ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា Frigate 622 របស់កម្ពុជាបានចេញបេសកកម្មលើកដំបូងនៅដែនសមុទ្រ

3 ថ្ងៃ មុន

នាវា Frigate 622 ដែល​កម្ពុជា​បាន​ដាក់​ឈ្មោះ​ថា កោះកុង​សែន​ជ័យ ដែល​ទើបតែ​ទទួល​បាន​នា​ពេល​ថ្មី​ៗ​នេះ​បាន​ចេញ​បេស​កម្ម​ដំបូង​បំផុត​របស់​ខ្លួន ។

ក្រសួងការពារជាតិ បាន​អះអាង​ថា កោះកុង​សែន​ជ័យ បាន​ចេញ​បេស​កម្ម​ហ្វឹកហាត់ ល្បាត​ក្នុង​ដែនសមុទ្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ០៨ ខែសីហា ឆ្នាំ​២០២៦ កន្លង​ទៅ ។

បេស​កម្មនេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​សម្តេច​ពិជ័យ​សេនា នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ។

សម្តេច​ពិជ័យ​សេនា បាន​មាន​ប្រសាសន៍​ថា សម្តេច​ពិតជា​រំភើប និង​មាន​មោទនភាព​ដែល​បាន​ចុះ​មក​ត្រួតពិនិត្យ និង​បានឃើញ​ការ​ហ្វឹកហ្វឺន​របស់​នាវិក​កម្ពុជា នៃ​កងទ័ពជើងទឹក ដែល​មាន​នាវា ដ៏​ទំនើប​មួយ​នេះ ។

កោះកុង​សែន​ជ័យ ជា​នាវាចម្បាំង​ពេញ​និយម ដែល​កងទ័ពជើងទឹក​របស់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​លើ​ផ្ទៃ​ទឹក ។ នាវា​នេះ​ជា​ប្រភេទ​នាវាចំបាំង​មាន​ខ្នាត​តូច​ជាង​នាវាចម្បាំង​ដទៃ ប៉ុន្តែ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បត់បែន​ទិស​ដៅ​ចរ​បាន​ឆាប់រហ័ស ។

កោះកុង​សែន​ជ័យ មាន​នាទី​ចម្បង​ក្នុង​ការ​ការពារ​ក្រុម​នាវាចម្បាំង​ទាំងមូល ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នឹង​នាវាមុជទឹក ដោយ​មាន​ប្រព័ន្ធ​សម្រាប់​ចាប់​វត្ថុ​ផ្សេង​ៗ​ដែល​នៅ​ក្រោម​បាត​នាវា ។ នាវា​នេះ​ក៏​អាច​ដឹក​ឧទ្ធម្ភាគចក្រ​ដែល​មាន​មុខងារ​សម្រាប់​ចាប់​សញ្ញា​នាវាមុជទឹក​សត្រូវ​ពីលើ​អាកាស​បន្ថែម​ពី​ប្រព័ន្ធ​ចាប់​សញ្ញា​ពិសេស​របស់​ខ្លួន ។

កោះកុង​សែន​ជ័យ មាន​នាទី​បន្ទាប់បន្សំ​លើ​ការ​ការពារ​ផ្នែក​អាកាស​ពី​ការ​វាយប្រហារ​របស់​យន្តហោះ​ចម្បាំង ក្នុង​ចម្ងាយ​ខ្លី​ដោយ​ប្រើ​ប្រព័ន្ធ​កាំភ្លើង និង​ជានា​វា​ដែល​មាន​បំពាក់​កាំភ្លើង​ចន្លោះ ពី​២៤​ទៅ​៥៦​ដើម ។ ក្រៅពី​មុខងារ​ការពារ និង​ប្រឆាំង​កោះកុង​សែន​ជ័យ ក៏​មាន​នាទី​ដឹក​ជញ្ជូន​ផង​ដែរ ។ នាវា​ប្រភេទ​នេះ​ជា​ទូទៅ​អាច​ផ្ទុក​ទម្ងន់​បាន​៣០០០​តោន ៕