក់លក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់ថាក្រុមហាម៉ាស់ត្រូវតែកាត់រំសាយអាវុធទាំងស្រុងជាមុនសិនមុននឹងអ៊ីស្រាអែលចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនពីតំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ប្រកាសថាអ៊ីស្រាអែលសូមច្រានចោលផែនការទាំង១៥ចំណុចនោះ។ លោកថ្លែងដូច្នេះនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ។ លោកសង្កត់ធ្ងន់ថាយោធាអ៊ីស្រាអែលនឹងមិនដកចេញពីហ្កាហ្សាទេលុះត្រាតែក្រុមហាម៉ាស់យល់ព្រមទម្លាក់អាវុធចុះដោយសុទ្ធចិត្ត។ អ៊ីស្រាអែលនឹងបន្តចាត់វិធានការទប់ទល់នឹងការគំរាមកំហែងទៅលើយោធា និងប្រជាជនរបស់ខ្លួន។

នៅពេលលោកនិយាយអំពីការទម្លាក់អាវុធរបស់ហាម៉ាស់ មានន័យថាទាំងអាវុធធុនធ្ងន់ អាវុធធុនស្រាល និងអាវុធគ្រប់ប្រភេទត្រូវតែទម្លាក់ទាំងអស់។ យើងនិយាយអំពីការទម្លាក់អាវុធដ៏ពិតប្រាកដមួយ មិនមែនគ្រាន់តែទម្លាក់អាវុធឱ្យតែល្អមើលប៉ុណ្ណោះទេ។ ដរាបណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដរាបនោះគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនជាដាច់ខាត មិនថាបង្កើតនៅតំបន់ហ្កាហ្សា ឬវេសស្បេងនោះឡើយ។ ខាងលើនេះជាប្រសាសន៍របស់លោកណឺតាន់យ៉ាហ៊ូ។

សូមរំលឹកថាកាលពីចុងខែកក្កដា លោកដូណាល់ត្រាំបានប្រកាសនូវអ្វីដែលលោកពិពណ៌នាថាជាកិច្ចព្រមព្រៀងសំខាន់ជាប្រវត្តិសាស្ត្រដើម្បីធានាថាក្រុមហាម៉ាស់ និងចលនាប្រដាប់អាវុធទាំងអស់នៅហ្កាហ្សាត្រូវតែទម្លាក់អាវុធចុះ។ ហាម៉ាស់ប្រកាសថាខ្លួនយល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងនេះលុះត្រាតែអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការវាយប្រហាររបស់ខ្លួន ហើយដកកងទ័ពចេញពីតំបន់លឿងជាមុនសិនដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់កាលពីខែតុលា៕ ប្រភព៖ CNN

ចែករំលែកព័តមាននេះ